កីឡា | July 27, 2018

Cristiano Ronaldo ត្រូវតុលាការកាត់ទោសឲ្យជាប់គុករយៈពេល២ឆ្នាំ លើ​បទល្មើស​គេច​ពន្ធ​

នៅ​ទីបំផុត​តុលាការ​​ប្រទេស​អេស្ប៉ាញ​បាន​សម្រេច​កាត់ទោស​ខ្សែប្រយុទ្ធ​ដែល​ទើប​ចុះ​កុង​ត្រា​ថ្មី​ជាមួយ Juventus អោយ​ជាប់​គុក​រយៈ​ពេល​២​ឆ្នាំ បើ​ទោះ​ជា​គេ​នឹង​មិន​ត្រូវ​នៅ​ក្នុង​គុក​ក្ដី ប៉ុន្តែ​ត្រូវ​បង់​ប្រាក់ពិន័យ​ចំនួន​ជាង​២២​លាន​ដុល្លារ​ជុំវិញ​អំពើ​គេច​ពន្ធ​អំឡុង​ពេលអាជីព​របស់​គេ​នៅ​អេស្ប៉ាញ។

 

 

 

អតីត​ខ្សែប្រយុទ្ធ​របស់ Real Madrid និង​ជា​ខ្សែប្រយុទ្ធ​របស់ Juventus នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​រក​ឃើញ​ទោសកំហុស​៤​ជុំវិញ​ការ​គេច​ពន្ធ​ចន្លោះ​ឆ្នាំ 2011-2014 ដែល​មាន​តម្លៃ​ស្មើ​នឹង​ 14,7 លាន​អ៊ុយរ៉ូ។

 

យោង​តាម EFE ចំនួន​គេច​ពន្ធ​ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម 5,7 លាន​អ៊ុយរ៉ូ ដែល​ក្រោយ​ពី​គិត​លើ​ការ​ពិន័យ ការប្រាក់ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត​គឺ​ស្មើ​នឹង​ 19​លាន​អ៊ុយរ៉ូ។

ការ​ចោទ​ប្រកាន់​នេះ​ដើម្បី​ត្រូវ​បាន Ronaldo ច្រាន​ចោល ហើយ​ក្រុមហ៊ុន​គ្រប់គ្រង​របស់​គេ​ Gestifute និង​រូប​គេ​បាន​ឆ្លើយ​បែប​មិន​អើពើ​ពេល​ត្រូវ​បាន​ចោទ​សួរ​ជុំវិញ​បញ្ហា​នេះ។

ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយពី​បញ្ហា​នេះ រដ្ឋាភិបាល​អេស្ប៉ាញ​បាន​ចេញ​វិធានការ​ដើម្បី​ដោះ​ស្រាយ​ករណី​នេះ ខណៈ Cristiano បាន​សរសេរ​នៅ​លើ Instagram ថា “កុំ​ព្យាយាម​ធ្វើ​អោយ​ខូច​បរិយាកាស​ដ៏​ស្រស់​បំព្រង ខ្ញុំ​រស់​នៅ​ដោយ​ឆ្លងកាត់​ជាមួយ​នឹង​ព័ត៌មាន​ក្លែងក្លាយ​ច្រើន”។

 

ក្រោយ​មក​គេ​សរសេរ​ទៀត​ថា “​ខ្ញុំ​បាន​ធ្វើ​រឿង​ដែល​ត្រឹម​ត្រូវ​ ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​វាទៀត”។

 

ដោយសារ​នេះ​ជា​ទោស​ជាប់ពន្ធធនាគារ​ជា​លើក​ទី​មួយ​របស់​ Ronaldo គេ​នឹង​មិន​ត្រូវ​ជាប់​ឃុំឃាំង​នោះ​ទេ យ៉ាង​ណា​នៅ​ក្រោម​ច្បាប់​របស់​អេស្ប៉ាញ ប្រសិន​បើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ មាន​ទោស​ម្ដង​ទៀត​អំឡុង​ពេល​ដែល​ទោស​ចាស់​មិន​ទាន់​ផុត គេ​នឹង​ត្រូវ​ជាប់​ឃុំឃាំង៕

 

ប្រែសម្រួល៖ និមល

ប្រភព៖ Goal

 

មតិយោបល់

អត្ថបទពេញនិយម