ជីវិត&អាជីវកម្ម | December 06, 2018

ក្មេង​អាយុ​៧​ឆ្នាំ​រកលុយ​បាន​២២លានដុល្លារ​តាមYouTube

 

តារា YouTube​​ ដែល​រកប្រាក់​ចំណូល​​បានច្រើន​​បំផុត​​ក្នុង​​ពិភពលោក​​ជា​ក្មេង​​ដែល​ទើប​តែ​រៀន​​នៅក្នុង​​កម្រិត​​បឋម​សិក្សា​។ Ryan ទើប​តែ​មាន​អាយុ​៧​​ឆ្នាំ ហើយ​​គេ​មាន​​ទំព័រ​YouTube ផ្ទាល់​​ខ្លួន​​មួយ​​ឈ្មោះ​​Ryan ToysReview និងរក​ប្រាក់​​បាន​​២២​លាន​ដុល្លារ​​គិត​ត្រឹម​ពីពាក់​កណ្តាល​​ឆ្នាំ​​២០១៧​​ដល់​​ពាក់​កណ្តាល​ឆ្នាំ​​២០១៨។ តួលេខ​នៃប្រាក់​ចំណូល​ឆ្នាំ​នេះកើន​ឡើង​​ពីរ​ដង​​ខ្ពស់​​ជាង​​ឆ្នាំ​មុន​​ដែល​​គេ​រក​បាន​ត្រឹម​១១​លាន​ដុល្លារ។

 

គណនី​YouTube មួយនេះ​​បង្កើត​ឡើង​​នៅក្នុង​​ខែមីនា ឆ្នាំ២០១៥ គឺពេល​​Ryanទើប​តែ​មាន​អាយុ​​៤ឆ្នាំ ក្នុង​​ពេល​​ដែល​​Ryan ចូលចិត្ត​​មើល​​ការ​បង្ហាញ​​ល្បែង​ក្មេងៗ​លេង​នៅ​លើអ៊ីន​ថឺណិត។​ ពេលនោះ​​ម្តាយ​​ឪពុក​របស់​គេ​គិត​​ថា​​បើ​គេចូល​ចិត្ត​​មើល​បែបនេះ​ ហេតុអ្វី​​មិនបង្កើត​​កម្មវិធី​​ឱ្យ​គេ​​ជា​អ្នក​បង្ហាញ​​ល្បែង​ទាំងនោះ​នៅលើ​​YouTube​​វិញ​ទៅ។

 

គណនី​Ryan ToysReview ចាប់ផ្តើម​​បីបួនខែ​ដំបូង​​ក្នុង​របៀប​​យឺតៗ​ ហើយ​ក៏ពេញ​និយម​ខ្លាំង​​នៅក្នុង​ខែកក្កដា​ឆ្នាំ២០១៥​តាមរយៈ​​វីដេអូ​​ដែល​​បង្ហាញ​​ឱ្យឃើញ​​Ryan​បើកពិនិត្យ​​ប្រអប់​​មួយដែល​​វត្ថុលេង​​ជាង​​១០០​ប្រភេទ​។ វីដេអូ​​មួយ​នេះ​​មាន​​មនុស្ស​​មើល​ជិត​​៩៣៥លាន​ដង។

 

នៅដើមឆ្នាំ​នេះ​ ​Ryan​​បាន​ព្រម​ព្រៀង​​ជាមួយ​​ក្រុមហ៊ុន​ Walmart ដើម្បី​​លក់​ផ្តាច់​មុខ​សម្ភារៈ​​ក្មេង​លេង​​ឈ្មោះ​ “Ryan’s World”ក្នុង​ហាងជាង​​២៥០០​កន្លែង​​នៅ​សហរដ្ឋ​អាមេរិក​និង​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន​​ Walmart។​យោង​តាម​​ទស្សនាវដ្តី Forbes សព្វថ្ងៃ​នេះ គណនី​Ryan ToysReview​​មាន​​មនុស្សគាំទ្រ​ចំនួន​​១៧លាន​នាក់​​និង​​មាន​​មនុស្ស​ចូល​មើល​​វីដេអូ​ទាំងអស់​របស់​គេ​ជាង​​២៦​ពាន់​លាន​ដង។

ប្រែសម្រួល​៖ វេហា

ប្រភព៖ Business Insider

 

មតិយោបល់

អត្ថបទពេញនិយម