ជីវិត | March 09, 2018

ពេលប្តូរទៅធ្វើការនៅផ្ទះ ត្រូវគិតដល់រឿងទាំងបួននេះ

អ្នកធ្លាប់ឃើញការផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​តាមបណ្តាញ​សង្គម ហើយអ្នក​រូបថត​និងវីដេអូ​ពីសហគ្រិន​ដែល​បង្ហាញ​រថយន្ត​ទំនើប​និងផ្ទះ​ដ៏ស្រស់​ស្អាតរបស់គេ រហូតដល់​អ្នកចង់​បោះបង់​ការងារ​ជាបុគ្គលិកគេចោល​ដើម្បី​ទៅធ្វើការ​ដោយខ្លួន​ឯង​នៅផ្ទះ​វិញ។ អ្នកលាការិយាល័យ​នៅថ្ងៃ​ចុងក្រោយ ហើយក្រោក​នៅព្រឹក​បន្ទាប់​ធ្វើជា​មនុស្ស​មានសេរីភាព ហើយដឹងថា​ការិយាល័យ​ថ្មីរបស់អ្នក​នៅក្រោម​ដំបូល​តែមួយ​ជាមួយ​នឹងកន្លែង​គេងរបស់​អ្នក។

 

 

ទោះជាទិដ្ឋភាពនេះ​គួរឱ្យ​សាទរ​យ៉ាងណា ក៏អ្នកត្រូវតែ​ពិចារណា​រឿងមួយ​ចំនួនដែរ គឺការធ្វើការ​នៅផ្ទះ​ផ្តល់ការ​គ្រប់គ្រង​ពេញលេញ​ក្នុងដៃ​របស់អ្នក ប៉ុន្តែលទ្ធផល​នៃការងារ​ក៏មាន​ទំនាកទំនង​យ៉ាងជិត​ស្និទ្ធជាមួយ​នឹងសីលធម៌​ការងារ​របស់អ្នកដែរ។ អ្នកធ្លាប់​តែស្តាប់គេ​ប្រាប់ថា​អ្នកគួរតែ​ធ្វើកិច្ចការ​នេះ ឬកិច្ចការ​នោះ ប៉ុន្តែ​ពេលធ្វើការ​នៅផ្ទះ​គ្មាន​នរណា​ប្រាប់អ្នកទេ គឺមានន័យថា​អ្នកទទួល​ខុសត្រូវ​ចំពោះ​ពេលវេលា​របស់អ្នក។ ប្រសិន​បើអ្នកចង់​ធ្វើការ​ឱ្យមាន​ប្រសិទ្ធភាព និងរក្សា​បានឯក​រាជ្យ​ភាព មានគន្លឹះ​បួនដែល​អាចជួយ​អ្នកបាន ៖


១/ មានផែនការ​សម្រាប់ថ្ងៃ​នីមួយៗ​និងកិច្ចការ​នីមួយៗ
ជារឿងគួរឱ្យ​អស្ចារ្យ​និងគួរ​ឱ្យខ្លាច​ណាស់ដែល​សហគ្រិន​ជើងថ្មី​ជាច្រើន​ព្យាយាម​ធ្វើការ​ដោយគ្មាន​ផែនការ។ អ្នកត្រូវការ​ផែនការ​ពិតប្រាកដ​មួយ ហើយ​អ្នកត្រូវតែ​ពិនិត្យ​និងកែតម្រូវ​ផែនការ​នោះ​រាល់ថ្ងៃ។ អ្នកត្រូវការ​ពេលនៅ​តែម្នាក់ឯង ហើយគិត​ដល់ពេល​វេលាមួយឆ្នាំ​នៅខាងមុខ បន្ទាប់​មកបំបែក​កិច្ចការ​ទៅតាម​ខែនិងសប្តាហ៍​នីមួយៗ។ លើសពីនេះ​ទៅទៀត អ្នកត្រូវបំបែក​កិច្ចការ​ប្រចាំ​សប្តាហ៍​ទៅជាការងារ​ប្រចាំថ្ងៃ​នៅមុន​ពេល​ចូលគេង​ក្នុងយប់​នីមួយៗ។


២/ បិទពេលវេលាដើម្បី​ផ្តោតធ្វើការ​ដោយគ្មាន​ការរំខាន
ពេលធ្វើការនៅផ្ទះ អ្នកងាយ​នឹងរងការ​រំខាន​ណាស់។ វីដេអូថ្មីៗ​រង់ចាំអ្នកមើល បណ្តាញសង្គមលាន់សំឡេងមិនឈប់ អ៊ីមែលសួរពីគ្រប់ទិស ការងារកំប៉ិកកំប៉ុករាប់រយមុខទៀតរង់ចាំអ្នកធ្វើ។ ត្រូវចងចាំថាគ្មាននរណា​ម្នាក់ប្រាប់​អ្នកថា​ត្រូវធ្វើ​កិច្ចការ​អ្វីទេ គឺអ្នក​ជាអ្នក​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ ហេតុ​ដូច្នេះ​ហើយ អ្នកត្រូវស្គាល់​ឥទ្ធិពល​នៃការបិទ​ពេលវេលា​ដើម្បី​ផ្តោតធ្វើការ។ អ្នកកំណត់​ពេលវេលា​ជាក់លាក់​សម្រាប់​ធ្វើកិច្ចការ​នីមួយៗ ហើយព្យាយាម​ធ្វើឱ្យរួចរាល់​តាមការ​កំណត់។ អ្នកធ្វើការ​មួយម៉ោង​ដោយគ្មាន​ការរំខាន​អ្វីទាំងអស់ រួចសម្រាក​១៥នាទី។ ខិតខំ​ធ្វើការ​នៅក្នុង​ពេល​កំណត់របស់​អ្នក ហើយផ្តល់​រង្វាន់​ឱ្យខ្លួនឯង​នៅពេល​ធ្វើការរួច ឬក្រោយ​ពេលផ្តោត​ចិត្តទុក​ដាក់​អស់​មួយរយៈ។


៣/ បន្ធូបន្ថយឱ្យខ្លួនឯងខ្លះ
ពេលធ្វើការនៅផ្ទះ ថ្ងៃខ្លះអ្នកធ្វើកិច្ចការ​បានសម្រេច​ច្រើន តែក៏មាន​ថ្ងៃខ្លះ​អ្នកធ្វើ​គម្រោង​មិនហើយ​សូម្បីតែ​មួយ។ ប្រសិន​បើអ្នកមាន​ផែនការច្បាស់​លាស់ និងបាន​កំណត់​ពេលធ្វើការ​ជាក់លាស់ អ្នកអាច​នឹងមាន​ពេលសម្រាក​ខ្លះ។ សហគ្រិន​ភាពគឺ​ជារឿង​សេរីភាព ពោល​គឺរឿង​គ្រប់គ្រង​ពេលវេលា​ផ្ទាល់​ខ្លួន។ អ្នកអាច​នឹងបង្កើត​ប្រព័ន្ធ​ដើម្បី​ជួយឱ្យ​សម្រេច​គោលដៅ​ទាំងអស់​របស់អ្នក ហើយអ្នក​ក៏អាច​សម្រាកខ្លះ​នៅពេល​អ្នកចង់​សម្រាកដែរ។ អ្នកត្រូវ​បង្កើត​ផែនការ​ដែលផ្តល់​ភាពបត់បែន​ដល់ខ្លួន​ឯង។


៤/ រក្សាទំនួលខុស​ត្រូវចំពោះ​ខ្លួនឯង
មធ្យោបាយល្អបំផុត​មួយក្នុង​ការរក្សាបាន​ផលិតភាព​គឺការមាន​ទំនួលខុស​ត្រូវនៅ​ក្នុងពាណិជ្ជ​កម្មរបស់​អ្នក។ បច្ចេក​វិទ្យា​សព្វថ្ងៃនេះ​កាន់តែ​ធ្វើផ្តល់ភាពងាយស្រួល​ដល់អ្នក​ក្នុងការរ​ក្សាទំនួល​ខុសត្រូវ។ អ្នកអាច​នឹងចូលរួម​ជាមួយ​ក្រុមមេ​គំនិត ជួយ​មនុស្ស​ដែលចាំ​តាមដាន​ទំនួល​ខុសត្រូវ ឬបង្កើត​ដៃ​គូ​ជាមួយ​នឹង​សហគ្រិន​​ដូចគ្នា​ដើម្បីចាំ​រំឭកគ្នា​អំពីទំនួល​ខុសត្រូវ​រៀងៗខ្លួន។ អ្នកជួបគ្នា​ដើម្បីកំណត់​ផែនការ​ថានរណា​នឹងសម្រេច​កិច្ចការ​អ្វីខ្លះនៅក្នុង​រយៈពេល​កំណត់​ជាក់លាក់​មួយដូចគ្នា។ ទំនួលខុសត្រូវ​អាចជា​យុទ្ធសាស្រ្ត​សំខាន់​មួ​យ​ដើម្បីជួយ​អ្នកពង្រីក​ពាណិជ្ជ​កម្ម។


ប្រែសម្រួល៖ វេហា
ប្រភព៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម