បច្ចេកវិទ្យា | November 06, 2018

គិត​ខុស​ហើយ iPhone XR បាញ់​​មិន​ទាន់​ចំ​បេះដូង​អ្នក​ប្រើ​នៅ​ឡើយ សេចក្ដី​រាយការណ៍ថ្មី​អះអាង​ថា បរិមាណ​ផលិត​បាន​កាត់​បន្ថយ

 

​ចាប់តាំង Apple បាន​សម្ពោធ​ iPhone ​ថ្មី​ម្ដង ៣ម៉ូដែល រួម​មាន​ទាំង​ម៉ូដែល​ធូរ​ថ្លៃ​ជាង​គេ iPhone XR ​ឃើញ​ថា សាធារណជន​ខ្លះ​ហាក់​មាន​ភាព​អល់អែក​ថា​តើ​គួរ​ទិញ​ម៉ូដែល​ណា​មួយ​ចំណោម​ទាំង៣។ ធម្មតា​ទេ iPhone តម្លៃ​ថ្លៃ នោះ​មុខ​ជា​ត្រូវ​បាន​ក្រុមហ៊ុន​សម្រិតសម្រាំង​បំពាក់​លក្ខណៈ​សម្បត្តិ​ខ្ពស់​ជាង ជាក់ស្ដែង iPhone XS Max តែម្ដង ដែល​ប្រើ​អេក្រង់​ថ្លៃ ទំហំ​ធំ តែ​តម្លៃ​ក៏​កប់​ជាង​គេ​ដែរ។ សូម​និយាយ​ថា XS Max ទៅ​ទិញ​ច្បាស់​ជា​មិន​ខក​ចិត្ត​នោះ​ទេ តែ​និយាយ​នេះ​គឺ​សំដៅ​អតិថិជន​ដែល​មាន​ជីវភាព​ធូរធារ ហើយ​ចង់​បាន​ស្មាតហ្វូន​កប់​ស៊េរី​ប៉ុណ្ណោះ។ អីចឹង​នៅ​មាន XR មួយ​ទៀត​ជា​ជម្រើស​សម្រាប់​អតិថិជន​ដែល​ចង់​បាន​តម្លៃ​ក្រោម​ពាន់​ដុល្លារ។

 

 

XR ដំបូង​ហាក់​ត្រូវ​មតិ​មហាជន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​វា​ច្រើន ប៉ុន្តែ​ក្រោយ​ពេល​ចេញ​លក់​ថ្មីៗ​មក​នេះ មាន​សេចក្ដី រាយការណ៍​ថា iPhone XR ​ហាក់​មិន​ទាន់​ចាក់​ដោត​បេះដូង​អ្នក​ប្រើ​បាន​នៅ​ឡើយ ដោយ​តួលេខ​លក់​ចេញ​នៅ​មាន​កម្រិត ដំណាលគ្នា​ជាមួយ​សេចក្ដី​រាយការណ៍​ថា Apple បាន​កាត់​បន្ថយ​បរិមាណ​ផលិត​ទៀត​ផង។ យោងតាម​របាយការណ៍​ថ្មី​មួយ​ពី​គេហទំព័រ Nikkei Asian Review ​ឱ្យ​ដឹង​ថា iPhone ថ្មី​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​ប្រចាំ​ឆ្នាំ២០១៨ នេះ មិន​ទាន់​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ចរាចរ​លើ​ទីផ្សារ​នៅ​ឡើយ។ ដោយសារ​មូលហេតុ​នេះ ធ្វើ​ឱ្យ​ក្រុមហ៊ុន​បោះបង់​ការ​បង្កើន​ចង្វាក់​ផលិត​ម៉ូដែល XR នេះ។

 

សេចក្ដី​រាយការណ៍​ថែម​ឱ្យ​ដឹង​ទៀត​ថា ដោយសារ​ខុស​ពី​ក្ដី​រំពឹង​ក្នុង​ការ​ប្រើ XR បុក​ទីផ្សារ ដូច្នេះ Apple ត្រូវ​បង្ខំ​ចិត្ត​ប្រាប់​ទៅ​ដៃគូ​ផ្គត់ផ្គង់​ Foxconn និង Pegatron ​ឱ្យ​បន្ថយ​បរិមាណ​ផលិត iPhone XR ពាក់​កណ្ដាល។ ប្រភព​កៀក​ជិត​មួយ​បាន​ឱ្យ​ដឹង​ដែរ​ថា ក្រុមហ៊ុន Foxconn ​បាន​ទទួល និង​រៀបចំ​ចង្វាក់​ផលិត iPhone XR ​លើក​ដំបូង​ស្មើ​នឹង​ជិត ៦០% ប៉ុន្តែ​ថ្មីៗ​នេះ​បាន​បន្ថយ​មក​ត្រឹម ៤៥% ប៉ុណ្ណោះ។ ​Foxconn និង Pegatron ​គឺ​ជា​ដៃគូ​សហការ​ទទួល​បន្ទុក​ដំឡើង​ទូរស័ព្ទ iPhone ឱ្យ​ Apple ​ហើយ​ក៏​នៅ​មាន​ Wistron ដែល​ជា​ក្រុមហ៊ុន​តៃវ៉ាន់​ផង​ដែរ៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ asia.nikkei.com

មតិយោបល់

អត្ថបទពេញនិយម