បច្ចេកវិទ្យា | January 11, 2019

SanDisk បង្អួត​សាច់​ដុំ​ចេញ​គំរូ Flash Drive ទំហំ​​ដល់ 4TB ​ល្មម​អាច​ដាក់​ក្នុង​ហោប៉ៅ​អ្នក​យ៉ាង​ងាយ​

 

​SanDisk ថ្មីៗ​នេះ​បាន​បង្ហាញ​គំរូ Flash Drive ថ្មី​របស់​ខ្លួន​ដែល​មាន​រូបរាង​តូច​ងាយស្រួល​ដាក់​តាម​ខ្លួន​សូម្បី​តែ​ហោប៉ៅ ជាមួយ​ទំហំ​ផ្ទុក​រហូត​ដល់ 4TB។ ក្រុមហ៊ុន​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ Western Digital ​នេះ​បាន​បង្ហាញ 4TB thumb drive ​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ CES 2019 ​កាលពី​ពេល​ថ្មីៗ ដែល​មាន​ភ្ជាប់​រន្ធ USB Type-C ​មក​ជាមួយ។ វា​នឹង​ក្លាយ​ជា USB drive ​មាន​ទំហំ​ផ្ទុក​ធំ​បំផុត​លើ​លោក​ជាមួយ​រូបរាង​ដ៏​តូច​ច្រឡឹង​របស់​វា។

 

 

​ក្រុមហ៊ុន SanDisk មិន​បាន​បញ្ជាក់​ឱ្យ​ដឹង​នូវ​លក្ខណៈ ​សម្បត្តិ hardware ​ក៏​ដូច​ជា​តម្លៃ និង​កាលបរិច្ឆេទ​ចេញ​លក់​លើ​ទីផ្សារ​នៃ Flash Drive នេះ​នៅ​ឡើយ។ យ៉ាងណា ទន្ទឹម​នោះ​ក៏​មាន​ការ​សន្និដ្ឋាន​ដែរ​ថា Flash Drive នេះ​អាច​នឹង​មិន​ត្រូវ​បាន​បញ្ចេញ​លក់​លើ​ទីផ្សារ​ក៏​ថា​បាន។

 

គួរ​ឱ្យ​ដឹង​ថា​នេះ​មិន​មែន​បទពិសោធន៍​លើក​ដំបូង​ឡើយ ដែល SanDisk ក៏​ធ្លាប់​ធ្វើ​រឿង​ស្រដៀង​នេះ​នៅ​ក្នុង​ពិព័រណ៍ CES ​ឆ្នាំ​ទៅ​ដែរ ដោយ​បង្ហាញ​ចេញ 1TB USB-C drive តែ​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​ឃើញ​ចរាចរ​លើ​ទីផ្សារ​សោះ​ឡើយ។ វា​ទំនង​គ្រាន់​ជា​គំនិត​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​អភិវឌ្ឍ​ផលិតផល​សម្រាប់​ថ្ងៃ​អនាគត​លើ​បច្ចេកវិទ្យា Flash ​ប៉ុណ្ណោះ។

 

ប្រសិន​បើ SanDisk ​ធ្វើការ​សម្រេច​រុញ​ Flash Drive ​ទំនើប​នេះ​ចូល​ក្នុង​ចង្វាក់​ផលិតកម្ម​មែន នោះ​វា​ពិត​ជា​ប្រពៃ​ខ្លាំង​ណាស់ សាធារណជន​មិន​តិច​ទេ​ច្បាស់​ជា​សាទរ​ចំពោះ​ឧបករណ៍​ផ្ទុក​ទិន្នន័យ​មាឌ​តូច តែ​ទំហំ​ដាក់​ឯកសារ​កប់​បែប​នេះ តែ​តម្លៃ​របស់​វា​ក៏​នឹង​កប់​តាម​នោះ​ដែរ៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ techspot

មតិយោបល់

អត្ថបទពេញនិយម