បច្ចេកវិទ្យា | December 06, 2018

Meizu ​ចេញ​លក់​កាស​ប្ល៊ូធូស​ទំនើប​ម្ដង​ ២​ម៉ូដែលគឺ EP52 Lite និង​ POP ​ការពារ​ជ្រាប​ទឹកដូចគ្នា​តម្លៃ​ចាប់ពី​ $២៨ ដល់ $៩៩

 

ដំណាលគ្នា​នឹង​ការ​ប្រកាស​ស្មាតហ្វូន​ធូរ​ថ្លៃ C9 ក្រុមហ៊ុន Meizu ​ថែមទាំង​បាន​ចេញ​លក់​កាស​ឥត​ខ្សែ​ម្ដង​ពីរ​ម៉ូដែល​ទៀត​ផង គឺ EP52 Lite និង POP។ ម៉ូដែល​ទីពីរ​ជា​កាស​ឥត​ខ្សែ​ពេញ​លេញ ហើយ​ទាំង​ពីរ​ម៉ូដែល​គឺ​មាន​មុខងារ​ការពារ​ជ្រាប​ទឹក​ដូច​គ្នា។

 

 

EP52 Lite ជា​កាស​ផលិត​ឡើង​តម្រូវ​អ្នក​ប្រើប្រាស់​សម្រាប់​សកម្មភាព​ខាងក្រៅ ហើយ​វា​មាន​ទម្ងន់ ១៦ក្រាម ​និង​មាន​វិញ្ញាបនបត្រ IPX5 ​មិន​ចាំបាច់​បារម្ភ​ត្រូវ​ភ្លៀង ឬ​ប៉ះ​ញើស​ឡើយ។ EP52 Lite ទ្រទ្រង់ Bluetooth 4.2 ជាមួយ aptX និង​មាន impedance 32 ohms។ រយៈពេល​ស្ដាប់​តន្ត្រី​ជាប់​បាន​ដល់ ៨ម៉ោង ដោយ​សាក​ពេញ​ម្ដង ឬ​កាន់​ថ្ម​បាន ១៥ម៉ោង​ចំពោះ​ការ standby។

 

ងាក​មក POP វិញ​ជា​កាស​ទំនើប​ជាង ដែល​ផ្ដល់​អារម្មណ៍​រំភើប​ដល់​អ្នក ដោយសារ​វា​ជា​កាស​ឥត​ខ្សែ​ពេញលេញ។ កាស​នេះ​មាន​ទម្ងន់ ៥,៨ក្រាម ហើយ​មាន​មុខងារ​ប៉ះ​បញ្ជា (touch control) ​និង​ទ្រទ្រង់​មុខងារ​សាកថ្ម​ឥត​ខ្សែ។ វា​ផ្ដល់​ភាព​ងាយស្រួល​ពាក់​នឹង​ត្រចៀក​មិន​ងាយ​ជ្រុះ​ឡើយ។

 

 

POP ​មាន​មុខងារ graphene diaphragms ដូច្នេះ​ការ​ទទួល​ស្គាល់​ប្រេកង់​គឺ​មាន​ភាព​ទៀងទាត់​ល្អ។ POP អាច​កាន់​ថ្ម​បាន ៣ម៉ោង​សម្រាប់​ការ​បើក​ស្ដាប់​តន្ត្រី​ជាប់ និង​អាច​កាន់​បាន​ដល់ ១២ម៉ោង​ដោយ​ការ​សាក​ថ្ម​តាម​ប្រអប់​កាស​ជាមួយ​កម្លាំង 700mAh របស់​វា​ផ្ទាល់។

 

​កាស​ប្ល៊ូធូស​ទំនើប​ទាំង​ពីរ​នឹង​មាន​លក់​ចាប់ពី​សប្ដាហ៍​ក្រោយ​ក្នុង​ទីផ្សារ​ឥណ្ឌា ដែល​មាន​តម្លៃ​ខុស​គ្នា។ ម៉ូដែល EP52 Lite ​នឹង​មាន​តម្លៃ​ប្រហែល ២៨ដុល្លារ ខណៈ POP ​តម្លៃ ៩៩ដុល្លារ៕

 


​ដោយ៖ ឈុន ហួរ
ប្រភព៖ gsmarena

មតិយោបល់

អត្ថបទពេញនិយម