កម្សាន្ត | October 17, 2018

ភីអិនអិនរៀបចំពិធីក្រុងពាលីដំណើរការថតរឿងភាគខ្មែរថ្មីមួយរឿងទៀតហើយ

 

នៅព្រឹកថ្ងៃទី១៧ ខែ​តុលា​នេះ នៅស្ថានីយ​ទូរទស្សន៍​ភីអិនអិន​មាន​រៀបចំ​ពិធី​ក្រុង​ពាលី​ដំណើរ​ការថត​រឿង​ភាគខ្មែរ​ថ្មីមួយ​រឿង​ទៀត​ហើយ​គឺរឿង «តួគេ ខ្ញុំសម្តែង» ក្រោមការនិពន្ធ និង​ដឹកនាំ​ដោយ​លោក​ស្រី ពាន់ ភួងបុប្ផា និង​បាន​ប្រគល់​សិទ្ធទៅ​អោយ​ផលិត​កម្ម Power Film Production។

 

 

រឿង «តួគេ ខ្ញុំសម្តែង» មាន​ការចូលរួម​សម្តែង​ទាំង​តារា​ជំនាន់​ចាស់ និង​ជំនាន់ថ្មី​ជាច្រើន​រូប​ដូចជា លោក អេតវីន កញ្ញា មុន្នី វិច្ឆរ៉ា លោក សុភ័ក្រ្ត រិទ្ធ កញ្ញា សូដា ​នីតា លោក សេង រតនៈ  កញ្ញា ឃីម ឈុន​សុធារ៉ា កញ្ញា វណ្ណៈបរមី រួម​និងតារា​សិល្បៈ​ជាច្រើន​រូប​ទៀត។

 

 

សម្រាប់​ការជ្រើស​រើស​យក​រឿង «តួគេ ខ្ញុំសម្តែង» មក​ចាក់​ផ្សាយ​នៅ​ប៉ុស្តិ៍​ភីអិនអិន​នេះ​ដែរ ត្រូវបាន កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់គ្រង​កម្មវិធី​ផ្សាយ​នៃ​ស្ថានីយទូរទស្សន៍​ភីអិនអិន​ពន្យល់​ថា៖ «ចំពោះរឿង តួគេ ខ្ញុំសម្តែង​នេះ គឺជារសជាតិ​ថ្មីមួយ​បែប​ទៀត ដែល​បាន​បង្ហាញ​ពី​មនោ​សញ្ចេតនា ស្នេហា វាយប្រហារ ច្រណែន​ឈ្នានីស​រួម​បញ្ចូល​គ្នា ជាពិសេស​គឺបាន​បង្កប់​នូវសារ​អប់រំ​ដល់​សង្គម​គ្រួសារ ដោយ​តួអង្គ​ប្រុស​គឺជា​បងប្អូន​ភ្លោះ ម្នាក់​មាន​វាសនា​បាន​ទៅរស់​នៅ​ក្នុង​រាជវាំង និង​ម្នាក់ទៀត​រស់នៅ​ក្នុង​គ្រួសារ​អ្នកក្រ។

 

 

តួអង្គប្រុស​ដែលរស់​នៅក្នុង​គ្រួសារអ្នក​ក្រ ព្រោះតែជីវិតខ្លួន​កំព្រា​គ្មាន​ទីពឹង ត្រូវតស៊ូ​ដើម្បី​អនាគត ខុស​ពីគ្រួសារ​អ្នក​មាន​ទ្រព្យ មានអ្វីៗ​គ្រប់តែ​ដោយ​សារ​ភាព​អាត្មានិយមរៀងៗ​ខ្លួន ធ្វើ​អោយគេ​បាត់បង់​នូវក្តី​ស្រលាញ់ ការអត់​អោន និងយោគ​យល់​គ្នា​ក្នុង​គ្រួសារ ទីបញ្ចប់​រូបគេ​ជាអ្នក​ផ្សះផ្សា​ទំនាស់​គ្រួសារ​នេះ ដោយ​ប្រើនូវ​អំពើ​ល្អ ចិត្តមេត្តា និងសេចក្តី​ព្យាយាម​របស់​គេ។

 

 

មិនត្រឹមតែបង្កប់​ន័យ​អប់រំ​ក្នុង​គ្រួសារ​និងសង្គម​ប៉ុណ្ណោះទេ រឿង​មួយនេះ​អ្នក​និពន្ធរបស់​យើង ស្លៀត​បញ្ចូល​​នូវវប្បធម៍របស់​ខ្មែរ​ ដោយ​តម្រូវ​អោយ​តួអង្គប្រុស​ដើរ​តួជា​អ្នក​លេងល្ខោន»។

 

 

កញ្ញាបន្តថា​ «រឿង តួគេ ខ្ញុំសម្តែង ហាក់​មាន​ការលំបាក​ក្នុងការ​ផលិត​ជាងរឿង​មុនៗ ដោយ​សារតែ​មាន​ឈុត​ធំៗ​ច្រើន និងមាន​តួថ្មីៗ​ច្រើន​ចូលរួម​សម្តែង ដោយ​ត្រូវ​ចំណាយពេល ធ្វើ​ការហាត់​សមយូរ ប៉ុន្តែ​ភីអិនអិន​មាន​ភាពជឿជាក់​លើ​ស្នាដៃ​និពន្ធនិង​ដឹកនាំ​ការ​សម្តែង​របស់​អ្នក​ស្រីពាន់ ភួងបុប្ផា ដោយ​សារ​តែអ្នក​ស្រី​គឺជាអ្នក​និពន្ធ និង​ដឹក​នាំរឿង​ជើងចាស់ និងបាន​ដាក់ក្តី​រំពឹង​ថា​អាច​ទទួល​បាន​អ្នក​គាំទ្​រច្រើន»។ 

 

 

រឿង«តួគេ ខ្ញុំសម្តែង» ជឿជាក់​ថានឹង​ទទួល​បាន​ការគាំទ្រពីសំណាក់​ទស្សនិកជន មិនចាញ់​រឿងភាគ​ខ្មែរ​មុនៗ រទៅ​ដោយ​ឈុត​ឆាកប្លែកៗ រួម​ជាមួយ​សមត្ថភាព​របស់​តួអង្គនីមួយៗ​ដែលត្រូវ​បាន​ឆ្លងកាត់​ធ្វើតេស​ការសម្តែង​​យ៉ាង​សម្រិត​សម្រាំង​បំផុត។

 

 

ភីអិនអិនមិន​ត្រឹមតែ​បាន​លើកស្ទួយ​ខ្សែភាពយន្ត​ក្នុង​ស្រុក​អោយមាន​គុណភាព ថែម​ទាំង​ព្យាយាម​បង្កើត​នូវរឿង​ភាគខ្មែរ​ដែល​បង្ហាញ​នូវសារ​អប់រំ និង​លើក​ស្ទួយវប្បធម៍​ដល់ទស្សនិក​ជន​ថែម​ទៀត​ផង៕

 

មតិយោបល់

អត្ថបទពេញនិយម