កម្សាន្ត | November 07, 2018

គួរសរសើរ នូ សុភេន បណ្ដុះកូនអោយប្រឡូកសិល្បៈបុរាណទាំងវ័យក្មេង

 

ខណៈដែល​មនុស្ស​ច្រើន​ឡើង​មិនសូវ​អោយ​តម្លៃ​លើ​សិល្បៈ​ទម្រង់​បុរាណ និង រឹតតែ​មិនចង់​អោយ​ដំណក់​ឈាម​របស់​ខ្លួន ក្លាយ​ជាសិល្បករ​ផ្នែក​បុរាណ ដែល​ត្រូវគេ​ដឹងថា​មិន​សូវមាន​ចំណូល និង​មិនមាន​ទីផ្សារ​នោះ លោក នូ សុភេន អ្នក​ច្នៃសំលៀក​បំពាក់​បុរាណ និង​ជាអនុប្រធាន​នាយ​កដ្ឋាន​ផលិត​កម្មវិធី​ប្រចាំ​ទូរទស្សន៍​អប្សរា បែរជា​ជំរុញ​អោយ​ចូលប្រឡូក​ផ្នែក​សិល្បៈ​បុរាណ​តាំង​ពីក្មេង​តែម្ដង។

 

 

លោកបញ្ជាក់យ៉ាងខ្លីថា បើកូនអ្នកមានសុទ្ធតែចង់ប្រឡូកតែមុខជំនាញរកលុយបាន ចុះមុខជំនាញសិល្បៈបុរាណ តើអ្នកណាអ្នកស្នង ហើយតែអាចឬទេ ដែលសិល្បៈមួយនេះ ត្រូវគេយល់ថាលុះត្រាតែកូនអ្នកអត់ កូនអ្នកគ្មានជម្រើសទើបចូលរៀននៅសាលាវិចិត្រសិល្បៈ ឬទេ?

 

 

លោកបាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​ថា​«ថ្ងៃ​ដំបូង​របស់​កូន​ស្រី ក្នុងការ​សិក្សា​ផ្នែក​របាំ​បុរាណ​របស់​ជាតិ​យើង ប៉ាម៉ាក់​ជឿថា​កូន​អាច​ធ្វើ​បាន​គ្រប់​យ៉ាង ប៉ាម៉ាក់​តែង​ទន្ទឹង​រង់​ចាំកូន​ចម្រើន​វ័យ​គ្រប់​ដើម្បី​បាន​ចូលរៀន​ជំនាញ​នេះ ជូន​ពរកូន​ស្រី បាន​សម្រចក្តី​ស្រលាញ់​របស់​កូន ដែលជា​ក្តីស្រមៃ​ដ៏ធំ​បំផុត​របស់​ប៉ា។ សំផល កន្និដ្ឋារ័ត្ន ជា​បេះដូង​របស់​ប៉ាម៉ាក់»។

 

លោក​បាន​បន្តទៀត​ថា ហេតុផល​ដែល​លោក​សម្រេច​ចិត្ត​អោយ​កូនស្រី​ចូល​សិក្សា​លើ​មុខ​ជំនាញ​នេះ គឺដើម្បីរួម​ចំណែក​លើក​ស្ទួយ​សិល្បៈ​បុរាណ ហើយ​លោក​កាន់តែ​មានអារម្មណ៍​សង្វេគ​ដែល​មុខ​វិជ្ជា​សិល្បៈ​បុរាណ នៅក្នុង​សាលា​វិចិត្រ​សិល្បៈ ស្ទើរតែ​គ្មាន​សិស្ស​ចាប់​អារម្មណ៍ ដោយ​កូនៗអ្នក​មាន​គឺរឹតតែ​មើល​រំលង។

 

 

លោកថាខ្លួន​មិនខ្វះ​លទ្ធភាព​អោយ​កូន​សិក្សា​លើមុខ​វិជ្ជាល្អៗ​នោះទេ ប៉ុន្តែ​បណ្ដាល​មក​ពី​ស្រឡាញ់​តាំង​ពីកូន​ស្រី​មិន​ទាន់​គ្រប់​អាយុ​ចូល​រៀន​របាំបុរាណ និង​ដោយសារ​តែ​ចង់ញញាក់​អារម្មណ៍​ថា មុខវិជ្ជា​នេះ​គឺ​សំខាន់​សម្រាប់​ជាតិ​សាសន៍​មួយ​ដែល​មាន​វប្បធម៌​ផូរ​ផង ទើប​លោក​សម្រេច​ចិត្តអោយ​ចូល​សិក្សា។

 

 

ជាមួយនឹង​ការសម្រេច​ចិត្តរបស់​លោក ធ្វើ​អោយ​ម្នាក់ៗ​មាន​ការកោត​សរសើរ​មិន​តិច​ទេ ដោយសារ​តែលោក​ត្រូវគេ​ដឹងថា​មាន​លទ្ធភាព​គ្រប់​អោយ​កូនសិក្សា​លើ​មុខ​វិជ្ជា​ដែលមនុស្ស​ភាគច្រើន​និយម​ហៅថា​មុខ​វិជ្ជា​កើប​លុយ និង​កើប​ឱកាស ប៉ុន្តែ​លោក​បែរជា​បណ្ដុះ​គំនិត និង​ជំរុញ​អោយ​កូនស្រី​របស់​ខ្លួន​សិក្សា​របាំបុរាណ​ទាំង​ដឹងថា​អ្នក​ជំនាញ​នេះច្រើន​នាក់ មិន​ត្រូវបាន​ទទួល​ការលើក​ស្ទួយ ឬហៅ​យ៉ាង​ខ្លីថា ក្រោយ​ពីចេះ​ស្ទាត់​គឺគ្មាន​ទីផ្សារ​ទូលំ​ទូលាយ៕

មតិយោបល់

អត្ថបទពេញនិយម