កម្សាន្ត | December 31, 2018

ម៉ូលីកា មិនទាន់​ត្រឡប់​ចូល​អាជីព​ដើម​ ក្រោយ​ជំនួញ​ជាមួយ​គូស្នេហ៍​ជោគជ័យ​ខ្លាំង

អតីត​តារា​ចម្រៀង​របស់​​ផលិតកម្ម Rock កញ្ញា ម៉ូលីកា និយាយ​​ថា​​ កញ្ញា​មិន​​ទាន់​​​មាន​​គម្រោង​​ត្រឡប់​​ចូល​​វិថីចម្រៀង​​វិញ​​នោះ​ទេ ព្រោះ​តែ​​​ជំនួញ​​តាម​​Online ជាមួយ​​គូស្នេហ៍​​គឺ​លោក  ហុង ម៉ានុត កំពុង​​ទទួល​​ការ​គាំទ្រ​ខ្លាំង​​ពី​​ទស្សនិក​ជន។

 

 

កញ្ញា​ទើប​​តែ​​​សម្រេចចិត្ត​​បើក​ជំនួញ​រួម​​​គ្នាជា​មួយ​​គូស្នេហ៍​​កាល​ពី​ពេល​​ថ្មីៗ ដែល​​ប្រើ​ដើម​​ទុន​​ប្រមាណ ១០​ម៉ឺន​​ដុល្លារ។​តារា​​ចម្រៀង​​រូប​នេះ បន្ត​ថា មុន​​នឹង​​មាន​​ប្រាក់ ១០​ម៉ឺន​ដុល្លារ​​បើក​ជំនួញ​​ទ្រង់​​ទ្រាយ​​ធំ​នា​ពេល​​នេះ គឺ​ដំបូង​​ឡើយ​នាង​​គ្រាន់​​តែ​​ជា​អ្នក​​លក់​ជើង​​មាន់​​ជ្រក់​​តាម​​អនឡាញ​​តែប៉ុណ្ណោះ។ យ៉ាង​​ណា​​ក្រោយ​​មក បាន​​ស៊ី​ឈ្នួល​​ឡាយ​​លក់​​ផលិត​ផល​ឲ្យ​គេ ឃើញ​​ថៅកែ​​ជោគជ័យ​​ខ្លាំង​​​ក៏​បែក​​គំនិត​​ចេញ​​លក់​ខ្លួន​​ឯង ប្រើ​​ដើម​ទុន​​ដំបូង​​ត្រឹម​​៣០០ ដុល្លារ​​ប៉ុណ្ណោះ ​មួយ​​រយ​ខ្លី​​សោះ អាច​​មាន​​ដើម​​ទុន​រហូត​​ដល់​​ជិត​​១០ម៉ឺន​​ដុល្លារ។

 

 

នេះ​គឺ​ជា​រឿង​​ពិត​​ពី​ក្រោយ​​ភាព​​ជោគជ័យ​​នៃ​ការ​​ធ្វើ​​ជំនួញ​​របស់​​កញ្ញា ម៉ូលីកា អតីត​​តារា​​ចម្រៀង​​​ក្នុង​​ក្នុង S2B និង​​ជា​​អតីត​​តារា​ចម្រៀង​​ផលិត​​កម្ម ROCK ដែល​​បាន​​បើក​សម្ពោធ​​ហាង​ថ្មី​​មួយ​​កាល​ពី​​ល្ងាច​​ម្សិល​មិញ​​នៅ​​កណ្ដាល​​រាជធានី​​ភ្នំពេញ​​តែ​ម្ដង។

 

កញ្ញា ម៉ូលីកា បាន​ប្រាប់​ថា នាង​​គឺ​ជា​​អតីត​​តារា​ចម្រៀង​​ម្នាក់​​ក្នុង​​​ផលិត​កម្ម ROCK ដែល​​កាល​ណោះ​​នាង​​ចូល​បាន​​តែ​រយៈ​​ពេល​​ខ្លី ​ឱកាស​​ចេញ​​បទ​ចម្រៀង​​បាន​​៣បទ ប៉ុន្តែ​ចៃដន្យ​​ផលិត​កម្ម​​ត្រូវ​​បាន​ផ្អាក​​ទៅ​វិញ។ បន្ទាប់​​ពី​ផលិត​កម្ម​​ដែល​​​ខ្លួន​​ធ្លាប់​​ច្រៀង​​ត្រូវ​បាន​​ផ្អាក នាង​​​បាន​​បែក​​គំនិត​​រក​ស៊ី ​​ដំបូង​​ឡើយ គឺ​រក​ស៊ី​​លក់​​ជើង​មាន់​​ជ្រក់​​តាម​អន​ឡាញ។ កញ្ញា​​ ម៉ូលីកា លើក​​ឡើង​ថា ជើង​​មាន់​​ដែល​​​​​ខ្លួន​​ធ្វើ​នោះ មាន​​ការ​​​ទទួល​​ការ​គាំទ្រ​​​ខ្លាំង​​មែន​​ទែន ក្នុង​​ចំណោម​​​អ្នក​​​ជ្រក់​​ជើង​​មាន់​​លក់​​​ទាំង​អស់។

 

 

ក្រោយ​​ពី​​មាន​ភាព​​ល្បី​ល្បាញ​​ខាង​​ Live លក់​​ជើង​​មាន់ ម៉ូលីកា ត្រូវ​បាន​​ថៅកែ​​ខាង​លក់​​ផលិត​ផល​​តាម​​អនឡាញ​មួយ​​​ជួល​​ឲ្យ​នាង​ Live លក់​​ផលិត​ផល​ឲ្យ ប៉ុន្តែ​​ធ្វើ​ជា​​បុគ្គលិក​​ឲ្យ​គេ​​មួយ​​​រយៈ​ខ្លី ​ឃើញ​​​ថៅកែ​​ខ្លួន​​លក់​​ដាច់​​លុយ​​ចូល​​ស្រួល ម្ចាស់​​បទ "មិនមែន​​មនុស្ស​​ដំបូង" ក៏​សាក​​ល្បង​​បែប​​គំនិត​​លក់​​ខ្លួន​​ឯង ដោយ​​ដំបូង​​ឡើយ ផ្ដើម​​ទុន​ត្រឹម​​៣០០ ដុល្លារ​ប៉ុណ្ណោះ។ គ្រាន់​តែ​​ងាក​​​មក​​រក​សី​​ដោយ​​ធ្វើ​ថៅកែ​​ខ្លួន​​ឯង អតិថិជន​​ដែល​​ធ្លាប់​​គាំទ្រ​​​​កន្លង​​មក​នោះ ក៏​ចាប់​​ផ្ដើម​​គាំទ្រ​​បន្តិច​​ម្ដងៗ រហូត​​នាង​​អាច​​ពង្រីក​​ដើម​ទុន​​ជា​បន្ត​​បន្ទាប់ និង​​ឈាន​​​កុម្ម៉ង់​​ផលិត​​​ដាក់​​ឈ្មោះ​​ផ្ទាល​​ខ្លួន​​តែ​​ម្ដង​។

 

និយាយ​ដោយ​​មិន​​លាក់​លៀម ​កញ្ញា ម៉ូលីកា ​ប្រាប់​ថា ហាង​​ដែល​​​នាង​បាន​បើក​​សម្ពោធ​​ប្រើ​​ទុន​​ជិត​​១០ម៉ឺន​​ដុល្លារ​​នេះ គឺ​នាង​​ចូល​​ហ៊ុន​ជា​មួយ​​សង្សារ​​របស់​​ខ្លួន​​ដែល​​ជា​​តារា​​សម្ដែង​ម្នាក់​​ផង​​ដែរ ក្នុង​​នោះ​​​ពួក​គេ​​បាន​​រក​ស៊ី​​ចូល​​គ្នា​​តាំង​​ពី​ប្រាក់​​៣០០ មក​ម្ល៉េះ។ នាង​ថា ទម្រាំ​​សម្រេច​​បាន​​ដល់​​ឈាន​​មក​​​សម្ពោធ​​ហាង​​នេះ ​នាង និង​​សង្សារ បាន​​ឆ្លង​​កាត់​​ការ​លំបាក​​​ខ្លាំង​​​ណាស់ ត្រូវ​ប្រឹង​ប្រែង​​ការងារ​​សិល្បៈ​​ផង ខំ​ដឹក​​​អីវ៉ាន់​​ឲ្យ​​ភ្ញៀវ​​ផង គឺ​ពិត​ជា មិន​​ងាយ​​ស្រួល​​ឡើយ។

 

 

ម៉ូលីកា បាន​​​បន្ត​ឲ្យ​ដឹង​ថា សង្សារ​នាង គឺ​លោក ហុង ម៉ានុត ធ្លាប់​​បាន​​សម្ដែង​​ភាពយន្ត និង​ស្ប៉ត​​ពាណិជ្ជកម្ម​​​មួយ​​ចំនួន​​ផង​ដែរ ហើយ​​ថ្មីៗ​​នេះ​​ទើប​​តែ​បញ្ចប់​​ការ​ថត​​ភាព​យន្ត​១រឿង ត្រៀម​​បញ្ចាំង​​លើ​​កញ្ចក់​​ទូរទស្សន៍​​ក្នុង​​ស្រុក​​មួយ​​ឆាប់ៗ​នេះ។

 

បច្ចុប្បន្ន​កញ្ញា ម៉ូលីកា កំពុង​​ពិចារណា ថា​អាច​​នឹង​វិល​​ទៅ​រក​​អាជីព​​តារា​​ចម្រៀង​​វិញ ឬ​យ៉ាង​ណា​។ ចំពោះ​​​រឿង​​ស្នេហា​​វិញ ទោះ​បី​ជា​អ្នក​​ទាំង​​ពីរ បាន​​ស្រលាញ់​​គ្នា​ច្រើន​​ឆ្នាំ​​ហើយ ចូល​​ហ៊ុន​រក​​ស៊ី ​ដូច​បាន​​លើក​​ឡើង​​បែប​​ណា​ក្ដី ពួក​​គេ​ប្រាប់​​ថា មិន​ទាន់​​មាន​​គម្រោង​​ចូល​​រោង​​ការ​​ជា​មួយ​​គ្នា​ឡើយ ដោយ​​ម្នាក់ៗ​​លើក​​ឡើង​ថា សុំ​ពេល​​សិក្សា​​ចិត្ត​គ្នា​​សិន៕

 

មតិយោបល់

អត្ថបទពេញនិយម