បច្ចេកវិទ្យា | March 13, 2018

MacBook ថ្មី​តម្លៃ​ធូរ​ក្រោម $១០០០ របស់ Apple ​នឹង​មាន Retina Display លើក​ដំបូង​​​ចេញ​លក់​ចុង​ Q3 ឆ្នាំ​នេះ

 

Apple ​ត្រូវ​គេ​រំពឹង​ថា នឹង​ចេញ​លក់ MacBook ​ថ្មី​កម្រិត​មធ្យម អម​ជាមួយ​តម្លៃ​ធូរ​ថ្លៃ​នៅ​ចុង​ឆ្នាំ២០១៨ នេះ ហើយ​បើ​តាម​សេចក្ដី​រាយការណ៍​ថ្មី​ពី​សារព័ត៌មាន DigiTimes ​បាន​លើកឡើង​ថា កុំព្យូទ័រ​យួរដៃ​តម្លៃ​ធូរ​នេះ ក៏​នឹង​ប្រើ​អេក្រង់​ទំនើប Retina Display ផង​ដែរ។

 

 

Apple ​បច្ចុប្បន្ន​មាន​កុំព្យូទ័រ​យួរដៃ​តម្លៃ​ធូរ​ពីរ​ម៉ូដែល​ហើយ​គឺ MacBook Air និង MacBook អេក្រង់ ១២អ៊ីញ។ MacBook Air ​ប្រើ​ត្រឹម​អេក្រង់ resolution ទាប​ប៉ុណ្ណោះ​ ខណៈ​វា​ជា​ម៉ូដែល Laptop ​ដ៏​ពេញ​និយម​បំផុត​របស់​ក្រុមហ៊ុន ដូច្នេះ​ហើយ​ទើប​គេ​រំពឹង​ថា Apple នឹង​បញ្ចូល​បច្ចេកវិទ្យា​អេក្រង់ Retina ​មក​លើ MacBook Air ​ជំនាន់​ក្រោយ អម​ជាមួយ​តម្លៃ​ធូរ​ថ្លៃ​ជាង​ម៉ូដែល Pro។

 

 

​របាយការណ៍​ពី DigiTimes បាន​ឱ្យ​ដឹង​ថា បន្ទះ​អេក្រង់​លើ​ម៉ាស៊ីន​ថ្មី នឹង​ផ្គត់ផ្គង់​ដោយ LG ​ដែល​អាច​ប្រើ​ទំហំ ១៣,៣អ៊ីញ​ដូច​ម៉ូដែល MacBook Air ​បច្ចុប្បន្ន លើកលែង​តែ​កម្រិត resolution ​អាច​បង្កើន​ខ្ពស់​ជាង​មុន​នៅ 2560x1600px ​ហើយ​ក៏​អាច​នឹង​បង្កើន​ដល់​កម្រិត Retina ថែមទៀត។

 

ក្រុមហ៊ុន Apple ​ត្រូវ​គេ​រាយការណ៍​ថា មាន​គម្រោង​ចែកចាយ​លក់ MacBook ​ថ្មី​ឱ្យ​បាន ៦លាន​គ្រឿង​នៅ​ត្រឹម​ចុង​ឆ្នាំ២០១៨ នេះ ​ខណៈ​ដែល​ក្រុម​អ្នក​វិភាគ​ប៉ាន់ប្រមាណ​ត្រឹម ៤លាន​គ្រឿង​គឺ​អស់​ល្បឿន​ហើយ។ MacBook Air ​ស៊េរី​ថ្មី នឹង​ត្រូវ​បង្ហាញ​ផ្លូវការ​នៅ​ក្នុង​សន្និសីទ WWDC របស់ Apple នៅ​ដើម​ខែ​មិថុនា ហើយ​អាច​នឹង​មាន​លក់​លើ​ទីផ្សារ​នៅ​ចុង​ត្រីមាស​ទី៣ ជាមួយ​តម្លៃ​ប្រហែល ៩០០ដុល្លារ​ប៉ុណ្ណោះ៕

 


​ដោយ៖ ឈុន ហួរ
ប្រភព៖ businessinsider

មតិយោបល់

អត្ថបទពេញនិយម