ជីវិត&អាជីវកម្ម | December 06, 2018

ការ​ប្រថុយ​ដែល​សហគ្រិន​គួរតែ​ដឹង

 

ការប្រថុយ​ជា​​រឿង​​​គួរ​ឱ្យខ្លាច​ណាស់ ទោះ​បីអ្នក​គ្រាន់​តែ​​​លេងល្បែង​ភ្នាល់​គ្នា​ជាមួយ​​មិត្ត​ភក្តិ ឬលា​ឈប់​ពី​ការងារ​​ដើម្បី​​ទៅ​ធ្វើ​ជំនួញ​ដោយ​​ខ្លួន​ឯង​ក៏ដោយ។ ​មនុស្ស​ភាគ​ច្រើន​ព្យាយាម​​គេច​ចេញ​ពីការ​ប្រថុយ​ពីព្រោះ​អស់​កម្មភាព​​តែងតែ​​មាន​​សុវត្ថិភាព​ជាង​សកម្មភាព។ ប៉ុន្តែ​​មនុស្ស​​ជោគជ័យ​​ភាគច្រើន​​នឹង​​ប្រាប់​​អ្នកថា​​គេបាន​ទៅដល់​​ចំណុច​សព្វថ្ងៃនេះ​​ដោយសារ​​គេ​ហ៊ាន​​ប្រថុយ​ដែល​មនុស្ស​​ផ្សេង​ទៀត​​មិន​ហ៊ាន។

 

ទោះជាយ៉ាង​ណា​ការ​ប្រថុយ​​នៅ​តែ​​ធ្វើឱ្យ​​មនុស្សភាគ​ច្រើន​​ភ័យ​ខ្លាច ជាពិសេស​​សហគ្រិន​ជើង​​ថ្មី។ ប៉ុន្តែ​​ការប្រថុយ​​មានភាព​​ស្មុគស្មាញ​​ជាង​​ការ​គ្រាន់​​តែ​​ហ៊ាន​​ធ្វើ​កិច្ចការ​​ដែល​​អ្នកដទៃ​​មិន​ហ៊ាន​ធ្វើ។ ដើម្បី​បង្កើន​​ទំនុក​ចិត្ត​​និង​ធ្វើ​​ជា​អ្នក​​ហ៊ាន​​ប្រថុយ​​ដោយ​​​ការ​គិត​​គូរ​ច្បាស់​​លាស់​ អ្នកត្រូ​វ​ចងចាំ​​ចំណុច​ទាំងនេះ​ក្នុង​​ចិត្ត​​ជានិច្ច​៖

 

១/ ការ​ហ៊ាន​ប្រថុយ​ជា​ភាពក្លាហានពីកំណើតរបស់សហគ្រិនភាព

បើអ្នកមិនត្រៀម​ខ្លួន​​ដើម្បី​ប្រថុយ​ទេ អ្នក​គ្មាន​​លក្ខណៈ​​ពិសេស​​អ្វី​​ដើម្បី​​ធ្វើជា​​​សហគ្រិនទេ។​​សហគ្រិន​ភាព​​មាន​ទំនាក់​ទំនង​​យ៉ាង​​ជិតស្និទ្ធ​ជាមួយ​នឹង​​ការហ៊ាន​ប្រថុយ។ អ្នក​នឹង​​ត្រូវ​វិនិយោគ​ដើម​ទុនខ្លះ ឬត្រូវខ្ចីលុយ​គេ​​ដើម្បី​​បង្កើត និង​ពង្រីក​មុខ​ជំនួញ។ អ្នក​នឹង​​​ត្រូវ​ប្រថុយ​កេរ្តិ៍ឈ្មោះ​​លើ​​គំនិត​ថ្មីដែល​​មិនទាន់​មាន​​នរណា​សាកល្បង។ អ្នកនឹង​​ត្រូវ​លះបង់​ប្រាក់​ចំណូល​ទៀង​ទាត់​ជាច្រើន​​ខែ​ឬ​រហូត​ដល់​​ច្រើន​ឆ្នាំ​​ដើម្បី​​ប្រថុយ​​ក្នុង​មុខ​ជំនួញ​ផ្ទាល់​​ខ្លួន។

 

ហើយ​​ចាប់ពី​​ចំណុច​​នេះ​ទៅ គ្រប់ការ​​សម្រេច​​ចិត្ត​ទាំង​​អស់​​របស់​​អ្នក​សុទ្ធ​តែ​​មាន​​ការ​ប្រថុយ​​ទាំងអស់​ ពោល​គឺ​បុគ្គលិក​​ថ្មី​របស់​​អ្នក​អាច​​នឹង​លាឈប់​ទៅធ្វើ​ការ​នៅកន្លែងផ្សេង យុទ្ធសាស្រ្ត​ដឹកនាំ​របស់​អ្នក​អាច​នឹង​មិនសម្រេច​គោលដៅ​ដូចការ​គិត អតិថិជន​របស់អ្នក​អាច​នឹង​មិនចូលចិត្ត​ឬមិនគាំទ្រ​ផលិតផលដែល​អ្នកខិតខំសម្រិតសម្រាំង​អស់ពីកម្លាំង​កាយចិត្ត។

 

២/ការប្រថុយ​មាន​ច្រើន​ប្រភេទផ្សេងៗគ្នា

ការប្រថុយ​មាន​ទាំង​​តូច​​ទាំងធំ ហើយ​ក៏​មានការប្រថុយ​​ដែល​​កើតចេញ​ពីការគិត​​គូរ​គ្រប់ជ្រុង​ជ្រោយ​ដែរ។ ក្រៅពីនេះ​​នៅមាន​​ការ​ប្រថុយ​​ក្នុង​​របៀប​មិន​​ច្បាស់លាស់​​ដែល​ធ្វើ​​ឱ្យ​ស្មុគ​ស្មាញ​​ដល់​​ការ​សម្រេច​ចិត្ត​របស់​​អ្នក។ ការប្រថុយ​​ក្នុង​ពាណិជ្ជកម្ម​ភាគ​ច្រើន​​ស្ថិត​​នៅ​ក្នុង​​ក្រុម​ប្រថុយ​​ចុង​ក្រោយ​នេះ ដោយ​សារ​​មាន​កត្តា​ជាច្រើន​​ដែល​សហគ្រិន​​ពិបាក​​ប៉ាន់ស្មាន​​ទុក​មុន។ មាន​ការប្រថុយ​​មួយទៀត​​ដែល​គ្មាន​​នរណា​​ម្នាក់​​អាច​​ដឹង​​សោះ​គឺនៅពេល​ដែលអ្នក​​នាំចូល​ផលិត​ផល​ថ្មី​ស្រឡាង​ទៅក្នុង​ទីផ្សារ។

 

ការស្គាល់​​ភាពខុស​គ្នារវាង​​ការប្រថុយ​​ទាំងអស់​​នេះ​​អាចជួយ​​ឱ្យ​អ្នក​​យល់​​ដឹង​​បាន​កាន់​តែ​​ប្រសើរ​​ក្នុង​​របៀប​​ប្រថុយ​សម្រេច​ចិត្ត​​ដែល​អ្នក​​នឹង​​ជួប​ប្រទះ​រាល់ថ្ងៃ​​ក្នុង​​ដំណើរ​​សហគ្រិន​ភាព។

 

៣/ ការប្រថុយខ្លះ​​របស់​អ្នក​នឹង​មិនមានផ្លែផ្កា​អ្វីមកវិញទេ

អ្នក​ហ៊ាន​​ប្រថុយ​​បែប​សុទិដ្ឋិនិយម​​នឹង​​មើល​​ឃើញ​លទ្ធផល​​ល្អ​​ជានិច្ច គឺគេរំពឹង​ថា​​យ៉ាង​​ណោច​ណាស់​​ក៏មាន​​ឱកាស​​ជោគជ័យ​​៥០%ដែរ។ សុទិដ្ឋិនិយម​​បែប​នេះ​​កាន់តែ​ធ្វើ​​ឱ្យ​មាន​ទំនុក​ចិត្ត​​ថែមទៀត​​ដោយ​សារ​ផ្នត់​គំនិត​​សង្គម​​ដែល​​តែងតែ​​យល់​ថា​​ការហ៊ាន​ប្រថុយ​​តែងតែ​​ជា​យុទ្ធសាស្រ្ត​ល្អ។ ទោះជា​យ៉ាង​ណា អ្នកមិន​ត្រូវ​​ង​ប់ងល់​​ទាំង​​ច្រឡំ​ថា​គ្រប់​ការ​ប្រថុយ​សុទ្ធតែ​​ល្អ​ទាំង​អស់​នោះ​ទេ។​

 

ការប្រថុយ​ខ្លះ សូម្បី​មាន​​ការគិត​គូរ​គ្រប់​ជ្រុង​ជ្រោយ​​ហើយ​ក៏ដោយ ក៏នឹង​​បរាជ័យ​ដែរ។ ជំនួស​​មក​វិញ អ្នក​​ត្រូវ​ព្រងើយ​កន្តើយ​ចំពោះ​ការពិត​ទាំង​អស់​នេះ ហើយ​​បណ្តោយ​ឱ្យខ្លួន​អ្នក​​ទទួល​យក​គ្រប់​លទ្ធភាព​​ទាំង​​អស់​​ដែល​អាច​​នឹង​​កើត​​ចេញ​ពីការ​ហ៊ាន​​ប្រថុយ​ គឺបើ​​ប្រថុយ​​ទៅបាន​​ទទួល​ជោគ​ជ័យ​​វា​ជា​រង្វាន់​​សម្រាប់​​អ្នក​ ប៉ុន្តែ​​បើ​ប្រថុយ​​ទៅ​​បរាជ័យ​​អ្នក​មិនត្រូវ​សោក​ស្តាយ​អ្វីទាំង​អស់។  

 

៤/ មនុស្សយើង​លម្អៀងពីកំណើត​ទៅរក​ការ​គិត​ដល់​មហន្តរាយ

មានការលម្អៀង​ពីកំណើត​​ចំនួន​​ពីរប្រភេទ​​នៅក្នុង​ចិត្ត​មនុស្ស​ទាក់ទង​នឹង​​ការហ៊ាន​ប្រថុយ។ ទីមួយ​គឺយើង​​តែង​តែ​​បំភ្លើស​លទ្ធភាព​នៃ​បរាជ័យ។ មនុស្ស​ច្រើន​តែ​មាន​​ទុទិដ្ឋិនិយម​​ក្នុងការ​​ប៉ាន់ស្មាន​​បរាជ័យ​លើស​ពីស្ថាន​ភាព​​ជាក់ស្តែង​ទៅទៀត​។ ទីពីរ​គឺ​យើង​​ច្រើន​តែគិត​​បំភ្លើស​លទ្ធផល​នៃ​បរាជ័យ។ គឺយើង​ស្រមើ​ស្រមៃ​ដល់​ទិដ្ឋភាព​​អាក្រក់ៗ​គ្រប់​រូបភាព​​ទាក់ទង​នឹង​​បរាជ័យ​នៅពេល​ដែល​​ការពិត​​មិនទាន់​មក​ដល់​​ផង។​ត្រូវចង​ចាំ​ចំណុច​នេះ​​ទុក​ក្នុង​​ចិត្តនៅ​ពេល​​អ្នក​ស្រមើល​ស្រមៃ​ដល់​លទ្ធផល​​អវិជ្ជមាន​ដែល​​កើត​ចេញ​ពីការហ៊ាន​ប្រថុយ​របស់​អ្នក។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម