បច្ចេកវិទ្យា | January 10, 2019

Smartphone ​បត់អេក្រង់​​បាន​ដំបូង​គេ Royole FlexPai រះ​ឡើង​កាត់​មុខ​ Samsung ក្នុង​ពិព័រណ៍​ CES 2019

 

អាច​ពុំ​ជា​រឿង​គួរ​ភ្ញាក់ផ្អើល​នោះ​ឡើយ​ ព្រោះ​ថា​ក្រុមហ៊ុន Royole បាន​បញ្ចេញ​ FlexPai ​ស្មាតហ្វូន​ដំបូង​ដែល​មាន​អេក្រង់​បត់​បាន​កាលពី​ខែ​តុលា​ឆ្នាំ​ទៅ​រួច​ហើយ។ ចំណែក​ពេល​នេះ វា​បង្ហាញ​ខ្លួន​យ៉ាង​ឱឡារិក​​ម្ដង​ទៀត​នៅ​ក្នុង​ឆាក​ CES 2019។

 

 

​នៅ​ឆ្នាំ​នេះ​ក្រុមហ៊ុន​ទូរស័ព្ទ​ធំៗ បាន​បង្អួត​សមិទ្ធផល​រៀងៗ​ខ្លួន​សុទ្ធ​សឹង​ជា​ស្មាតហ្វូន​អម​បច្ចេកវិទ្យា​ទំនើប រចនាបថ​ទាន់​សម័យ តែ​ស្មាតហ្វូន​ទាំងនោះ​ហាក់​ទៅ​មិន​ទាន់​ដល់​ចំណុច​ល្អ​ឥត​ខ្ចោះ​នៅ​ឡើយ ពោល​គឺ​មិន​ទាន់​មាន​អ្វី​ថ្មី​ប្លែក​លេចធ្លោ​មុន​គេ មិន​មាន​ក្រុមហ៊ុន​ធ្លាប់​បង្កើត​បាន។ អីចឹង​ហើយ​ទើប​បណ្ដា​ក្រុមហ៊ុន​ទូរស័ព្ទ​ល្បីៗ​ពង្រីក​សក្ដានុភាព​ទៅ​លើ​ឌីហ្សាញ​ស្មាតហ្វូន​អេក្រង់​បត់បែន​បាន ហើយ FlexPai ក៏​ជា​អ្នក​រួម​ចំណែក​មួយ​ក្នុង​នោះ​ដែរ។

 

FlexPai ​រត់​ដោយ​បន្ទះ​ឈីប Snapdragon 855 ​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ស្មាតហ្វូន​បត់​អេក្រង់​បាន​ដំបូង​គេ​ដែល​ប្រើ​ឈីប​សមត្ថភាព​ខ្ពស់ 855។ វា​មាន​អង្គ​ចងចាំ 128GB អម​ដោយ RAM 6GB និង​មាន​ជម្រើស​អង្គ​ចងចាំ 256GB អម​ដោយ RAM 8GB។

 

ស្មាតហ្វូន​បត់​ទំនើប​នេះ កើត​មក​ជាមួយ​កាមេរ៉ា​ភ្លោះ 16MP+20MP មាន​អេក្រង់​ ៧,៨អ៊ីញ​នៅ​ពេល​ត្រដាង​លាត ជា​ប្រភេទ AMOLED។ FlexPai ​ជំនាន់ developer ទំហំ 128GB ​មាន​តម្លៃ ១៣១៨ដុល្លារ ហើយ​ម៉ូដែល 256GB ​តម្លៃ ១៤៦៩ដុល្លារ ដែល​តម្លៃ​នៅ​លើ​ទីផ្សារ​ចិន​ចាប់ពី ៩០០០យន់ ទៅ ១០០០០យន់៕

 

​ដោយ៖ ឈុន ហួរ
ប្រភព៖ techspot

មតិយោបល់

អត្ថបទពេញនិយម