កម្សាន្ត | December 05, 2018

ពីគូប្រជែង​លើវិថី​ចម្រៀង ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត មក​ចាប់​ដៃ​បើក​ជំនួញ​រួ​ម​គ្នា​ជិត ២០​លានដុល្លារ

 

គ្មានអ្នកណា​​មិនដឹង​នោះ​ទេថា តារា​ចម្រៀង​ល្បីល្បាញ​លោក ព្រាប សុវត្ថិ និង​លោក​ខេមរៈ សិរីមន្ត ត្រូវ​គេ​​ប្រដូច​​ជា​ខ្លា​​ឈ្មោល​​លើ​​​ទ្រនំ​​ហង្សមាស​​តែ​មួយ​ ដែល​មិនត្រឹម​តែ​មានអ្នក​យល់​ថា​តារា​ទាំងពីរ​ឈរនៅ​​លើ​មាគ៌ាប្រកួត​​ប្រជែង​​គ្នា​ទាំង​សិល្បៈ និងជីវិត​ឯកជន​នោះទេ។  សូម្បីតែ​​អ្នក​គាំទ្រ​​របស់​​តារា​ទាំង​​ពីរ​ក៏​​កាច់​​កុង​គ្នា ដើម្បី​​លើក​​ស្ទួយ​តារា​​របស់ពួក​គេ​រៀងៗ​​ខ្លួន។

 

 

យ៉ាង​ណា​​ក៏​​ដោយ​​អ្នក​ទាំង​​ពីរ​បែរ​​ជា​ធ្វើ​​អោយ​​​ទស្សនិក​ជន​​មាន​​ការ​ភ្ញាក់​​ផ្អើល ​បន្ទាប់​​ពី​មាន​​ដំណឹង​​ថា​តារា​​ទាំង​ពីរ​​ដួង​​បាន​ចំណាយ​​ទុន​ច្រើន​​លាន​ដុល្លារ​​បើក​​ជំនួញ​​រួម​​គ្នា ​​រាប់​លាន​ដុល្លារ​​លើជំនួញ​​អចលនទ្រព្យ​​ដែល​នេះ​​គឺ​ជា​​ដំណឹង​​បិទ​​បញ្ចប់​​ចំពោះ​​ការ​យល់​​ថា​​នៅ​ខាង​​ក្រៅ​ឆាក​​អ្នក​​ទាំង​​ពីរ​មិន​​សូវ​ចុះ​​សម្រុង​​នឹងគ្នា។

 

 

តាម​​ការ​​ឱ្យ​ដឹង​​ពី​លោក ឡេង ណាវ៉ាត់ត្រា ជា​ម្ចាស់​​ផលិតកម្ម Galaxy និងជា​​អ្នក​ជំនួញ​​ដី​ធ្លី​ម្នាក់​​ធ្លាក់​​ចូល​ហ៊ុន​រក​​ស៊ី​ជា​​មួយ​តារា​​ល្បី​ឈ្មោះ​​ទាំង​ពីរ​​ដួង​​បាន​ អះ​អាង​​ថា លោកព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត ក្រោយ​​ពី​ទទួល​​បាន​​ជោគ​ជ័យ​​ក្នុង​​គម្រោង​​ដី​ធ្លី​ពុះ​ឡូតិ៍​​លក់​រៀង​​ខ្លួន​ អ្នក​ទាំង​ពីរ​បាន​​សម្រេច​ចិត្ត​​បោះ​ទុន​​រួម​គ្នា​​តែ​មួយ​​ជា​មួយ​​​ក្រុមហ៊ុន​ ឡេងណាវ៉ាត់ត្រា តែម្ដង ដោយ​​គម្រោ​ង​ថ្មី​នេះ ​គឺ​ធំ​ជាង​​គម្រោង​​មុនៗ​ទ្វេរ​​ដង ហើយ​​សម្រាប់​​ដើម​ទុន​​ក៏​មិន​​តិច​​ជាង​​២០​​លាន​ដុល្លារ។

 

 

លោក ឡេង ណាវ៉ាត់ត្រា បញ្ជាក់​ថា​​អ្នក​​ទាំង​ពីរ​ មិន​​ត្រឹម​តែ​​បើក​​គម្រោង​​ថ្មី​ពុះ​លក់​​ដីឡូតិ៍​​ប៉ុណ្ណោះ​​ទេ។ ប៉ុន្តែ​​ក៏​បាន​​ចាយ​ទុន​​សង់​វីឡា​​ដាក់​លក់ ​ដែល​​នេះ​គឺ​​ជា​គម្រោង​​មហា​សេដ្ឋី ​ដែល​​មិន​ធ្លាប់​​មាន​​សម្រាប់​​តារា​ចម្រៀង​​នៅ​ក្នុង​​ពិភព​​សិល្បៈ។

 

 

ម្ចាស់​​ផលិត​កម្ម Galaxy សង្កត់​ធ្ងន់ថា​ ទាំង​លោក ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត និង​លោក​​ផ្ទាល់​​សុទ្ធតែ​​រំពឹង ព្រម​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឱ្យ​ជំនួញ​​រក​ស៊ី​រួម​គ្នា​នេះ​​ឱ្យ​កាន់​​តែ​រីក​ចម្រើន​​ទៅ​មុខ។ តាម​​រយៈ​កេរ្តិ៍ឈ្មោះ​​ល្បីល្បាញ​​រៀងៗ​​ខ្លួន​​​លោក ឡេង ណាវ៉ាត់ត្រា ជឿជាក់​​ថា​ការ​ចាប់​ដៃ​​រួម​គ្នា​​នាពេល​នេះ​​នឹង​​ទទួល​​បាន​ផ្លែផ្កា​​ខ្ពស់​​នាពេល​​ខាង​មុខ។

 

 

លោក​បាន​​បន្ថែម​​ថា​គម្រោង​ លោក ព្រាប សុវត្ថិ និង​លោក​ខេមរៈ សិរីមន្ត រួមគ្នានោះ ស្ថិតនៅ​ម្ដុំព្រៃ​ទទឹង​លើផ្លូវជាតិ​លេខ៣​ក្បែរៗ​គម្រោង​ចាស់ ប៉ុន្តែ​​ជា​គម្រោង​​សង់​វីឡា និង​ពុះឡូតិ៍រួម​គ្នា ដោយ​គ្រាន់​​តែ​ដើម​​ទុន​​គឺ​យ៉ាង​​ហោច​​ក៏​២០លាន​​ដុល្លារ ដោយ​​មិន​ទាន់​​បញ្ចូល​​​ការ​ចំណាយ​លើ​​ហេដ្ឋារចនា​សម្ព័ន្ធ​​ផ្សេងៗ និង​​ចំណាយ​​បន្ទាប់​​បន្សំ​​ដែល​​មើល​​មិន​​ឃើញ​នោះ​​ផង។

 

 

អ្វីដែលសំខាន់​គឺគម្រោង​ធំនេះ មានដី​រហូត​ដល់ជាង​៥០ហិកតា ហើយ​​ប្រើ​​ទុន​ខ្ពស់ ដែល​​លោក​​បាន​ហៅ​​ការ​ចូល​​ហ៊ុន​របស់​​លោក ព្រាប សុវត្ថិ និង​លោក ខេមរៈ សិរីមន្ត ជាមួយ​នឹង​​លោក​​រួមគ្នា​​​ជា​ បី​ហ៊ុន​​នា​ពេល​​នេះ​ថា​ ជា​ការ​​ជួយ​​ដំណើរ​​ការ​បើក​​ជំនួញ​​ដីធ្លី​របស់​​លោក​​ដើរ​​លឿន។

 

 

កំពូល​តារា​​ចម្រៀង​​លោក ព្រាប សុវត្ថិ និង​​តារា​​ចម្រៀង​លោក ខេមរៈ សិរីមន្ត គឺ​ជា​​តារា​ចម្រៀង​​​ល្បី​ឈ្មោះ​​ខ្លាំង​​ដូច​​គ្នា​ ដោយ​​ម្នាក់ៗ​មាន​​អ្នក​គាំទ្រ​​ច្រើន ព្រម​​ទាំង​​មាន​​បទ​ចម្រៀង​​ល្បីៗ​ជា​ច្រើន​​ជា​ពេញ​​និយម​​សម្រាប់​​ទស្សនិក​ជន។ តារាល្បី​​ឈ្មោះ​​ទាំង​ពីរ​​ដួង ទើប​តែ​​ប្រឡូក​​ចូល​វិស័យ​​ជំនួញ្ញ​​ដី​ធ្លី​រៀងៗ​ខ្លួន​​​កាលពីពេល​​ថ្មី មុន​​ពេល​​ចាប់​ដៃ​​រក​ស៊ី​រួម​​គ្នា​ជាង ២០​លាន​​ដុល្លារ​​នាពេល​​នេះ៕

មតិយោបល់

អត្ថបទពេញនិយម