ជីវិត | March 08, 2018

ក្រឡេកមើលសាវតាត្រួសៗរបស់ក្រុមហ៊ុន​ Panasonic នៅអាយុ១០០ឆ្នាំ

ក្រុមហ៊ុនផលិតសម្ភារៈអគ្គិសនីជប៉ុន Panasonic បានចាប់​ផ្តើមកំណើត​ឡើងនៅថ្ងៃ​ទី៧ខែមីនា​ឆ្នាំ១៩១៨ ដោយបុរស​វ័​យ​២៣ឆ្នាំ​ម្នាក់ឈ្មោះ​Konosuke Matsushita។ មុនពេល​បង្កើត​ក្រុម បុរសម្នាក់នេះ​រស់នៅ​ក្នុងផ្ទះតូច​មួយដែល​មានពីរ​បន្ទប់​ជាមួយ​ភរិយា​និ​ងប្អូនប្រុស​យុវវ័យ​ម្នាក់។ ក្រោយ​ពីធ្វើការ​ជាបុគ្គលិក​ហាត់ការ​នៅក្នុង​ក្រុមហ៊ុន​ផលិតកង់ និងធ្វើការ​ក្នុងក្រុមហ៊ុន​ផលិត​សម្ភារៈ​អគ្គិសនី​ Osaka Electric Light លោក​Matsushita មានគំនិត​ច្នៃប្រឌិត​មួយក្នុង​ការបង្កើត​ក្បាល​តអំពូល​ភ្លើងថ្មី​មួយ។

 


បើទោះជាមិនទទួល​បានការលើក​ទឹកចិត្ត​អ្នកគ្រប់គ្រង ក៏លោក​ Matsushita និងគ្រួសារ​របស់លោក​បានព្យាយាម​លក់​ឧបករណ៍​ច្នៃប្រឌិត​ថ្មីនោះនៅ​ក្នុងផ្ទះ​ដែរ។ ដើម្បី​ដោះស្រាយ​បញ្ហារស់នៅ​ក្នុងអន្តរ​កាលនេះ គ្រួសារនេះ​ថែមទាំង​លក់វត្ថុ​មាន​តម្លៃបំផុត​នៅក្នុង​គ្រួសារ​ទៀតផង។ ស្រប​ពេលជាមួយ​គ្នានេះ លោក Matsushita បានពង្រីក​ចំនួន​ផលិត​ផលកាន់តែ​ច្រើន​ជម្រើស។


តាមរយៈការប្រឹងប្រែងរបៀបនេះ គ្រួសារតូច​មួយដែល​មានសមាជិក​៣នាក់នេះ​បានប្តូរទៅ​រ​ស់នៅ​ក្នុងផ្ទះ​ធំជាងមុន ហើយក្រុមហ៊ុន​ Matsushita Electric Housewares Manufacturing Works ក៏លេច​រូបរាង​ឡើង។ លោក Matsushita បានពង្រីក​ចង្វាក់​ផលិកម្ម​យ៉ាងរហ័ស ហើយ​នៅ​ចង់ឆ្នាំ១៩១៨ ក្រុមហ៊ុន​មានបុគ្គលិក​ចំនួន​២០នាក់។


លោកMatsushita ជាមនុស្សដើរមុនសម័យ​កាលនៅ​ក្នុងវិធី​សាស្រ្តគ្រប់គ្រង​របស់លោក។ នៅពេល​ក្រុមហ៊ុន​មានអាយុ​២ឆ្នាំ និង​មានបុគ្គលិក​២៨​នាក់ លោក​បានបង្កើត​គំនិត​គ្រប់គ្រង​មួយដែល​មានឈ្មោះថា ”សង្គមមួយជំហាន”។ គំនិត​មួយនេះ​ប្រមូលផ្តុំ​បុគ្គលិក​ទាំងអស់​ឱ្យលេង​កីឡា​ជាមួយគ្នានិង​ចូលរួម​ក្នុងសកម្មភាព​កម្សាន្ត​ផ្សេងៗ​ទៀត​ជាមួយគ្នា។


គន្លឹះក្នុងភាពជាអ្នកដឹកនាំ​ខុសពីធម្មតា​មួយទៀត​គឺលោក Matsushita បានផ្តោត​លើតម្លាភាព។ នៅដើម​ទសវត្សឆ្នាំ​១៩២០ ការរក្សា​បុគ្គលិក​ឱ្យនៅ​ធ្វើការ​ក្នុងក្រុមហ៊ុន​ជាបញ្ហា​ច​ម្បង​មួយក្នុង​ប្រទេសជប៉ុន ដោយសារ​មានការ​ប្រកួតប្រជែង​ខ្ពស់ក្នុង​ចំណោម​ក្រុមហ៊ុន​ដូចគ្នា និង​ដោយសារដំណើរ​សេដ្ឋកិច្ច​ធ្លាក់ចុះ។ ទស្សនវិជ្ជា​របស់លោក Matsushita គឺការ​ទុកចិត្ត ហើយលោក​សម្រេច​ចិត្ត​ប្រាប់​អាថ៌កំបាំង​ពាណិជ្ជ​កម្ម​ទាំងអស់​សូម្បី​តែជាមួយ​នឹងបុគ្គលិកថ្មី​ដើម្បី​បង្កើត​ទំនុកចិត្ត​នៅគ្រប់​កម្រិតទាំង​អស់​នៃស្ថាប័ន​ការងារ។ នៅចុង​ឆ្នាំ​១៩២២ ក្រុមហ៊ុន​មានបុគ្គលិក​៥០នាក់​និង​រោងចក្រមួយ។


នៅចុងទសវត្សឆ្នាំ១៩២០ សម្ភារៈដែលគេ​ផលិត​បានមាន​ចំនួនច្រើន​លើសពី​ត​ម្រូវ​ការ។ ដើម្បីសម្រួល​រឿងស្ថាន​ការណ៍នេះ លោក Matsushita បានប្រកាសការ​សម្រេចចិត្ត​កាត់បន្ថយ​ការផលិត​ពាក់​កណ្តាល ប៉ុន្តែ​មិនបញ្ឈប់​ការងារ​បុគ្គលិក​ណាម្នាក់​ឡើយ។ លោកបាន​និយាយថា “យើង​នឹងផលិត​តែពាក់​កណ្តាល ហើយ​មិនបញ្ឈប់​បុគ្គលិក​ណាម្នាក់​ទេ ប៉ុន្តែ​យើងនឹង​ធ្វើការតែ​ពាក់កណ្តាល​ថ្ងៃ។ យើងនឹង​បន្តបើក​ប្រាក់ខែ​ពេញដដែល ប៉ុន្តែ​ក៏គ្មានថ្ងៃឈប់​សម្រាកដែរ។


នៅក្នុងអំឡុងពេលដូចគ្នា​នេះដែរ ក្រុមហ៊ុន​បានពង្រីក​ចង្វាក់​ផលិតកម្ម​កាន់តែ​ច្រើន​ដោយមាន​ទាំងផលិត​ដែកនិងវិទ្យុ។ លោក Matsushita បានដាក់​ចេញទស្សន​វិជ្ជា​ពាណិជ្ជ​កម្ម​របស់លោក​បន្ថែម​ទៀត។ លោកបាន​ស្នើផែនការ​២៥០ឆ្នាំ​សម្រាប់​ក្រុមហ៊ុន ដោយ​បំបែក​ទៅជា​ដំណាក់កាល​២៥​ឆ្នាំ​១០ដង ហើយក្នុងមួយ​ដំណាក់កាល​២៥ឆ្នាំ​មានបែងចែក​ជាបីដំណាក់​កាល​ថែមទៀត​គឺដំណាក់​កាលស្ថាបនា​១០ឆ្នាំ ដំណាក់​កាលសកម្ម​១០ឆ្នាំ និងដំណាក់​កាលសម្រេច​ឱ្យបាន៥ឆ្នាំ។


ពីមួយទសវត្សទៅមួយ​ទសវត្ស ក្រុមហ៊ុន​បង្កើត​ផលិតផល​ថ្មីៗបាន​កាន់តែ​ច្រើន ហើយនៅ​ឆ្នាំ​១៩៣៥ ក្រុមហ៊ុន​បានប្រែឈ្មោះ​ទៅជា Matsushita Electric Industrial Co. និងមាន​បុគ្គលិក​ប្រហែល​៣,៥០០នាក់ និងមាន​ផលិតផល​ប្រហែល​៦០០ប្រភេទ​ខុសៗគ្នា។ នៅទសវត្ស​ឆ្នាំ១៩៣០​នេះដែរ ក្រុមហ៊ុន​បានបើក​កន្លែង​បណ្តុះបណ្តាល​បុគ្គលិក និងពង្រីក​ថ្ងៃឈប់​សម្រាក​ពី២ថ្ងៃ​ទៅ៤ថ្ងៃ​ក្នុងមួយខែ ដោយពេល​ពីរថ្ងៃ​សម្រាប់​ការកម្សាន្ត​និង​២ថ្ងៃផ្សេងទៀត​សម្រាប់​ការសិក្សា​ផ្ទាល់ខ្លួន។


ក្រោយពីហែលឆ្លងដំណាក់​កាលលំបាក​នៃសង្រ្គាម​លោកលើកទី​ពីររួចមក ក្រុមហ៊ុន​បានពង្រីក​ចង្វាក់​ផលិត​កម្មកាន់តែច្រើន​និងនៅ​ចន្លោះ​ពីឆ្នាំ​១៩៤៥​ដល់​១៩៥៩ ក្រុមហ៊ុន​បានផលិត​ម៉ាស៊ីន​បោកគក់ ទូរទស្សន៍ ទូទឹកកក ឆ្នាំងដាំបាយ​អគ្គិសនី ម៉ាស៊ីន​ថត​សំឡេង និងម៉ាស៊ីន​ត្រជាក់​បំពាក់តាមផ្ទះ ហើយក៏​ពង្រីកខ្លួន​ទៅក្នុង​ពិភពលោក។


លោក Konosuke Matsushita បានចូលនិវត្ត​ក្នុងឆ្នាំ​១៩៦១ ហើយកូនប្រសារ​ប្រុសឈ្មោះ​ Masaharu Matsushita បានក្លាយ​ជាប្រធាន​ក្រុមហ៊ុន។ នៅទសវត្ស​ឆ្នាំ១៩៦០ ក្រុមហ៊ុន​បានបង្កើត​គំនិត​ធ្វើការតែ៥ថ្ងៃ​ក្នុងមួយ​សប្តាហ៍ និងកំណត់​រចនា​សម្ព័ន្ធ​ប្រាក់ខែថ្មី​ដែលផ្តល់​ប្រាក់ខែ​ទៅតាមមុខ​តំណែង​ជាជាង​តាមឆ្នាំ​នៃការងារ។ ក្រុមហ៊ុន​បានហែលឆ្លង​ដំណាក់កាល​លំបាកៗ​នៃសេដ្ឋកិច្ច​ជាច្រើន​ដូចជា​វិ​បត្តិប្រេង​នៅដើម​ទសវត្សឆ្នាំ​១៩៧០ ហើយស្ថាបនិក​ក្រុមហ៊ុន​បានទទួល​មរណភាព​នៅថ្ងៃទី​២៧ខែ​មេសាឆ្នាំ​១៩៨៩ ក្នុងអាយុ៩៤ឆ្នាំ។


ចូលមកដល់សម័យ​កាល​អ៊ីនថឺណិតនេះ ក្រុមហ៊ុន​នៅតែបន្ត​បង្កើត​ផលិតផល​ទំនើបៗ​និងកែ​ឈ្មោះជា Panasonic Corporation នៅក្នុងឆ្នាំ​២០០៨​។ នៅឆ្នាំ​២០១៣ ក្រុមហ៊ុន Panasonic បានបំបែក​ខ្លួនទៅ​ជាក្រុមហ៊ុន​៤ដោយផ្អែក​លើប្រភេទ​នៃវិស័យ​ការងារ​គឺសម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ ដំណោះ​ស្រាយ​បរិស្ថាន បណ្តាញ AVC និងប្រព័ន្ធ​រថយន្ត​និង​ឧស្សាហ​កម្ម។


នៅខែមីនាឆ្នាំ២០១៧ ក្រុមហ៊ុន Panasonic បានប្រកាស​ថាគេ​មានបុគ្គលិក​២៥៧,៥៣៣​នាក់ ហើយទស្សន​វិស័យ​១០ឆ្នាំ​ខាងមុខ​របស់​ក្រុមហ៊ុន​នេះមានទាំង​បច្ចេក​វិទ្យាថ្មីៗ មនុស្ស​យន្ត និង​ថាមពល។


ប្រែសម្រួល៖ វេហា
ប្រភព៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម