កម្សាន្ត | October 25, 2018

ក្រោយបាត់មុខ​ជាង ១០​ឆ្នាំ​អតីតផលិតកម្មល្បី​ឈ្មោះ ខេមប្រូ វិល​ចូល​វិស័យ​ភាពយន្ត​ជាថ្មី

 

អតីត​ផលិត​កម្ម​​ល្បី​​ឈ្មោះ ខេមប្រូ ដែល​​បច្ចុប្បន្ន​ប្ដូរ​​មក​ជា​​ផលិត​កម្ម ឯកភ្នំ ផ្ដើម​​ហក់​​ចូល​​វិស័យ​​ភាពយន្ត​​ជា​ថ្មី ដោយ​​បង្ហាញ​​ស្នា​ថ្មី​​គឺ​រឿង​ "កូនអើយ ម្ដាយ​​ខ្មោច"​​ក្រោយ​​បាត់មុខ​​ពី​ការ​​ផលិត​​ភាព​យន្ត​​ជាង ១០​​ឆ្នាំ​មក។

 

 

លោក ហេង តុលា ផលិតករ និង​​​ជា​ម្ចាស់​​​ផលិត​​កម្ម ឯក​​​ភ្នំ​​និយាយ​​​ថា កត្តា​​​នាំ​​​ឱ្យ​​​ផលិត​​កម្ម​​​លោក​​​ផ្ដើម​​​បោះ​​​ជំហាន​​​ជា​ថ្មី​​​លើ​វិស័យ​​​ភាព​យន្ត ក៏ព្រោះ​​តែ​​​ចង់​​លើក​​​កម្ពស់​​​ភាព​​យន្ត​ខ្មែរ ព្រម​​ទាំង​​​ការ​រីក​​​ចម្រើន​ជា​ខ្លាំង​​​នា​​មួយ​​រយៈ​​​ចុង​​​ក្រោយ​​​នេះ។

 

 

“យើង​បាន​ផ្អាក​មួយ​រយៈព្រោះ​តែ​បញ្ហា​មួយ​ចំនួន ហើយ​ការ​ត្រឡប់​មកជា​ថ្មី​ដោត​ប្ដូរ​ឈ្មោះ​ផលិតកម្ម​ពី ខេមប្រូ មកជា​ឯកភ្នំព្រោះ​យើង​ចង់​តាំង​ចិត្ត​ថា យើង​នៅ​តែពុះពារ​ដើម្បី​វិស័យ​សិល្បៈ​យើង​រីក​មច្រើន”។

 

 

លោក ហេង តុលា បន្ត​ថា ភាពយន្ត​ខ្នាត​ធំ​រឿង​ ”កូនអើយ​ម្ដាយ​ខ្មោច” ទើប​​សម្ពោធ​​ចាក់​​​បញ្ចាំង​​កាល​ពី​​យប់​​នេះ គឺ​ជា​​ភាព​យន្ត​​មួយ​​ដែល​​ផលិត​កម្ម របស់​លោក​​សម្រិត​សម្រាំង​ជា​​ខ្លាំង​​ទាំង​​គុណភាព​រឿង និង​​បច្ចេក​ទេស។ ក្នុង​នោះ​​រឿង​នេះ គឺ​ជា​រឿង​​​ពិត​​កើត​​ឡើង​​តាំង​ពី​ឆ្នាំ​​១៨០០​​មក​​ម្ល៉េះ ពោល​គឺ​ស្ថិត​​ក្នុង​​សម័យ​​លង្វែក​​ឯណោះ។

 

 

ផលិតករពោរពេញ​​ដោយ​​បទ​ពិសោធន៍​​លើ​វិស័យ​​ភាពយន្ត​រូប​​នេះ បង្ហាញ​​ជំនឿ​​ជាក់​​ខ្ពស់​​ថា ស្នាដៃ​​​ដែល​​​ផលិត​កម្ម​​លោក​​ផ្ដើម​​ធ្វើ​ជា​ថ្មី​គឺ​​អាច​​ក្រសោប​​ការ​គាំទ្រ​​ពី​​ទស្សនិកជន បើ​ទោះ​​ជា​​បច្ចុប្បន្ន​​ទីផ្សារ​​អ្នក​​ទស្សនា​​ខ្មែរ​​ហាក់​​ធ្លាក់​​ចុះ​​បន្តិច​ក្ដី។

 

 

ផលិត​កម្ម ឯក​ភ្នំ ពី​មុន​​ជា​ផលិត​កម្ម ខេមប្រូ គឺ​មាន​​ឈ្មោះ​​បោះ​សំឡេង​​ខ្លាំង​​អំឡុង​​ឆ្នាំ​​២០០៤​​ដល់ ឆ្នាំ​​២០០៧ ក្នុង​នោះ​​ស្នាដៃ​​មួយ​​ចំនួន​​ត្រូវ​​ប្រទេស ថៃ​ទិញ​​យក​​ទៅ​ចាក់​​បញ្ចាំង​ទៀត​ផង។ យ៉ាង​​ណា​ការ​​ធ្លាក់​​ចុះ​នៃ​​ភាពយន្ត​​ខ្មែរ​ធ្វើ​​ឱ្យ​​ផលិត​កម្ម​​នេះ​​ផ្អាក​​ការ​​ផលិត​​មួយ​​រយៈ ដោយ​​ទើប​​តែ​ផ្ដើម​​ផលិត​​ឡើង​​វិញ​​កាល​​ពី​​ឆ្នាំ​​២០១៧ និង​​ទើប​​បញ្ចាំង​​ក្នុង​​ឆ្នាំ​​២០១៨​នេះ​​តែ​​ប៉ុណ្ណោះ៕

 

 

មតិយោបល់

អត្ថបទពេញនិយម