កម្សាន្ត | December 28, 2018

ក្រុមតារាៗ របស់​ផលិតកម្ម មហាហង្ស លើកពាន ក្នុងការប្រកួតបាល់ទាត់​មិត្ត​ភាព

 

ក្រុម​តារា​ម្ដែង​របស់​ផលិតកម្ម មហាហង្ស មាន​ដូច​ជា តារាសម្ដែងលោក ត្រាយ៉ាកូ, លោកភឹម តារាវិបុល, លោកហូ ប៉ូសេង ឬហូ នរមង្គល, តារាសម្ដែងលោកតុលា, លោកយុទ្ធ ឋានៈ, តារាសម្ដែងលោកវត្ថា, លោកចាន់ រតនា ជា​ដើម​បាន​ដណ្ដើមយកពានកិត្តិយសពីការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពជាមួយក្រុមសិក្ខាកាមរបស់សាលារាជបណ្ឌិត្យសភានគរបាលជាតិបាន ខណៈដែលក្រុមមួយនេះត្រូវបានគេស្គាល់ថាជាក្រុមខ្លាំងមួយនាពេលកន្លងមក។

  

 

វត្តមានប្រកួតគ្នានៅក្នុងថ្ងៃនោះ ត្រូវឃើញធ្វើឡើងយ៉ាងស្វិតស្វាញបំផុត ដោយលទ្ធផលចុងក្រោយក៏មិនបានឈ្នះចាញ់នោះដែរក្នុងរយៈពេល៩០នាទី តែក្រុមតារាមហាហង្សអាចដណ្ដើមយកពាននោះបាន ដោយលទ្ធផលស៊ុតប៉េណាំងទី។

 

 

ការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ធ្នូ នៅលើទីលានរាជបណ្ឌិត្យសភានគរបាលជាតិនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមទាំងពីរសុទ្ធតែមានជំនឿចិត្តថានឹងឈ្នះរៀងខ្លួន ហើយដើម្បីអោយការប្រកួតកាន់តែមានតម្លៃជាងការប្រកួតមិត្តភាព ក៏ត្រូវថ្នាក់ដឹកនាំរបស់សាលាបណ្ឌិត្យសភានគរបាលជាតិនៅដីឥដ្ឋ ហួសគៀនស្វាយ សម្រេចធ្វើពានកិត្តិយស ប្រគល់ជូនអ្នកឈ្នះ។

 

 

រយៈពេល​៩០នាទី ក្រុម​ទាំង២​បានត្រឹម​១ស្មើ​​ប៉ុណ្ណោះ ទើបត្រូវ​កាត់ក្ដី​ដោយ​បើក​ឱកាស​អោយ​កីឡាករ​របស់​ក្រុមម្ខាងៗ​ស៊ុត​ប៉េណាំងទី ហើយ​ក្រុម​របស់​តារា​មហាហង្ស​ស៊ុត​ចូលទាំង​៥គ្រាប់ ខណៈ​ដែល​ក្រុម​សិក្ខាកាម​នគរបាល​ជាតិ​របស់​សាលា​បណ្ឌិត្យ​សភា​នគរបាល​ជាតិ ស៊ុត​ចូល​តែ​៤គ្រាប់​ទាំង​សោក​ស្ដាយ។

 

 

លោក អ៊ិន សុភិន មេក្រុម​តារា​មហាហង្ស​បានថ្លែង​ក្រោយ​លើក​ពាន​ថា តាំង​ពីបាន​ប្រមូល​តារា​អោយ​ក្លាយ​ជាក្រុម​បាល់​ទាត់ ជា​លើក​ទី១​ដែល​ក្រុម​របស់​លោក​ទទួលបាន​ពាន​កិត្តិយស ដោយ​ពាន​ដែល​ទទួល​បាន​នេះ ក៏ចេញ​ដោយ​ស្ថាប័ន​ជាតិ​មួយ​ដែល​មិន​មាន​ជា​ពាន​ធម្មតា។

 

 

លោកថា​នេះជា​លទ្ធផល​បន្ទាប់​ពីក្រុម​តារា​មហាហង្ស​ត្រូវ​បាន​បង្កើត​ឡើង ស្របគ្នា​ដែល​កន្លង​មក​ក៏ដ្បិតថា​​បាន​ទទួលជ័យ​ជម្នះ​លើក្រុម​ផ្សេងៗ តែ​ក៏​បានត្រឹម​តែ​កិត្តិយស​ធម្មតាៗ ដោយ​មិនមាន​ពាន​ជា​សម្គាល់​បែប​នេះ។ លោក​ថានេះ​ជាលទ្ធផល​ដែល​បាន​ពីកម្លាំង​សាមគ្គី តែ​លោក​ក៏សរសើរ​ចំពោះ​ក្រុម​ម្ខាង​ទៀត និង​បាន​ចាត់ទុក​ថា​លទ្ធផល​ឈ្នះដោយ​ប៉េណាំង​ទី​នៅក្នុង​ថ្ងៃ​​នោះ កើត​ឡើង​ពីរឿង​សំណាង​ផងដែរ៕

 

មតិយោបល់

អត្ថបទពេញនិយម