ក្រុមហ៊ុន Apple បានផ្ដល់សេវាកម្មប្ដូរថ្មទូរស័ព្ទ iPhone ជាមួយកម្មវិធីបញ្ចុះតម្លៃរយៈពេលកន្លងមក ហើយវានឹងបញ្ចប់ត្រឹមចុងខែធ្នូនេះហើយ។ ដូច្នេះអតិថិជនដែលសង្ស័យ ឬមានបញ្ហាថ្មី មិនទាន់ទទួលយកកម្មវិធីបញ្ចុះតម្លៃនេះ ប្រញាប់រួសរាន់ឡើង។
ខណៈពេលនេះ អ្នកនៅតែអាចទទួលយកសេវាផ្លាស់ប្ដូរថ្មថ្មីលើទូរស័ព្ទ iPhone ក្នុងតម្លៃត្រឹម ២៩ដុល្លារ ជាតម្លៃបញ្ចុះ ហើយនឹងផុតកំណត់ត្រឹមថ្ងៃ៣១ខែធ្នូនេះ។ សេវាកម្មប្ដូរថ្មថ្មីលើ iPhone ដែលមានការបញ្ចុះតម្លៃរួមមានលើម៉ូដែល iPhone SE, 6, 6 Plus, 6s, 6s Plus, iPhone 7, 7 Plus, iPhone 8, 8 Plus និង iPhone X។
នៅពេលកម្មវិធីប្រូមូសិនចប់ នោះនឹងមានការប្រែប្រួលតម្លៃមកនៅតម្លៃស្តង់ដារវិញគឺ ៤៩ដល្លារ ហើយចាប់ពីម៉ូដែល iPhone X ឡើងទៅនឹងមានតម្លៃ ៦៩ដុល្លារ។ ក្រុមហ៊ុន Apple បានធ្វើកម្មវិធីប្ដូរថ្ម iPhone ក្នុងតម្លៃពិសេសនេះ ចាប់តាំងពីគេប្រទះឃើញប្រព័ន្ធប្រតិបត្តិការ iOS បានធ្វើឱ្យដំណើរការ iPhone យឺត ដើម្បីសម្របទៅនឹងសមត្ថភាពថ្មដែលមានអាយុកាលយូរ មានសភាពរេចរឹលនៅលើ iPhone ជំនាន់មុនៗ ជៀសវាងមានបញ្ហាថ្ម។
ប្រសិនបើអ្នកត្រូវការផ្លាស់ប្ដូរថ្មនៅលើ iPhone របស់ខ្លួន អ្នកអាចស្វែងរកព័ត៌មានលំអិតបន្ថែមអំពីនីតិវិធីដោយចូលទៅគេហទំព័រផ្លូវការរបស់ Apple តាមរយៈតំណភ្ជាប់ Link ខាងក្រោមនេះ៕
ដោយ៖ ឈុន ហួរ
ប្រភព៖ Apple, MacRumors