បច្ចេកវិទ្យា | December 06, 2018

អាវុធ​ថ្មី​របស់ Vivo ត្រៀម​វ៉ៃ​ទីផ្សារ​ជាមួយ​​អេក្រង់ភ្លោះ (មុខ/ក្រោយ) ​ឈ្មោះ​ថា NEX 2

 

​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន Vivo គ្រោង​បញ្ចេញ​ស្មាតហ្វូន NEX 2 ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ហើយ ត្បិត​ពេល​នេះ​មិន​ទាន់​មាន​ការ​អះអាង​បញ្ជាក់​ពិ​ក្រុមហ៊ុន​ក៏​ដោយ តែ​មាន​សញ្ញាណ​ជាច្រើន​អាច​សន្និដ្ឋាន​ថា វា​នឹង​ត្រូវ​វែកមុខ​នៅ​ថ្ងៃ​ទី១១ ខែ​ធ្នូ​ខាង​មុខ។ ហើយ​ថ្មី​នេះ​ដែរ យើង​ក៏​បាន​ឃើញ​រូប​បែកធ្លាយ NEX 2 ​ជាច្រើន​សន្លឹក និង​វីដេអូ​បង្ហើប​ដែល​បង្ហាញ​ឱ្យ​ឃើញ​ស្មាតហ្វូន​ពិត​ជា​មាន​ភ្ជាប់​អេក្រង់​សងខាង (មុខ/ក្រោយ) ពិត​មែន។

 

 


អ្នក​សរសេរ​ប្លុក​បច្ចេកវិទ្យា​ក្នុង ophone8 ​ថ្មីៗ​នេះ​បាន​បង្ហោះ​បណ្ដុំ​រូប​ដែល​អះអាង​ជា Vivo NEX 2 ឃើញ​មាន​ពីរ​ពណ៌ និង​មាន​អេក្រង់​ភ្លោះ។ បើទោះបី​ទូរស័ព្ទ​មិន​បាន​បើក​ដំណើរការ​ក៏​ដោយ តែ​យើង​អាច​មើល​ឃើញ​ពី​រចនាបថ​ផ្ទៃ​មុខ ដោយ​មាន​គែម​អេក្រង់​ដ៏​ស្ដើង​របស់​វា ខណៈ​ដែល​ខ្នង​ក្រោយ​ភ្ជាប់​ជាមួយ​អេក្រង់​តូច អម​ដោយ​រូប​ឡូហ្គោ Vivo ​និង​មាន​ការ​បំពាក់​កាមេរ៉ា​៣គ្រាប់​ផង​ដែរ។ វា​ត្រូវ​បាន​ផ្ដុំ​ចូល​ជា​ម៉ឌុល​រាង​រង្វង់ ដែល​យើង​បាន​ដឹង​រួច​ហើយ​អំពី​ការ​បង្ហើប​ថា នឹង​មាន​ភ្លើង RGB ក្នុង​រង្វង់​នោះ​ថែមទៀត។

 

 

ស្មាតហ្វូន​ទំនើប​របស់ Vivo នេះ​នឹង​មាន​រន្ធ​សាកថ្ម USB-C និង​មាន​រន្ធ​កាស 3.5mm នៅ​ផ្នែក​ខាង​លើ។ ក្រុមហ៊ុន​បាន​ធ្វើ​ការ​បង្ហើប​ Vivo NEX 2 ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ចិន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន អម​ដោយ​វីដេអូ​ណែនាំ​ឱ្យ​ឃើញ​ពី​អ្វី​ដែល​គួរ​តែ​កើត​មាន​ឡើង​នាពេល​អនាគត ឬ​យើង​គួរ​តែ​មាន​ជំនឿ​​ឱ្យ​បាន​ច្រើន និង​មាន​សុបិន្ត​ខ្ពស់​ឡើង ឬ​អ្វី​ផ្សេង​ទៀត។ ចុះ​ប្រិយមិត្ត​តើ​យល់​យ៉ាងណា ចំពោះ​វីដេអូ​នេះ តើ​ក្រុមហ៊ុន​ចង់​បញ្ជាក់​អំពី​អ្វី អាច​បញ្ចេញ​យោបល់​បាន៕

 

 


​ដោយ៖ ឈុន ហួរ
ប្រភព៖ mysmartprice

មតិយោបល់

អត្ថបទពេញនិយម