ជីវិត&អាជីវកម្ម | December 06, 2018

ការឆាប់ក្រោកពីដំណេកមានប្រយោជន៍ច្រើន

 

សព្វថ្ងៃនេះ​​មនុស្ស​ផ្សេងគ្នា​យល់​ខុស​គ្នា​នៅពេល​​គេនិយាយ​ដល់​រឿង​​ឆាប់​ក្រោក​ពីដំណេក។ មនុស្ស​ខ្លះ​​គិតថា​ការឆាប់​ក្រោក​ពីដំណេក​គឺត្រូវ​ក្រោក​នៅពេល​មុន​ថ្ងៃរះ ឬនៅម៉ោង​៥ព្រឹក។ ប៉ុន្តែ​​នៅមាន​​មនុស្សខ្លះ​ទៀត​​ដែល​​សំដៅ​ដល់​​ការក្រោក​​មុន​ម៉ោង​៤ព្រឹក​នៅពេល​គេ​និយាយ​​ថា​ឆាប់​ក្រោក​ពី​ដំណេក។

 

ហេតុអ្វីក៏​ការឆាប់​ក្រោក​ពីដំណេក​ជារឿង​ចាំបាច់? ពេលព្រឹក​​ជាពេល​ស្ងប់ស្ងាត់​និង​មាន​ផលិត​ភាព​បំផុត​សម្រាប់​ការគិត សម្រេច​ចិត្ត​ និង​ការរៀប​ចំ​អាទិភាព​ការងារ។ មនុស្ស​គ្រប់​គ្នា​ត្រូវ​​ការ​​ពេល​វេលា​​ផ្ទាល់​ខ្លួន​បែប​នេះ ប៉ុន្តែ​ដោយសារ​​មនុស្សខ្លះ​មើល​មិន​​ឃើញ​​ប្រយោជន៍​​ទើប​គេ​​គេង​ទ្រមក់។

ខាង​ក្រោម​នេះ​​ជាហេតុផល​​ខ្លះ​ដែល​មនុស្ស​​ឆាប់​​ក្រោក​​ពីដំណេក​​អាច​​ទទួល​​បាន​៖

 

១/ ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ

មធ្យោបាយ​ទំនាក់​ទំនង​​សម័យ​ទំនើប​នេះ​ដូចជា​អ៊ីម៉ែល សារឆ្លើយ​ឆ្លង​លើ​ទូរសព្ទដៃ និង​បណ្តាញ​សង្គម​ធ្វើឱ្យ​មនុស្ស​​រវល់​រកពេល​សម្រាក​គ្មាន។ បច្ចេកវិទ្យា​​ពិត​ជាជួយ​សម្រួលការងារ សន្សំ​ពេល​វេលា​ឱ្យមនុស្ស​បានច្រើន​មែន ប៉ុន្តែ​​បែរជា​មនុស្ស​​ភាគច្រើន​​ធ្លាក់​ខ្លួន​​ទៅជា​​ឧបករណ៍​នៃបច្ចេក​វិទ្យា​​ទាំងអស់​នោះ​ទៅវិញ។ ​មនុស្ស​មិន​មែន​ជាម៉ាស៊ីន​ទេ។ ការសិក្សា​​ជាច្រើន​​បង្ហាញ​ថា​ការ​​បំពេញ​កិច្ចការ​​ច្រើន​​មុខក្នុង​ពេល​តែមួយ​ធ្វើឱ្យ​​ប៉ះពាល់​​ដល់​​គុណភាព​ការងារ​​ទៅ​វិញ​ទេ។ ​

 

ការឆាប់ក្រោក​ពីដំណេក​ជួយ​ឱ្យ​ចិត្ត​អ្នក​មាន​​ពេល​គិត​ផ្តោត​​រៀបចំ​អាទិភាព​ទុកជា​មុន​​ថា​កិច្ចការ​​ណា​ដែល​ត្រូវធ្វើ​មុន​​និងកិច្ចការណា​ដែល​ត្រូវធ្វើបន្ទាប់ ដោយ​មិនចាំ​បាច់​រវល់គ្រប់​ពេល។

 

២/ ផ្តល់ពេលវេលាដែលគ្មានការរំខាន

នៅពេល​អ្នក​ឆាប់​ក្រោក​ពីដំណេក កន្លែង​រស់នៅ​របស់​អ្នកមាន​ភាព​ស្ងប់ស្ងាត់ ហើយ​​សូម្បីតែ​នៅខាង​ក្រៅ​ក៏​មិនទាន់​មាន​សំឡេង​អ៊ូអ​រំខាន​ដែរ។ ហេតុដូច្នេះ​​ហើយ​ ការ​ឆាប់​ក្រោក​​ពីដំណេក​​ផ្តល់​ឱកាស​ឱ្យ​អ្នក​​បាន​​នៅតែ​ម្នាក់​ឯង​​និង​​កាត់ផ្តាច់​​ទំនាក់​ទំនង​​ទាំងអស់​​ពីម​នុស្ស​គ្រប់​គ្នា។ ភាព​​ស្ងប់ស្ងាត់​​នៅពេល​​ព្រឹក​នេះ​​បង្កើត​​កម្រិត​​នៃភា​ព​ស្ងប់​ស្ងាត់​ទាំងផ្លូវ​កាយ​និងផ្លូវចិត្ត​​ដែល​ជួយផ្តល់​ភាពច្បាស់​​លាស់​​ក្នុង​​ការ​គិត​​និង​មិន​មាន​ការរំខាន។ តាម​រយៈ​សេរីភាព​បែប​នេះ អ្នក​អាច​មាន​​ពេល​​គ្រប់គ្រាន់​​ដើម្បី​​ចាប់​​ផ្តើម​​គិត​​គ្រប់​រឿង​រ៉ាវ​​និង​​កិច្ច​ការ​​ទាំង​​អស់​​ដែល​អ្នក​​ចង់​​គិត​ឬ​ធ្វើ ទោះជា​យ៉ាង​​ការងារ​ ឬរឿង​ផ្ទាល់​ខ្លួន​​ក៏ដោយ។

 

៣/ ផ្តល់​ពេលវេលា​កាន់តែច្រើន

មនុស្ស​ឆាប់​​ក្រោក​ពីដំណេក​បោះមួយ​ជំហាន​​មុន​​មនុស្ស​ផ្សេង​​ទៀត គឺគេ​មានភាព​យក​ចិត្ត​ទុក​ដាក់​​និង​ នឹងធឹង​​នៅពេល​​មនុស្ស​​ផ្សេង​​ទៀត​​ប្រញាប់​​ប្រញាល់។ ភាព​​​តក់​ក្រហល់ បញ្ហា​ស្ទះ​ចរាចរណ៍​ក្នុង​ពេល​ធ្វើដំណើរ និង​អារម្មណ៍​ច្របូល​ច្របល់​​ក្នុង​​ការងារ​​​នឹង​​មិនកើត​ឡើង​​​​ចំពោះ​មនុស្ស​​ដែលឆាប់​​ក្រោក​ពីគេង​ទេ។ ការប្រញាប់​ប្រញាល់​​បង្កើត​ភាព​​ច្របូកច្របល់​​ក្នុង​​ការ​ងារ​​ដោយមិន​​​ចាំ​បាច់។ ប៉ុន្តែ​​ការក្រោក​ពីដំណេក​​មុន​​មនុស្ស​​ផ្សេងទៀត​ជួយ​​ឱ្យ​អ្នក​​មាន​​ពេល​​ច្រើន​​ដើម្បីរៀប​ចំខ្លួន​​និង​ការងារ​​បាន​​យ៉ាង​​ល្អ។​

 

៤/ ជួយបញ្ចញនិងបង្កើនគំនិតច្នៃប្រឌិត

ការឆាប់​ក្រោក​ពីដំណេក​​មិនមែន​​ត្រឹម​តែ​​ជួយ​ផ្តល់​​ពេលវេលា​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែវា​ក៏​ជួយ​បញ្ចេញ​​ភាពច្នៃ​ប្រឌិត​របស់​អ្នក​ថែម​ទៀត។ ពេល​ព្រឹក​​ព្រលឹម​​ជួយ​ឱ្យ​អ្នក​​គិត​​បាន​ល្អិតល្អន់​​និង​គ្រប់​ជ្រុង​ជ្រោយ​​ជុំវិញ​ការ​​សម្រេច​ចិត្ត​​ទាំងអស់​របស់​អ្នក។ ខួរក្បាល​​របស់​​អ្នក​មាន​សមត្ថភាព​​ដោះស្រាយ​​បញ្ហា​ស្មុគស្មាញ​ខ្លាំង​និង​អាច​​មាន​ដំណើរ​ការបាន​យ៉ាង​មានប្រសិទ្ធ​ភាព ប្រសិន​បើអ្នក​ផ្តល់​ពេល​វេលា​ស្ងប់ស្ងាត់​ខ្លះ​ដល់វា។ ដោយសារ​មិនមាន​​នរណា​រំខាន មនុស្ស​​ឆាប់​ក្រោក​ពីដំណេក​អាច​មាន​​ពេលវេលា​​គ្រប់​គ្រាន់​ ហើយ​ចិត្តរបស់​អ្នក​ក៏មាន​សេរីភាព​ច្រើន​ជាង​ពេល​ផ្សេង​ទៀត​ដែរ។

 

៥/ ជួយឱ្យអ្នកវិនិយោគលើខ្លួនឯង

មនុស្សដែល​ឆាប់ក្រោក​ពីដំណេក​​ក៏ត្រូវតែ​ជាមនុស្ស​​ដែល​​ឆាប់ចូល​គេង​ដែរ។ បើប្រៀប​ធៀប​គ្នា​មើល​ទៅ ពេលថ្ងៃ​​របស់​អ្នក​ហាក់​ដូចជា​ខ្លីទៅវិញ​ដែរ ដែល​ធ្វើឱ្យអ្នក​កាត់​បន្ថយសកម្មភាព​​និង​ទំនាក់​ទំនង​ច្រើន​​នៅក្នុង​សង្គម​ដែល​មនុស្ស​​ច្រើន​​តែជួប​ជុំ​នៅពេល​ល្ងាច​​ឬរហូត​ដល់​យប់​ជ្រៅ។ ប៉ុន្តែ​​បើអ្នក​​ចង់ធ្វើ​ជាមនុស្ស​​ប្រសើរ​ជាង​គេ អ្នក​ក៏ត្រូវតែ​ធ្វើ​ឱ្យ​ខុស​ពីគេ​ដែរ។ គោលដៅ​របស់​អ្នកដែល​ឆាប់​ក្រោក​ពីដំណេក​នោះ​មិនមែន​គ្រាន់តែ​​ចង់​បាន​​ពេល​វេលា​​ច្រើន​ដើម្បី​ធ្វើការ​ប៉ុណ្ណោះ​ទេ គឺដើម្បី​ផ្តោត​​លើខ្លួន​ឯង​ដែរ។ តើអ្នក​មាន​គោល​ដៅអ្វី? តើអ្នក​បានបង្កើត​ពេលវេលា​​សម្រាប់​ខ្លួន​ឯងទេ? ពេលព្រឹក​ព្រលឹម​ជាពេល​ល្អ​បំផុត​ដើម្បីគិត​បង្កើត​និង​អនុវត្ត​​​ការវិនិយោគលើ​ខ្លួន​ឯង។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Forbes

មតិយោបល់

អត្ថបទពេញនិយម