កម្សាន្ត | October 17, 2018

ធ្លាប់តែឃើញតារាស្រី Ice សម្តែងជាតួសុភាពតែពេលសម្តែងជាតួចរឹតប្រុសក៏មិនអន់ដែរ

 

តារាសម្តែង​ស្រីរបស់​ប៉ុស្តិ៍លេខ​៣ថៃ Ice កន្លង​មក​ធ្លាប់​តែ​សម្តែង​ជាតួ​សុភាពៗ តែ​សម្រាប់​រឿង «ច្រឡំស្នេហ៍» ឬ Rakkan Tanlawan នាងត្រូវ​បាន​អ្នកដឹក​នាំ​រឿង​តម្រូវអោយ​សម្តែង​ជាតួ Tomboy ទៅវិញ ​តែទោះ​បី​ជាបែប​ណា​ការ​សម្តែង​ជាតួ​Tomboy​ គឺជារស​ជាតិ​ថ្មីមួយ​សម្រាប់​នាង និង​មិន​ចាញ់គ្នា​ពេលដែល​នាង​សម្តែង​ជាតួស្រី​សុភាពៗដែរ។

 

 

រឿង «ច្រឡំស្នេហ៍» គឺជារឿង​បែប​កំប្លែង មនោ​សញ្ចេតនា ដែល​តួឯក​សម្តែង​ដោយ Ice (Tul) ចាប់ដៃ​គូសម្តែង​ជាមួយ ​Nine (Meth) និង​តម្រូវ​អោយ Ice សម្តែងជាតួ​Tomboy ដែល​ធ្លាប់​បានបែក​បាក់​ស្នេហា​ជាមួយ​ស្រីៗ​ចំនួន​បីនាក់​ក្នុង​រយៈ​ពេលត្រឹម​តែបី​ឆ្នាំ។ ការបែក​បាក់​ស្នេហានេះ ​បាន​ធ្វើអោយ Tul ខ្លាច​រអារនិង​ចង់​ក្លាយ​ជា​មនុស្ស​ស្រីដែល​មាន​ភាព​ទាក់​ទាញ និង​ចង់បាន​សង្សារ​ដែល​ជា​មនុស្​សប្រុសវិញម្តង។

 

 

មនុស្សប្រុស​ដំបូង​ដែល​នាងបាន​លង់ស្រឡាញ់​គឺ Suphanut (Daew) ប៉ុន្តែ​នាងត្រូវ​បាន​ខកបំណង​ម្តងទៀត​ដោយ​សារ​តែ​ Suphanut មាន​សង្សាររួច​ទៅ​ហើយ។ Tul គឺជាបុគ្គលិក​នៅ​សួន​សត្វមួយ​កន្លែង​ចៃដន្យ​កន្លែង​ដែល​នាង​ធ្វើការ CEO​នៅទី​នោះ​(Meth) គឺជា​មនុស្ស​ដែល​នាងធ្លាប់​បាន​ស្គាល់​ពីមុន​មក ប៉ុន្តែ​ស្គាល់​ក្នុង​កាលៈទេសៈ​មួយ​ដែលមិនសូវ​ជាល្អ​ប៉ុន្មាន​ព្រោះតែ​Tul​ធ្លាប់​បាន​ដណ្តើម​សង្សារពី​Meth​ពេល​ដែល​ទៅរៀន​នៅ​ឯក្រៅប្រទេស។

 

 

មូលហេតុនេះ​ហើយទើប​ធ្វើអោយ​ពួកគេ​ទាំងពីរ​នាក់​មិន​សូវជា​ត្រូវ​គ្នា​ប៉ុន្មាន​ឡើយ។ ការឈ្លោះ​ប្រកែក​គ្នានេះ​យូរៗ​ទៅបាន​ធ្វើអោយ​កម្លោះ​សង្ហារ Meth តាំង​ចិត្តថា​នឹង​តាមស្រឡាញ់​Tomboy​ដូចជា​Tul​អោយទាល់​តែ​បាន។ តើការតាំង​ចិត្តរបស់​Meth​អាចយក​ឈ្នះចិត្ត Tul បានដែរទេ? តើការ​កែប្រែ​ធម្មជាតិ​ខ្លួន​ជាស្រី​ចិត្ត​ជាប្រុស​នេះ​អាច​ទៅរួច​ដែរទេ?

 

 

រឿង «ច្រឡំស្នេហ៍» ចាប់ផ្តើម​ចាក់ផ្សាយ​ចាប់ពីថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១២:០០-១៣:០០ថ្ងៃ រៀងរាល់​ថ្ងៃចន្ទ-សុក្រ បន្ទាប់​ពីរឿង «ស្នេហ៍​ក្នុង​ភ្លើង​គំនុំ»៕

មតិយោបល់

អត្ថបទពេញនិយម