កម្សាន្ត | November 08, 2018

លៀក លីដា៖ “កូនក្រក” អាច​នឹង​ធ្វើ​ឱ្យ​ភាពស្ងប់ស្ងាត់​ទីផ្សារ​ភាពយន្ត​បច្ចុប្បន្ន​បានរស់​រវើក​ឡើង​វិញ

 

ផលិតករ និង​ជា​​​ចាហ្វាង​​ផលិត​កម្ម LD Picture លោក​ លៀក លីដា បាន​​ជឿថា​​ស្នាដៃ​​ថ្មី​​​ប្រកប​​ដោយ​​គុណ​ភាព​​គឺ​រឿង ”កូន​ក្រក” ពិត​​ជា​អាច​​ទាក់​ទាញ​​ចំណាប់​អារម្មណ៍​​អ្នក​ទស្សនា​​បាន។ ពិសេស​​ភាពស្ងប់​ស្ងាត់​​នៃ​​អ្នក​​ទស្សនា​​ភាពយន្ត​​ខ្មែរ​នា​​ពេល​​បច្ចុប្បន្ន​​កំពុង​​ធ្លាក់​​ចុះ​​ខ្លាំង​។

 

 

ផលិតករ​ល្បី​​ឈ្មោះ​រូប​នេះ​​មាន​​ជឿ​ដូច្នេះ ព្រោះ​​តែ​រឿង​ ”កូន​ក្រក” ជា​​សាច់​​រឿង​​ថ្មី​មួយ​​មាន​​ភាព​ប្លែក​​ពី​ស្នាដៃ​​មុនៗ​​របស់​​ផលិត​កម្ម​​ខ្លួន ហើយ​​អ្វី​ដែល​​អាច​​ធ្វើ​ឱ្យ​​ទាក់​ទាញ​​​បំផុត​សម្រាប់​​អ្នក​​ទស្សនា គឺ​រឿង​​រាវ​ទាក់ទង​​នឹង​​ប្រវត្តិ​​កូន​​ក្រក ដែល​​ប្រជាជន​​ខ្មែរ​​មាន​​ជំនឿ​​ជា​យូរ​​មក​ហើយ។ ជា​ពិសេស​ កាល​ពី ១៩​ឆ្នាំ​មុន​​ដែល​​ល្បី​មេចោរ​​ចាប់​​ជំរិត​ឈ្មោះ​ រ៉ា​ស្មាច ប្រើប្រាស់​​កូន​ក្រក​​ដ៏​ល្បីល្បាញ​​មួយ​​នេះ។

 

 

លោក​បាន​​បញ្ជាក់​ថា​៖ ”​យើង​​សង្ឃឹមៗ​ថា មហាជន​នឹង​​ចូល​រួម​​គាំទ្រ​ហើយ​​វិភាគ​​ទៅ​​លើ​ការ​​ផលិត​​របស់​យើង។ មាន​​ន័យ​ថា​​យើង​​មិនបាន​​ព្រងើយ​កន្តើយ សម្ងំ​​ឱ្យ​ភាព​យន្ត​​ខ្មែរ​យើង​​ធ្លាក់​​ចុះ​ទេ។ យើង​​ព្យា​យាមគ្រប់​​មធ្យោបាយ​​ដើម្បី​​ឱ្យ​ភាព​យន្ត​​យើង​​រីក​ចម្រេីន​​ទៅ​មុខ”។

 

 

លោក លៀក លីដា បន្ត​ថា ដោយ​​សារ​តែ​​ភាព​ស្ងប់ស្ងាត់​​ទីផ្សារ​​អ្នក​​ទស្សនា​​ភាពយន្ត​​​ខ្មែរ​​មួយ​​រយៈ​​ចុង​​ក្រោយ​​នេះ​​ហើយ ទើប​​ផលិត​កម្ម​លោក​​តែង​​រិះរក​​គ្រប់​​មធ្យោបាយ​​ដើម្បី​ធ្វើ​យ៉ាង​​ណា រក​គន្លឹះ​​ថ្មីប្លែក អាច​​ឱ្យ​អ្នក​​ទស្សនា​​​ភាព​យន្ត​ខ្មែរ​​ងាក​​មក​​គាំទ្រ​ឡើង​​វិញ​​សម្រាប់​​វិស័យ​​ភាព​យន្ត​​ខ្មែរ។

 

 

ទន្ទឹម​​នឹង​​ការរំពឹង​​ថា​​ស្នាដៃ​​ថ្មី​​គឺ​រឿង ”កូន​ក្រក” ដែល​​ចូល​រួម​​សម្ដែង​​ដោយ​​តារា​ល្បីៗ​​នា​នា​ពិត​​​ជា​អាច​​បំបែក​​​ភាព​​ស្ងប់​ស្ងាត់​​នៃ​ទី​ផ្សារ​​អ្នក​​ទស្សនា​​បាន។ លោក លៀកក លីដា នៅ​តែ​​ទទូច​​ឱ្យ​ទស្សនា​​ខ្មែរ បន្ត​​ជួយ​​គាំទ្រ​​ភាពយន្ត​របស់​​ជាតិ ដែល​​ជា​ការ​​ជំរុញ និង​​ជួយ​​លើក​​កម្ពស់​​ភាពយន្ត​​ខ្មែរ​ឱ្យ​មាន​​កម្រិត​​ខ្លាំង​​ឡើង​វិញ។

 

 

ក្នុង​​ផលិត​ករ​នា​នា​មិន​​បាន​​នៅ​ស្ងៀម​​នោះ​​ទេ​​សម្រាប់​​ស្វែង​រក​​អ្វី​ជា​​ការ​ចង់​​បាន​​របស់​​អ្នក​​ទស្សនា​ ក្នុង​​សម័យ​​បច្ចេក​វិទ្យា​​នេះ។ តួយ៉ាង​​ដូច​ជា​​​រឿង"កូន​ក្រក" នេះ​​ទស្សនា​​បាន​​ទស្សនា​​ហើយ ប្រាកដ​​ជា​​ប្លែក​អារម្មណ៍។

 

 

លោក​បាន​​សង្កត់​​ធ្ងន់​ថា៖ ”យើង​​គិត​ថា​​វា​ប្លែក​​សម្រាប់​​ទស្សនិក​ជន ព្រោះ​យើង​​លើក​​យក​​សាច់​រឿង​កូនក្រក​មក​​បក​ស្រាយ​​ដើម្បី​​ឱ្យ​ទស្សនិក​ជន​​បាន​​ដឹង​ថា​​កូនក្រក​ពិត​ជា​​មាន​មែន​​ឬ​អត់ ហើយ​​មាន​​បារមី​​ដូច​ជា​​ការ​លើក​​ឡើង​​ឬយ៉ាង​​ណា”។

 

 

ភាពយន្ត​រឿង​ ”កូន​ក្រក” គឺ​ជា​​ស្នាដៃ​​ថ្មី​មួយ​​ទៀត​​សម្រាប់​​ផលិត​កម្ម LD Picture បន្ទាប់​​ពី​ទទួល​​បាន​ជោគជ័យ​​ជា​បន្ត​បន្ទាប់​​នា​ពេល​​កន្លង​​មក។ ភាពយន្ត​នេះ​នឹង​​មាន​​វត្តមាន​​​ផ្លូវការ​​នៅ​​តាម​​រោង​ភាព​យន្ត​​ទំនើប​នានា ទាំង​នៅ​​ភ្នំពេញ និង​​ខេត្ត សៀមរាប ចាប់​​ពី​ថ្ងៃ​ទី៩ ខែវិច្ឆកា ឆ្នាំ​​២០១៩​​នេះ​​តទៅ៕

 

 

មតិយោបល់

អត្ថបទពេញនិយម