បច្ចេកវិទ្យា | November 08, 2018

អេក្រង់​បត់របស់ Samsung ចេញ​ហើយ​ប្រើ​ឈ្មោះ "Infinity Flex Display" ជាគូនឹង​សូហ្វ៊ែរ​ One UI (មាន Video)

 

ក្នុង​អំឡុង​សន្និសីទ SDC 2018 នេះ​ក្រុមហ៊ុន Samsung ទើប​ប្រកាស​អេក្រង់​ថ្មី Infinity Flex Display ​មាន​លក្ខណៈ​ពិសេស​អាច​បត់​បាន ហើយ​និង​ផ្ទៃ​សូហ្វ៊ែរ​ដ៏​យូរលង់​កែ​មុខមាត់​ថ្មី One UI សម្រាប់​បំពាក់​លើ​ទូរស័ព្ទ​បត់ foldable ​របស់​ក្រុមហ៊ុន ហើយ​វា​ក៏​នឹង​ដំណើរការ​នៅ​លើ​ឧបករណ៍​មិន​មែន​ជា​អេក្រង់​បត់​ផង​ដែរ។ ក្រុមហ៊ុន​នៅ​បាន​លើកឡើង​អំពី​អនាគត Bixby ថែមទៀត ដែល​នឹង​លុតដំ​ឱ្យ​ក្លាយ​ជា​ជំនួយការ​និម្មិត (virtual assistant) ​ក្នុង​ពេល​ខាង​មុខ។

 

 

អ្វី​ដែល​ជា​ចំណុច​ខុស​ប្លែក​ពី​អេក្រង់​ទូទៅ ​នៅ​លើ​អេក្រង់ Infinity Flex Display គឺ​សមាសធាតុ​ផលិត។ IFD ​ត្រូវ​បាន​ផលិត​ឡើង​ពី​បន្ទះ​ OLED ​យឺត ដែល​អាច​ឱ្យ​យើង​ពត់​បត់​បាន​ដោយ​មិន​រង​ផល​ខូចខាត​ឡើយ។ វា​នឹង​ជា​សមាសធាតុ​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​បត់​នានា​ពេល​អនាគត។

 

 

Infinity Flex Display ជា​អេក្រង់​បត់​ក្នុង​ទម្រង់​បញ្ឈរ ហើយ​អ្នក​អាច​រីករាយ​អេក្រង់​ដ៏​ធំ​របស់​វា​នៅ​ពេល​រលារ​ចេញ​ស្មើ​នឹង​ទំហំ ៧,៣អ៊ីញ។ រីឯ One UI ក៏​ជា​ប្រធានបទ​ត្រូវ​លើក​យក​មក​និយាយ​ផង​ដែរ ដោយ​វា​ជា​ផ្ទៃ​សូហ្វ៊ែរ​ថ្មី​ក្រោម​ការ​អភិវឌ្ឍ​គិតគូរ​ពី​បទពិសោធន៍​ប្រើប្រាស់​សម្រាប់​អ្នក​ប្រើ​នា​ពេល​បច្ចុប្បន្ន។ UI ថ្មី​នេះ​ចាប់​កំណើត​ឡើង​ជាគូ​នឹង​ទូរស័ព្ទ​អេក្រង់​បត់ foldable phone ដោយ​វា​នឹង​ផ្លាស់ប្ដូរ​ទម្រង់​សូហ្វ៊ែរ​ក្រោយ​អេក្រង់​បត់ ឬ​ពន្លារ ក្នុង​នោះ​ក៏​មាន​មុខងារ multitask ​ផ្ដល់​សេរីភាព​ច្រើន​ដល់​អ្នក​ប្រើ​ផង​ដែរ។

 

 

​ក្រុមហ៊ុន​ក៏​បាន​លើក​និយាយ​អំពី​មុខងារ Bixby ព្រមទាំង​អនាគត​របស់​វា​ផង​ដែរ។ Samsung នឹង​អភិវឌ្ឍ Virtual Assistant ​នេះ​ឱ្យ​រឹតតែ​មាន​ប្រសិទ្ធភាព ផ្ដល់​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើ ហើយ​នេះ​គឺ​ត្រូវ​អរគុណ​ដល់​ការ​បើក​ទូលាយ​នូវ​ការ​អភិវឌ្ឍ third-party app development ​សម្រាប់​មុខងារ​ជំនួយការ​នេះ៕

 


ដោយ៖ ឈុន ហួរ
ប្រភព៖ gsmarena

មតិយោបល់

អត្ថបទពេញនិយម