កម្សាន្ត | October 17, 2018

Mario និង Mai Davika ចាប់ដៃគូក្នុងរឿងភាគថៃ «ស្នេហ៍ពីរភព»

 

រឿងភាគថៃ «ស្នេហ៍ពីរភព» ឬ «Buang Bunjathorn» ដែល​ទទួល​បាន​ការគាំទ្រ​កាល​ពីឆ្នាំ​២០០២ ត្រូវបាន​អ្នក​និពន្ធ​លើក​យក​មក​ផលិត​ថ្មីនិង​បានចាក់​ផ្សាយ​នៅ​ប៉ុស្តិ៍លេខ​៣ថៃ​កាល​ពីចុង​ឆ្នាំ​២០១៧ ហើយ​រឿង​មួយនេះ​នឹង​ត្រូវមាន​វត្តមាន​នៅ​ប៉ុស្តិ៍​ភីអិនអិន​ក្នុង​ខែ​តុលា​នេះ​ហើយ។

 

រឿង «ស្នេហ៍ពីរភព» កាលពី​ឆ្នាំ​២០០២ ត្រូវបាន​សម្តែង​ដោយ​តារា​ជើង​ចាស់ Phim និង Chakrit ដែល​កាលណោះ​រឿង​មួយនេះ​ចាត់ទុក​ថា​ជារឿងដែល​ស្ថិតក្នុង​ចំណោម​រឿងភាគ​ល្បីៗ​ប្រចាំ​ឆ្នាំ២០០២​ផងដែរ។

 

 

ដោយឡែក​នៅចុង​ឆ្នាំ​២០១៧ រឿង​មួយនេះ​បាន​មានវត្តមាន​សារជា​ថ្មីម្តង​ទៀត​នៅលើ​ប៉ុស្តិ៍លេខ​៣ថៃ​ដោយ​ដំណែង​តួឯក​ក្នុងរឿង​នេះគឺ Mario និង Mai Davika អម​ដោយ​តារាល្បីៗ​ជាច្រើន​ផ្សេង​ទៀត​ដូចជា Prang, Panjan និង Sara ជាដើម។​

 

រឿង «ស្នេហ៍ពីរភព» គឺជារឿង​សម័យ​លាយ​បុរាណ និង មាន​អភិនិហារ​កើតឡើង​ចំពោះ​តួឯកស្រី​មាន​ឈ្មោះ​ថា ប្រែនួន (Mai Davika) ដែល​បានរៀប​ការ​ជាមួយ​ខេត (Panjan) ប៉ុន្តែ​មិនត្រូវ​បាន​ទទួល​ការយល់​ព្រម​ពីម្តាយ​របស់​ប្រែនួន​ឡើយ។ ដំបូង​ឡើយ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ទាំងពីរ​នាក់​ពិត​ជាទទួល​បាន​សុភមង្គល តែ​បន្ទាប់ពីរៀបការ​បាន​ពីរឆ្នាំ​ខេត ក៏ចាប់​ផ្តើម​មានស្រី​ផ្សេង​ដែល​ជាលេខា​របស់​ខ្លួន និង​បានធ្វើ​អោយ​ប្រែនួន​ខកចិត្ត​យ៉ាងខ្លាំង​រហូត​ដល់ថ្នាក់​សុំខេត​លែងលះគ្នា​តែខេត​មិន​យល់​ព្រមឡើយ​ព្រោះ​គេនៅ​តែ​ស្រឡាញ់​ប្រែនួន។

 

ប្រែនួនបន្ទាប់ពីខក​ចិត្តយ៉ាង​ខ្លាំង​ក៏បាន​រត់ទៅ​នៅផ្ទះ​របស់​ឪពុក​នាងដែល​បាន​ចែក​អោយ​នៅ​ឈៀងរ៉ៃ ហើយ​ក៏បាន​ប្រទះ​ឃើញ​គ្រែមួយ​ដែល​មាន​ចម្លាក់​ស្រស់​ស្អាត ក៏​អោយអ្នក​ចាត់​ការក្នុង​ផ្ទះរៀប​ចំ​អោយ។ គ្រែ​មួយនេះ​មាន​អាថ័ន​ដែល​អាច​នាំនាង​ទៅ​កាន់​សម័យ​សង្គ្រាម​លោក​លើកទី២​នៅ​ក្រុងវាង​ឃិន​ដែល​បាន​កើតឡើង​ប្រមាណ​ជាជិត​មួយ​រយឆ្នាំ​មុន និង​បានអោយ​នាងជួប​ជាមួយ​ឡៅពើង (Mario) ដែល​ជាគូព្រេង​របស់​នាង។ ​

 

 

រឿងរ៉ាវជាច្រើន​បានកើត​ឡើង​នៅក្នុង​សម័យ​នោះ និង​បានធ្វើ​អោយ​នាង​ចង់ដឹង​ថា​មាន​រឿងអ្វី​កើត​ឡើង​ខ្លះ? ជារៀងរាល់​ពេល​ដែលនាង​បាន​គេង​លើគ្រែ​នោះ អាថ័ន​គ្រែតែងតែ​នាំ​នាងទៅ​កាន់​សម័យ​អតីតកាល រហូត​ទាល់តែ​មានអ្នក​ដាស់​ទើប​នាង​អាចត្រឡប់​មក​កាន់​បច្ចុប្បន្ន​កាល​វិញ។

 

អំឡុង​ពេលដែលនាង​បានទៅ​កាន់​សម័យ​បុរាណ នាងក៏​បាន​លង់​ស្រឡាញ់​គ្នា​ជាមួយ​ឡៅពើង​ដែល​ជាប្រមុខ​រដ្ឋគ្រប់​គ្រង​ទីក្រុង​វាងឃិន។ តើស្នេហា​ឆ្លងភព​នេះ​មាន​ឧបសគ្គដែរទេ? តើ​ចុងក្រោយ​ពួកគេ​អាច​បាន​ជួបគ្នា​ដែរទេ?

 

សូមកុំភ្លេចរង់ចាំ​តាមដាន​ទស្សនារឿង «ស្នេហ៍ពីរភព» ចាក់ផ្សាយ​ចាប់ពីថ្ងៃទី​២២ ខែតុលា ឆ្នាំ២០១៨ រៀងរាល់​ថ្ងៃ​ចន្ទ-សុក្រ វេលា​ម៉ោង ៦:០០-៧:០០យប់ បន្ទាប់​ពីរឿង ​ដែន​ដី​ជំរុំចិត្ត៕

 

ទស្សនាឈុតខ្លី៖

 

មតិយោបល់

អត្ថបទពេញនិយម