កម្សាន្ត | March 13, 2018

ជំនួញដីធ្លី និងផ្ទះ​ល្វែង​រីក​ចម្រើន ឡេង ណាវ៉ាត់ត្រា ងាក​មកពង្រឹ​ង​ទីផ្សារ​ចម្រៀង

តារាចម្រៀង និងជាអ្នកជំនួញ​ដីធ្លីដ៏ធ្លោ​ម្នាក់​ដែលផ្ដើមចេញ​ពីអតីត​ពលករ កូរ៉េ លោក ឡេង ណាវ៉ាត់ត្រា ពេលនេះបាន​ងាក​មក​ពង្រឹង​ទីផ្សារ​ចម្រៀង​ឡើងវិញ​ហើយ បន្ទាប់​ជំនួញ​ដីធ្លី និងផ្ទះល្វែង​បានរីក​ចម្រៀង​ជាបន្ត​បន្ទាប់។ ស្នាដៃចម្រៀង​ថ្មី​របស់លោក​កំពុង​ទទួលការ​ចាប់អារម្មណ៍​ពីទស្សនិក​ជន​គឺបទ ”រាំបិទគូថ” ដែលជាចម្រៀង​ផលិត​ឡើង​ដើម្បីអបអរសាទរ​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខាងមុខ។

 


លោកបានបញ្ជាក់ថា ៖”ដូចខ្ញុំធ្លាប់​សន្យា​ចឹង សិល្បៈ​ខ្ញុំមិន​បោះបង់ទេ​ទាំងចម្រៀង និងការ​ផលិត​ភាពយន្ត បើទោះ​ជាខ្ញុំជោគជ័យ​លើរបរ​រកស៊ីក្ដី។ ជាក់ស្ដែង​ឥឡូវខ្ញុំ​ចេញចម្រៀង​ថ្មីនេះ​ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន”។

 

លោក ឡេង ណាវ៉ាត់ត្រា បន្តថា​បែកស្លុយ «រាំបិទគូទ» គឺជាចម្រៀង​ដែលលោក​ឌីហ្សាញ​យករូប​ទម្រង់​សិល្បៈ​បុរាណ ដូចជាល្ខោន​ខោល ដើម្បី​ធ្វើយ៉ាងណា​ឱ្យទស្សនិក​ជន​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ថែមទៀត ។ លោកបាន​បង្ហាញ​ពីការរំពឹង​យ៉ាងខ្លាំង​ថា បទចម្រៀង​នេះ នឹងធ្វើ​អោយមាន​លោកក្លាយ​ជាតារា​ចម្រៀង​ដែលមាន​អ្នកស្គាល់​កាន់តែ​ច្រើន​ទ្វេរដង ស្របពេល​ដែលលោក​ក៏ទើប​តែឡើង​ធំលើស​ពីការងារ​សិល្បៈ​នាពេល​ចុងក្រោយផង។

 


លោក ឡេង ណាវ៉ាត់ត្រា បានអះអាងថា​បទចម្រៀង ”រាំបិទគូទ” របស់លោក គឺជាបទ​សាកល្បង​ដំបូង​បំផុត​ចាប់​តាំង​ពី​លោកបានក្លាយ​ជាតារា​ចម្រៀង និងជាម្ចាស់​ផលិត​កម្ម ដែលមាន​បទប្រភេទ​បែកស្លុយ​បែបនេះ​ប្រកួត​ប្រជែង។ ចម្រៀង​មួយបទ​នេះលោក​មានការ​តាក់តែង​ទំនុកច្រៀង​ពីការ​ចូលរួម​គំនិត​របស់លោក ហើយមាន​ក្រុមការងារ​ជាអ្នក​ធ្វើភ្លេង​អោយ ដោយ​ទម្រាំសម្រេច​បានមួយ​បទនេះ គឺលោក​បានចំណាយ​ពេលច្រើន ហើយ​បើនិយាយ​ពីការឆ្លង​យោបល់​ចុះឡើងៗ​ទម្រាំតែ​បានចេញ​បទ និង​សម្រេច​យកសាច់​ភ្លេងនោះ​ក៏ឆ្លង​កាត់ច្រើន​ដែរ។


លោកថាបទចម្រៀងនេះ ស្ថិតក្នុង​ការរៀប​គម្រៀង​រៀបចំ​ចេញថត​យ៉ាងយក​ចិត្តទុក​ដាក់​បំផុត ខណៈដែល​គ្រាន់តែ​លោក​ជួលគ្រូអោយ​មកបង្កើត​ក្បាច់រាំ​ដើម្បី​អោយ​ប្លែក និងបង្ហាត់​តារា​សម្ដែង​អោយរាំ​ស្រុះគ្នា​នៅក្នុង MV ផង ក៏ចំណាយ​អស់ខ្ពស់ ដើម្បីធ្វើ​អោយ​បទចម្រៀង​ទាំងមូល​កាន់តែ​មានភាព​ទាក់ទាញ​នៅពេល​ដាក់បង្ហាញ​ជាឈុត​ឆាក​វីដេអូ។


យ៉ាងណាមិញ លោកថា​នឹងមិនមាន​គម្រោង​ផលិតបទ​បែកស្លុយ​សម្រាប់​ច្រៀងខ្លួនឯង​បន្ថែមទៀត​នោះទេ ដោយ​លោកនឹង​ងាកមក​ផលិតបទ​បែប​ប្រពៃណី ឬបែប​មនោសញ្ចេតនា​សម្រាប់​ជំហាន​បន្តបន្ទាប់​វិញ​ជាជាង បើទោះ​ជាបទ «រាំបិទគូទ» នេះទទួល​បានការ​គាំទ្រ​ខ្លាំង នៅអំឡុង​បុណ្យចូល​ឆ្នាំខ្មែរ៕

អត្ថបទ ៖ អាដាម

 

មតិយោបល់

អត្ថបទពេញនិយម