ជីវិត&អាជីវកម្ម | December 06, 2018

ការគិតដល់អនាគតជារឿងចាំបាច់សម្រាប់សហគ្រិន

 

ក្នុង​ចំណោម​កត្តាសំខាន់ៗ​នៃ​សហគ្រិន​ភាព​ផ្នត់​គំនិត​ជា​តម្រូវ​ការចាំ​បាច់​បំផុត។ ផ្នត់​គំនិត​មិនត្រឹម​តែ​​មាន​​សារៈ​សំខាន់​​ចំពោះ​ជោគជ័យ​​ក្នុង​ពាណិជ្ជកម្ម​​ប៉ុនណោះ​ទេ ប៉ុន្តែ​វាក៏ចាំបាច់​​សម្រាប់​ជីវិត​ដែរ។ ក្នុង​ចំណោម​ផ្នត់​គំនិត​ទាំងអស់ ផ្នត់​គំនិត​ដែល​សំខាន់​បំផុត​សម្រាប់​សហគ្រិន​​គឺការ​គិត​គូរដល់​អនាគត។

 

ការគិតដល់​អនាគត​គឺសម្លឹង​មើល​​និង​ការព្យាយាម​​ដឹង​អំពីរឿង​ដែល​មិនទាន់​មកដល់​​ឬមិន​ទាន់​កើត​ឡើង​នៅ​ឡើយ។ មនុស្ស​ដែល​គិតដល់​​អនាគត​​យល់​ដឹង​យ៉ាង​ច្បាស់​​ថាអនាគត​មិនត្រឹម​តែមិន​ទាន់​កើត​ឡើងទេ ប៉ុន្តែ​​គេក៏​អាច​បង្កើត​អនាគត​នោះ​ក្នុង​របៀប​ដែល​គេ​​ចង់បាន​ថែម​ទៀត។​ នេះជា​គំនិត​​មគ្គុទ្ទេស​ក៍មួយ​ដែល​ចាំរំឭក​ប្រាប់​អ្នកថា អនាគត​ស្ថិត​នៅក្នុង​ដៃរបស់​អ្នក។

 

សម្រាប់​មនុស្សខ្លះ ការពិត​មួយ​នេះ​មាន​ភាពច្បាស់​លាស់​​និងគ្មាន​អ្វីស្រពិច​ស្រពិលទេ។ ហើយ​មនុស្ស​ដែល​ចូល​ចិត្ត​​អាន​និង​សរសេរ​ច្រើន​ទាក់ទង​នឹង​រឿង​សហគ្រិនភាព​តែងតែ​សន្និដ្ឋាន​ថា​ការគិត​ដល់​អនាគត​ជា​ចំណេះ​ដឹង​​មូលដ្ឋាន​និង​ទូទៅ​មួយ។

 

សហគ្រិន​​និយាយ​ច្រើន​​អំពីការ​កំណត់​គោលដៅ​ពីព្រោះ​​ការមាន​គោលដៅ​ពិតជា​មាន​សារៈ​សំខាន់​ណាស់។ យើងប្រៀប​ប្រដូច​គោលដៅ​ទៅនឹង​ផែនទី​បង្ហាញ​ផ្លូវ។ ប៉ុន្តែ​​បើ​អ្នកអាច​កំណត់​គោលដៅ​​ដោយ​បានដឹង​ច្បាស់​ថា​​អ្នក​អាច​​គ្រប់គ្រង​អនាគត​របស់​ខ្លួន​ឯង​បាន អ្នកនឹង​​មាន​ឱកាស​តិចណាស់​ក្នុង​ការសម្រេច​គោលដៅ​ទាំង​នោះ។

 

ការគ្រាន់តែ​មាន​​ផែនទី​មិនមែន​មាន​ន័យ​ថាអ្នក​នឹង​ចាប់ផ្តើម​ដំណើរ​ភ្លាម​នោះទេ។ មនុស្ស​ដែលខ្វះ​ការគិត​ដល់​អនាគត​ប្រហែល​នឹង​និយាយថា “ខ្ញុំមាន​គោលដៅ​ចង់ក្លាយ​ជានាយក​ក្រុមហ៊ុន​មួយ ប៉ុន្តែអ្វីៗ​ទាំងអស់​មិន​ស្ថិត​នៅលើ​ខ្ញុំទេ​ពេល​នេះ។” ប៉ុន្តែ​មនុស្ស​ដែល​មាន​ការគិត​ដល់​អនាគត​ប្រហែល​និយាយ​ថា “តើខ្ញុំត្រូវ​ធ្វើអ្វីខ្លះ​​ដើម្បីក្លាយ​ខ្លួន​ជានាយក​ក្រុមហ៊ុន​មួយ?” ការភ្ជាប់​​សកម្មភាព​ផ្ទាល់ខ្លួន​ទៅនឹង​​លទ្ធផល​​ជា​គន្លឹះ​នៃការ​​គិត​ដល់​អនាគត។

 

សហគ្រិន​​ក៏ផ្តោតចិត្​តគិត​ដល់​ជំនាញ​កំណត់​​សម្គាល់​ឱកាស​ដែរ។ ប៉ុន្តែ​​បើអ្នក​​មិនដឹង​​ថា​​អ្នកអាច​យក​ឱកាស​​នោះ​មកធ្វើអ្វីទេ វានឹង​ក្លាយ​ទៅរឿង​​គ្មាន​ន័យ​ទៅ​វិញ។ ហើយសូម្បី​តែការ​តស៊ូនិង​​ចិត្ត​​អំណត់​ដែល​សហគ្រិន​​តែងតែ​​និយាយ​​ញឹកញាប់​​នោះ​​ក៏កាន់​តែ​លែង​មាន​​ទៅទៀត​​បើ​គ្មាន​​ផ្នត់​​គំនិត​អនាគតទេ។

 

តើមានប្រយោជន៍​ក្នុងការ​តស៊ូ​ធ្វើកិច្ចការ​​អ្វីមួយ​ដដែលៗ​​បើអ្នក​មិន​ជឿជាក់​ថាអ្នក​អាច​​កែប្រែ​អ្វី​បាន​នោះ?ក្នុងពេល​ដែល​​សហគ្រិន​បច្ចុប្បន្ន​​នេះ​ដឹង​ថា​គេ​អាច​បង្កើត​អនាគត ក៏យុវវ័យ​ជាច្រើន​នាក់​ដែលនឹង​ក្លាយ​ទៅ​ជា​សហគ្រិន​នៅពេល​ខាងមុខ​ ​មិនបាន​ដឹងរឿង​នេះ​ដែរ។ គេត្រូវ​រៀន និង​មើល​​ឱ្យឃើញ ហើយ​ជឿជាក់​ថែមទៀត។

 

ស្ថានភាព​សង្គម​​និងកត្តា​​សេដ្ឋកិច្ច​​មួយ​ចំនួន​​មាន​ឥទ្ធិពល​លើ​ឱកាស​​និងជម្រើស​​របស់​មនុស្ស​​ម្នាក់ៗ។ ហេតុ​ដូច្នេះ​ហើយ​​បាន​​ជា​ចាំបាច់​​ត្រូវ​ធ្វើ​ឱ្យយ៉ាង​ណា​ឱ្យ​យុវវ័យ​​រៀន​​គិត​ដូច​សហគ្រិន គិត​តម្រង់​គំនិត​និង​សកម្មភាព​របស់​ពួកគេ​ទៅរក​​អនាគត។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម