ជីវិត | March 08, 2018

មើលមុខមហាសេដ្ឋីក្មេងៗបំផុតឆ្នាំ២០១៨

នៅក្នុងបញ្ជីកំពូលអ្នកមានបំផុតរបស់ពិភពលោកសម្រាប់​ឆ្នាំ២០១៨ ដែលរៀបចំ​ដោយទស្សនាវ​ដ្តី​ Forbes មានមហា​សេដ្ឋី​៦៣នាក់​ក្នុង​ចំណោមមហាសេដ្ឋី​២២០៨នាក់​ដែលមាន​អាយុក្រោម​៤០ឆ្នាំ។​ ក្នុងចំណោម​មហាសេដ្ឋី​វ័យក្រោម​៤០ឆ្នាំ​ទាំងនេះ មានជាង​ពាក់​កណ្តាល គឺ៣៤នាក់​ដែល​បានប្រែក្លាយ​ខ្លួនពី​បាត​ដៃទទេ ទៅជា​សហគ្រិន​និងមាន​ទ្រព្យស្តុកស្តម្ភ​រាប់ពាន​លាន​ដុល្លារ។ ការបែងចែក​ក្នុង​ចំណោម​មហាសេដ្ឋី​វ័យក្មេង​ទាំងនេះ​រកឃើញ​ថាមហា​សេដ្ឋី​ទាំងអស់​ដែលប្រើប្រាស់​តស៊ូ​ដោយខ្លួនឯង​រហូត​ដល់មាន​ទ្រព្យរាប់ពាន់​លានជា​មនុស្ស​ប្រុស ហើយមាន​មហាសេដ្ឋី​ស្រី១៦​នាក់​ទទួលបាន​ម​រតក​ពីគ្រួសារ។

 


បីឆ្នាំជាប់គ្នាហើយ មហាសេដ្ឋីក្មេង​បំផុត​ក្នុងពិភព​លោកជា​បងប្អូនស្រី​ស្នងមរតក​ជនជាតិ​ណ័រវេស​ឈ្មោះ Alexandra និង Katharina Andersen ដែលមាន​អាយុ​២១ឆ្នាំ​និង​២២ឆ្នាំ។ ឪពុក​របស់​យុវតី​មហាសេដ្ឋី​ទាំងពីរ​នាក់នេះ​គឺលោក Johan H. Andersen ដែលបាន​ផ្ទេរកម្ម​សិទ្ធិ​ក្រុមហ៊ុនវិនិយោគ​របស់​គ្រួសារ​ទៅឱ្យ​បងប្អូន​ទាំងពីរនាក់នេះ​កាលពី​ឆ្នាំ​២០០៧។ ប៉ុន្តែបណ្តាញ​ផ្សាយ​ទើបតែ​ទទួល​បានដំណឹង​អំពីការ​ផ្ទេរមរតកនេះ​នៅ​ក្នុងឆ្នាំ២០១៦​ប៉ុណ្ណោះ ហើយក្នុង​ចំណោម​បងប្អូន​ស្រីទាំងពីរ​នាក់នេះ ម្នាក់ៗមាន​ទ្រព្យ១.៤​ពាន់​លាន​ដុល្លារ​ដូចគ្នា។


ចំណែកមហាសេដ្ឋីវ័យ​ក្មេងបំផុត​ដែលរកទ្រព្យ​ដោយខ្លួនឯង​គឺលោក John Collison មានអាយុ​២៧ឆ្នាំ។ លោកបាន​សហការ​បង្កើត​ក្រុមហ៊ុនទូទាត់​លុយកាក់​ជាមួយ​នឹងបងប្រុស​ឈ្មោះ Patrick Collison ដែលមាន​អាយុ២៩ឆ្នាំ ហើយក៏ជា​មនុស្ស​ដែលស្ថិត​នៅក្នុង​ប​ញ្ជីមហាសេដ្ឋី​វ័យក្មេង​របស់ទស្សនា​វដ្តី Forbes ដែរ។ បងប្អូន​ទាំងពីរ​នាក់នេះ ម្នាក់ៗមាន​ទ្រព្យមួយ​ពាន់លាន​ដុល្លារ​ដូចគ្នា។ លោក John Collison មានអាយុ​តិចជាង​សហស្ថាបនិក​ក្រុមហ៊ុន Snapchat គឺលោក Evan Spiegel ត្រឹមតែ​ពីរបីខែ​ប៉ុណ្ណោះ។ ទោះជា​យ៉ាងណា លោក Spiegel មាន​ទ្រព្យសម្បត្តិ ៤.១ពាន់​លានដុល្លារ។


សមាជិកមហាសេដ្ឋីវ័យ​ក្មេងថ្មីរបស់​ពិភពលោក​នៅឆ្នាំនេះ​គឺលោក Pavel Durov ដែលត្រូវគេ​ស្គាល់ថា​ជា Mark Zuckerberg របស់​ប្រទេស​រុស្ស៊ី (អ្នកទាំងពីរ​មានអាយុ​៣៣ឆ្នាំ​ដូចគ្នា)។ លោក Durov បានបង្កើតក្រុមហ៊ុន Vkontakte ដែលជា​បណ្តាញ​ពត៌មាន​សង្គម​ធំបំផុត​លេខពីរ​របស់ប្រទេស​រុស្ស៊ី​ក្នុងឆ្នាំ​២០០៧​នៅពេល​មានអាយុ ២២ឆ្នាំ។ សព្វថ្ងៃ​បណ្តាញ​សង្គម Vkontakte មានអ្នក​ប្រើប្រាស់​ជាង៤០០​លាននាក់។


ចំណែកកំពូលមហាសេដ្ឋីវ័យក្មេង​ដែលមាន​ទ្រព្យច្រើន​ជាងគេ​បំផុត​នៅអាយុ​ក្រោម៤០​ឆ្នាំ​គឺលោក Mark Zuckerberg ដែល​មាន​ទ្រព្យសរុប​៧១​ពាន់លាន​ដុល្លារ។ តាមរយៈគោលដៅ​ធ្វើឱ្យ​បណ្តាញ Facebook មានលក្ខណៈ​ផ្តោតកាន់តែ​ខ្លាំងលើ​គ្រួសារ​និងមិត្តភក្តិ​នៅឆ្នាំ​២០១៨​នេះ មហាសេដ្ឋីវ័យ​៣៣ឆ្នាំ​ក៏មានកូន​ស្រីទី​ពីរដែរ។


កំពូលមហាសេដ្ឋីលេខ​ពីរវ័យ​ក្រោម៤០ឆ្នាំ​គឺលោកស្រី Yang Huiyan អ្នកស្នង​មរតកពី​អាណាចក្រ​អចលនទ្រព្យ​នៅប្រទេស​ចិន។ លោកស្រី Yang មានអាយុ​៣៦ឆ្នាំ និងមាន​ទ្រព្យសរុប ២១.៩ពាន់​លាន​ដុល្លារ។


ប្រែសម្រួល៖ វេហា
ប្រភព៖ Forbes

មតិយោបល់

អត្ថបទពេញនិយម