កម្សាន្ត | January 11, 2019

តារា​ចម្រៀង​ល្បីៗ​ជិត​២០​នាក់ ត្រៀម​ចេញ​ទៅ​ច្រៀង​លើ​ព្រឹល​ទឹកកក​​នៅ​ប្រទេស​កូរ៉េ ឆាប់ៗ​នេះ

 
យ៉ាង​តិច​តារា​​​ចម្រៀង តារា​​សម្ដែង ព្រម​ទាំង​​ពិធីករ ជិត​​២០​រូប ត្រូវ​បាន​លោក សុខ សៀង​ឌី ដែល​​ជា​តារា​​ចម្រៀង​​ពលករ​ខ្មែរ​​​មួយ​​រូប​ និង ដៃគូរ ម្នាក់ទៀត គឺលោក សេង​គឹម​ឡែន ដែល​ជាដៃ​គូជំនួញ​ដែល​តស៊ូពី​ពលករ ដូចគ្នា ហើយ កំពុង​​តែ​ធ្វើ​ការ​​​នៅ​​ប្រទេស​​កូរ៉េ គ្រោង​​ធានា​​ចេញ​ទៅ​​ច្រៀង​​នៅ​​ប្រទេស​​កូរ៉េ​​នៅ​ថ្ងៃ​​ចូល​​ឆ្នាំ​​ចិន​ខាង​​មុខ​នេះ ពោល​​គឺ​​ចំ​ពេល​​​កំពុង​តែ​​ធ្លាក់​​ព្រឹល​ទឹក​​កក​​តែ​ម្ដង ។
 
 
តារា​ល្បីៗ ទាំង​នោះ​​មាន​​ដូច​ជា លោក ខេម លោក កែវ វាសនា លោក នី រតនា លោក ម៉ៅ ហាជី លោក លោក ពេជ្រ ថាណា លោក សៅ ឧត្ដម លោក ថែល ថៃ កញ្ញា យូរី កញ្ញា សួស វីហ្សា កញ្ញា លីនដា កញ្ញា សុធារ័ត្ន លោក BMO លោក ទ្រី សក្ដា PeyPeydy លោក ម៉ាដូណា កញ្ញា សាឡាត់ ស្រីឡាង កញ្ញា សុភ័ក្រ កុសម៉ា និង លោក ថូមី ព្រម​ទាំង​ក្រុម​​ការងារ​​ជិត​​១០​នាក់​​ថែម​​ទៀត។
 
 
ការ​ប្រគំតន្ត្រី​គ្រោង​​ធ្វើ​​រហូត​ដល់​​ទៅ​​៦ថ្ងៃ​​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅ​ទីតាំង​​២​​​ដំបន់​​ផ្សេង​គ្នា ទី១​នៅ​​​ដំបន់​​មាត់​សមុទ្រ ប៊ូសាន នៃ​ទី​ក្រុង គឺមហេ - ឆាំងវ៉ុន ក្បែរ​ព្​រំប្រទល់​​ប្រទេស​​ជប៉ុន និង​​ទី២ ធ្វើ​នៅ ទីក្រុង​​សេអ៊ូល ដំបន់ អាន់សាន់ -ស៊ូវ៉ុន ដែល​​តំបន់​​ទាំង​​២​​នោះ មាន​ពលករ​​ខ្មែរ​​ប្រមាណ​​ជាង​២ម៉ឺន​​នាក់​​រស់​​នៅ ។
 
 
តាម​ការ​​បញ្ជាក់​ពី​ ម្ចាស់បទ (ខ្មាសមិត្តនៅកូរ៉េ) គឺលោក លោក សុខ សៀង​ឌី គោល​បំណង​នៃ​ការ​ធ្វើ ក៏​ព្រោះ​​តែ​មាន​​ការ​​សំណូមពរ​ពី បង​ប្អូន​​ពលករ​ខ្មែរ​​នៅ​ទី​​នោះ​​ដែល​​ធ្វើ​ការ​យ៉ាង​​លំបាក បាន​​កម្សាន្ត​​សប្បាយ​​លេង ចង់​ជួប​Idol​ដែល​​ខ្លួន និង​មួយ​​​វិញ​ទៀត​​ក៏​ដើម្បី ផ្សព្វផ្សាយ​​ពី​​ក្រុមហ៊ុន"​ភូមិ​ឋាន​សួស្ដី" ដែល​​ជា​ក្រុម​​អចលន​ទ្រព្យ​​របស់​​​លោក​​ទើប​​តែ​បើក​​កាល​​ពី​ពេល​ថ្មីៗ​​នេះ​ជា​​មួយ​​​ដៃគូ​ផ្សេង​​ទៀត​​​ដែល​​ជា​ពលករ​​ដូច​​គ្នា។
 
 
តាមលោក សេង គឹមឡែន ដែល​ជាដៃ គូរ លោក សុខ សៀងឌី បានថ្លែង​​ឲ្យ​ដឹង​​បន្ត​ថា ដោយ​សារតែ​​​បច្ចុប្បន្ន​​ពួក​លោក​​រវល់​​ការងារ​​​នៅ​​ប្រទេស​​កូរ៉េ ដូច​នេះ​​កិច្ច​ការ ​ធ្វើ​​កុងត្រា​ជា​មួយ​​​តារា​​ចម្រៀង​​ទាំង​អស់​​ប៉ុន្មាន​​ដែល​​បាន​​​​រៀប​​​ខាង​​លើ លោក​បាន​ឲ្យ​ដៃគូ នៅ​ស្រុក​ខ្មែរ​​​ជា​អ្នក​​ជួយ​​ធ្វើ​កិច្ច​ការ​​​ទាំង​​នោះ ហើយ​​គិត​​មក​​ដល់​​ពេល​​នេះ​​កុងត្រា​​បាន​​ធ្វើ​រួច​​​រាល់​អស់​​ហើយ និង កំពុង​​រត់​​ការ​ឯកសារ​​ដាក់​​ចូល​​ស្ថាន​​ទូត ដើម្បី​​បាន​​វីសា ចេញ​មក។
 
 
ដោយសារតែ​​មាន​​តារា​ចម្រៀង​​ចូល​រួម​​ច្រើន ហើយ​ការ​​ប្រគំ​តន្ត្រី​​មាន​​រយៈ​​ពេល​​ច្រើន​​ថ្ងៃ​​ផង​​នោះ ដូច​នេះ​​ការ​ចំណាយ​​និង​​ត្រូវ​​ចាយ​​ច្រើន​​ដូច​គ្នា។ តាម​ការ​​ប៉ាន់​ប្រមាណ​ លោក សុខ សៀង​ឌី បាន​វាយ​​តម្លៃ​ថា ប្រហែល​​ជា​ត្រូវ​​​ចំណាយ​​ខ្ទង់​​១០​ម៉ឺន​​ដុល្លារ ឯណោះ។ នេះ​ជា​​លើក​​ទី​១​​ហើយ​​ដែល លោក សុខ សៀង​ឌី ដែល​​​ស្គាល់​​ថា តារា​​ចម្រៀង​​ពលករ​​​ខ្មែរ​​ម្នាក់ កំពុង​ល្បី​ឈ្មោះ សំរាប់​បងប្អូន ពលករ រួម​និង​​ក្រុម​​របស់​​លោក បាន​​រៀប​ចំ​​ការ​ប្រគំ​តន្ត្រី​នេះ​​ឡើង។
 
 
ទោះបី​ជា វាយ​តម្លៃ​លើ​កិច្ច​ការ​​ខាង​លើ​​ត្រូវ​ចំណាយ​​ច្រើន​​ម៉ឺន​​ដុល្លារ​​ក្ដី តារា​​ចម្រៀង​​រូប​​នេះ ហាក់​មិន​​បាន​​​បារម្មណ៍​​ឡើយ ប៉ុន្តែ​​លោក​​បែប​​ជា សម្ដែង​​​ភាព​​សប្បាយ​​ចិត្ត​​ទៅ​វិញ ដែល​ខ្លួន​​​​អាច​ធ្វើ​​បាន​​តាម​​ការ​សំណូមពរ​​ពី បងប្អូន​​ពលករ​​ខ្មែរ​​​នៅ​ទី​នោះ។
 
 
សុខ សៀង​ឌី ​ថ្លែង​ថា ប្រសិន​បើ​ការ​​ប្រគំ​តន្ត្រី​​រដូវ​រងា​​នេះ​​ទទួល​​បាន​​ជោគជ័យ ​​ក្រុម​​លោក និង រៀប​ចំ​ការ​​កម្មវិធី​​សិល្បៈ​​ជា​បន្ត​​បន្ទាប់​​ទៀត ជា​ពិសេស អាច​​និង​​ឈាន​​ដល់ ការ​បង្កើត​​ផលិត​កម្ម​មួយ​​សម្រា​ប់​​ពលករ​​ខ្មែរ ធ្វើ​ការ​​នៅ​​ក្រៅ​ប្រទេស​​ទៅ​ថ្ងៃ​​អនាគត​​ថែម​​ទៀត​ផង៕
 

មតិយោបល់

អត្ថបទពេញនិយម