ជីវិត&អាជីវកម្ម | December 06, 2018

ឈប់រៀនអំពី​សហគ្រិនភាព​ តែត្រូវចាប់ផ្តើមធ្វើ​វិញ

 

មាន​ការពន្យល់​​ងាយៗ​​អំពី​មូលហេតុ​ដែល​​ពាណិជ្ជកម្ម​​ខ្លះ​រីក​ចម្រើន​​យ៉ាង​​រហ័ស។ មាន​ហេតុផល​​មួយ​​ដែល​​សហគ្រិន​​ជោគជ័យ​​មើល​ទៅ​​ហាក់​​ដូចជា​ខ្លាំង​ពូកែ​ជានិច្ច ហើយ​​អ្វីៗ​​ដែល​គេ​ធ្វើក៏​ក្លាយ​​ទៅ​ជា​​ឱកាស​​មាស។ គ្មាន​អ្វី​​ជា​អាថ៌កំ​បាំង​​ចំពោះ​​រឿង​អស្ចារ្យ​​ទាំងនេះ​​ទេ​​គឺសហ​គ្រិន​​ទាំង​នោះ​ធ្វើការ​ជាក់ស្តែង មិនមែន​គ្រាន់​តែ​អង្គុយ​​គិត​ប្រាថ្នា​ចង់​បានទេ។

 

យើងកំពុងតែរស់​នៅក្នុង​​ពេល​វេលា​​មួយ​​ដែល​ពត៌មាន​​រីក​សុះសាយ​គ្រប់​ផ្នែក​​ហើយ​​ការ​ចែក​រំលែក​និង​ទទួល​​បាន​​ពត៌មាន​ក៏កាន់តែ​មាន​ភាព​ងាយ​ស្រួល​​និងរហ័ស​បំផុត។ ប្រសិន​បើ​អ្នក​មាន​ត្រឹមតែ​​ទូរសព្ទ​ទំនើប​​មួយ​គ្រឿង​ អ្នក​អាច​​ទាញ​យក​កម្មវិធី​​រៀន​សូត្រ​​និង​ស្រាវជ្រាវ​​អំពី​​សហគ្រិន​​ភាព​​បាន​យ៉ាង​ច្រើន។ ចំណុច​នេះ​អស្ចារ្យ​មែន​ហើយ​ ប៉ុន្តែ​វាក៏​ជា​បញ្ហាមួយ​សម្រាប់​​សហគ្រិន​សព្វថ្ងៃនេះ​ដែរ។

 

ការលិចលង់​ក្នុង​​ពត៌មាន​​ជាបញ្ហា​ពិតប្រាកដ ហើយ​អាចរំខាន​ដល់​ការ​​រីក​ចម្រើន​​នៃពាណិជ្ជកម្ម​​ជាច្រើន។ អ្នក​​អាច​នឹង​​បន្ត​ទទួល​​បាន​​ពត៌មាន​​យ៉ាងច្រើន​​រហូត​ដល់​​មិន​ដឹង​​ថា​គួរតែ​ធ្វើអ្វីខ្លះ។ លើស​ពីនេះ​ទៅទៀត ពត៌មាន​ជាច្រើន​​ក៏មាន​លក្ខណៈ​បញ្ច្រាស​គ្នា​ដោយ​សារ​មនុស្សគ្រប់​គ្នា​​ខិតខំ​ជំរុញ​​តែផ្នែក​ណា​​ដែល​​គេជឿជាក់​​ថា​ជាផ្លូវ​ត្រូវ​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​របស់​គេ។

 

អ្នកមាន​ចំណេះដឹង​ដែលអ្នក​ត្រូវការ​គ្រប់គ្រាន់ហើយ

ការពិត​គឺថា​​នៅពេល​ដែលគេ​​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​បង្កើត​​ពាណិជ្ជកម្ម​អ្វីមួយ សហគ្រិន​​ភាគច្រើន​​បាន​ដឹង​​ច្រើន​​រួច​ទៅ​ហើយ។ គេសិក្សា​​និង​​ស្រាវជ្រាវ និង​មាន​​ចំណេះ​ដឹង​ស្ទើរ​តែគ្រប់​ជ្រុងជ្រោយ​​ជុំវិញមុខ​ជំនួញ​របស់​គេ។​ ប្រសិន​បើគេយក​​ចំណេះ​ដឹងនោះ​ទៅ​ប្រឡង​វិញ គេនឹង​ជាប់​និទ្ទេសល្អ​មិនខាន។​​គេក៏មាន​ចំណេះ​ដឹង ហើយ​អ្នក​ក៏មាន​​ចំណេះ​ដឹង ដូច្នេះ​តើមាន​អ្វីដែល​បែង​ចែក​​មនុស្ស​ជោគជ័យ​​ពីមនុស្ស​​មិន​ជោគជ័យ? ចំណេះ​ដឹង​តែ​ម្យ៉ាង​​មិន​គ្រប់​គ្រាន់​ទេ ប្រសិន​​បើ​អ្នក​មិន​ព្រម​​ប្រឡូក​ក្នុង​ទីផ្សារ​និង​បោះ​ជំហាន​​ទីមួយ។

 

ចំណេះដឹង​គ្មានប្រយោជន៍អ្វីទេ​បើគ្មានសកម្មភាព

បរាជ័យ​ជាអារម្មណ៍​ឈឺចាប់​ណាស់ វាប្រៀប​ដូចនរណា​ម្នាក់​​វាយ​អ្នក​ចំ​កណ្តាល​​មុខ ហើយ​ឆក់​យក​​សុបិន​​របស់​អ្នក​​ទៅ​បាត់។ ប៉ុន្តែ​​បរាជ័យ​​ជាសញ្ញា​នៃ​​សកម្មភាព។ បើអ្នក​មិន​ធ្លាប់​ជួប​បរាជ័យ​ទេ មាន​ន័យ​​ថា​អ្នក​​មិន​ទាន់​​បាន​​បោះ​ជំហាន​ដើម្បី​ទៅ​សម្រេច​​គោលដៅ​ដ៏អស្ចារ្យ​​របស់​អ្នក​​នោះទេ។​ អ្នក​អាចនឹង​​មាន​សញ្ញាបត្រ​ច្រើន​​ពីសាលា​ល្អៗ​បំផុត ប៉ុន្តែ​​អ្នក​នឹង​​មិន​​ទទួល​​បាន​​ជោគជ័យ​​ទេ ប្រសិន​បើ​អ្នក​​មិន​​ប្រែ​ក្លាយ​​ចំណេះដឹង​​នោះ​​ទៅ​ជា​ជំហាន​សកម្មភាព។

 

ការប្រុង​ប្រៀបខ្លួន​​និងផែន​ការនាំ​អ្នក​​ទៅរក​ជោគជ័យ ប៉ុន្តែអ្នក​នឹងមិន​ដឹង​ប្រាកដ​ទេ បើអ្នក​មិន​សាកល្បង​​អនុវត្ត​ផែន​ការ​នោះ។ ការសាកល្បង​​ជាមធ្យោ​បាយ​ល្អ​​បំផុត​​ដើម្បីដឹង​ច្បាស់​ថា​ផែន​ការរបស់​អ្នក​​អាច​អនុវត្ត​​បាន​ឬមិន​បាន។ ពាណិជ្ជកម្ម​​និង​គោលដៅ​​របស់​​មនុស្ស​គ្រប់​គ្នា​​មិន​ដូច​គ្នាទេ។

 

មនុស្សមានពីរប្រភេទ គឺប្រភេទនិយាយ​និងប្រភេទធ្វើ

នៅពេលអ្នក​គិតដល់​​កំពូល​​សហគ្រិន​​ជោគជ័យ​​បំផុត​ក្នុង​ពិភ​ព​លោក​នេះ អ្នកនឹង​មើល​ឃើញថា​មនុស្ស​​ទាំងនោះ​ធ្វើសកម្មភាព​ជាប់​ជានិច្ច​​បើទោះ​ជាមាន​លទ្ធផល​បែប​ណាក៏ដោយ។ លោក Elon Musk អាច​នឹង​ដើរ​ចេញ​ពីក្រុមហ៊ុន SpaceX​ នៅពេល​​លោក​​បាន​ឃើញថា​វាមាន​ភាព​លំបាក​យ៉ាង​ណា​ខ្លះ។ ប៉ុន្តែ​លោក​បែរ​ជាប្តេជ្ញា​ចិត្ត​​ធ្វើអ្វីៗ​​គ្រប់​យ៉ាង គឺបន្ត​សកម្មភាព​មិន​ឈប់។

 

ស្រដៀង​គ្នានេះ​​ដែរ លោក​ Steve Jobs ក៏អាច​នឹង​រស់​នៅយ៉ាង​សុខស្រួល​តាមរយៈ​ភាគហ៊ុន​​ដែលលោក​​មាន​​នៅពេល​គេ​បណ្តេញ​ចេញ​ពីក្រុមហ៊ុន​​ដែល​លោក​បាន​​បង្កើត​ឡើង។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ លោក​បែរជា​ទៅបង្កើត​​ក្រុមហ៊ុន​​មួយ​ទៀត រហូតដល់​ត្រឡប់​មក​កាន់​កាប់​ក្រុមហ៊ុន​​ដើមរបស់​លោកវិញ​​ដោយ​​បង្កើត​បាន​ផលិត​ផល​​អស្ចារ្យ​​ជាច្រើន​​ដែល​មនុស្សកំពុង​តែ​ប្រើប្រាស់​សព្វ​ថ្ងៃនេះ។

 

ក្រៅពីនេះក៏មាន​​មនុស្ស​ជាច្រើន​នាក់​ដែល​គិត​តែនិយាយ​​អំពី​​គំនិត​​អស្ចារ្យ​របស់​គេ​ដោយ​​មិន​ព្រម​​ចាប់ផ្តើម​​អនុវត្ត​ពី​ព្រោះ​ហេតុ​ផល​ផ្សេងៗ​​រាប់​​មិនអស់។ ជោគជ័យ​​មិន​មែន​ជារឿង​​អាថ៌​កំបាំង​​ឬចៃដន្យទេ ប៉ុន្តែ​វា​​ជារឿង​​ដែល​ពោរពេញ​ដោយ​​បរាជ័យ​​និង​​សកម្មភាព​។

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម