បច្ចេកវិទ្យា | December 06, 2018

Nokia 8.1 ចេញ​ផ្លូវការ​ជា​ជំនាន់​ក្រោយ​របស់ Nokia 7 Plus ​ត្រូវ​ហៅ​ឈ្មោះ​ Nokia X7 សម្រាប់​ទីផ្សារ​លោក​ខាង​លិច​

 

​ក្រុមហ៊ុន HMD បាន​ប្រកាស​ចេញ​ស្មាតហ្វូន Nokia ​ស៊េរី​ថ្មី​គឺ Nokia 8.1 ដែល​ជា​សែស្រឡាយ​ស្មាតហ្វូន​ជោគជ័យ​ ជា​ទាយាទ​បន្ត​ពី Nokia 7 plus។ ប៉ុន្តែ​ពុំ​ជា​សមិទ្ធផល​ថ្មី​សន្លាង​នោះ​ឡើយ ដោយ​វា​គ្រាន់តែ​ជា​ស្មាតហ្វូន​ Nokia X7 ​ជំនាន់​ថ្មី​សម្រាប់​ទីផ្សារ​លោក​ខាង​លិច​ប៉ុណ្ណោះ។

 

 

Nokia 8.1 នឹង​មាន​លក់​លើ​ទីផ្សារ​សកល​ចាប់ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ ក្នុង​តម្លៃ ៤០០អឺរ៉ូ ឬ​ប្រហែល ៤៥4ដុល្លារ​អាមេរិក។ សម្រាប់​តំបន់​មជ្ឈិមបូព៌ា Nokia 8.1 ឬ X7 ​នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​មុន​គេ។ នៅ​សហព័ន្ធ​អារ៉ាប់រួម​នឹង​បើក​ឱ្យ​កក់​ទុក​មុន​បាន​ចាប់ពី​ថ្ងៃ​ស្អែក (តម្លៃ​ប្រហែល ៤០៨ដុល្លារ) ខណៈ​កាលបរិច្ឆេទ​ដាក់​ឱ្យ​ចរាចរ​គឺ​នៅ​ថ្ងៃ​ទី១៥ ខែ​ធ្នូ។ វា​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ទីផ្សារ​មជ្ឈិមបូព៌ា​នៅ​ថ្ងៃ​២០ ធ្នូ។

 

 

​Nokia 8.1 ចាប់​កំណើត​ជាមួយ​អេក្រង់ ៦,១៨អ៊ីញ​ប្រភេទ PureDisplay IPS LCD ​កម្រិត​បង្ហាញ​រូប 1080p+។ ចំណុច​ឆក Notch ជា​ទីតាំង​ដែល​បញ្ឈរ​កាមេរ៉ា​មុខ​ទំហំ 20MP ខណៈ​កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 12MP + 13MP។ កាមេរ៉ា​គោល​គឺ 12MP (1/2.55”, 1.4µm pixels) និង​មាន Zeiss optics (ជាមួយ OIS)។ មួយ​គ្រាប់​ទៀត 13MP ​ដើរ​តួ​ជា depth sensor។

 

 

ស្មាតហ្វូន​ហ្វាំងឡង់​ថ្មី​នេះ ប្រើ​បន្ទះ​ឈីប Snapdragon 710 ​ជាមួយ RAM 4GB និង​មាន​អង្គ​ចងចាំ 64GB eMMC ​ក៏​អាច​បន្ថែម microSD ថែមទៀត។ វា​ដំណើរការ​ដោយ Android One ​ជំនាន់ Pie ​ប៉ុន្តែ​នឹង​ទទួល​បាន​បច្ចុប្បន្នភាព​សូហ្វ៊ែរ​នៅ​រយៈពេល ២ឆ្នាំ​ជាប់ ចំណែក​កញ្ចប់​អាប់ដេត​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​មាន​សុពលភាព​ដល់ ៣ឆ្នាំ។

 

 

ទូរស័ព្ទ​ឈ្មោះ​ពីរ​នេះ មាន​ជម្រើស​ពណ៌​ដូច​ជា ពណ៌​ខៀវ (Blue) ទឹកប្រាក់ (Silver) ពណ៌ Steel / Copper និង Iron / Steel។ ចំណែក​កម្លាំង​ថ្ម​របស់​វា​វិញ គឺ 3500mAh ​សាក​លឿន​ដោយ​ប្រើ 18W fast charging៕

 


​ដោយ៖ ឈុន ហួរ
ប្រភព៖ nokia

មតិយោបល់

អត្ថបទពេញនិយម