ជីវិត&អាជីវកម្ម | December 06, 2018

ចង់ខ្លាំងត្រូវរៀនពីអ្នកខ្លាំង

 

ការពិតយ៉ាងច្បាស់​ក្រឡែត​មួយ​ដែល​​សហគ្រិន​គ្រប់​គ្នាត្រូវចង​ចាំ​គឺ វិថី​ជោគជ័យ​មិន​ស្រួល​ធ្វើ​ដំណើរ​ទេ។ វាតម្រូវ​ឱ្យអ្នក​វិនិយោគ​ពេល​វេលា កម្លាំង​កាយ​ចិត្ត និង​ការលះបង់​ច្រើនណាស់។ ការបង្កើត​កំហុស​​ជារឿង​ងាយស្រួល​​បំផុត​នៅក្នុង​ដំណើរ​នេះ ហើយ​ពាណិជ្ជកម្មខ្លះ​អាច​នឹង​​ដុត​បំផ្លាញ​សុខ​ភាព​និង​សុភមង្គល​បច្ចុប្បន្ន​ស្ទើរ​តែ​ទាំង​អស់​របស់​អ្នក។

 

ទោះ​ជាយ៉ាងណា មាន​មធ្យោបាយ​ល្អបំផុត​មួយ​​ដើម្បី​​ធ្វើដំណើរ​ទៅរក​ជោគជ័យ និង​បង្កើន​ឱកាស​កាន់តែ​ច្រើន គឺការ​រៀន​​ពីមនុស្ស​​ដែល​បាន​ដើរ​លើផ្លូវ​នោះ។ ផ្នត់​គំនិត​រីក​ចម្រើន​​មាន​ភាព​ចាំបាច់​ណាស់​​សម្រាប់​​ជោគជ័យ​​របស់​អ្នក​ ហើយ​ផ្នត់គំនិត​​នេះ​ចាប់​ផ្តើម​ដុះចេញ​ពីកា​រ​រៀន។ ខាងក្រោម​នេះ​​ជា​ដំបូន្មាន​​និង​មេរៀន​​ពី​សហគ្រិន​​និង​មេដឹក​នាំជោគជ័យ​​ដែល​អ្នក​អាច​យក​ទៅ​អនុវត្ត​​បាន​៖

 

១/ សរសេរក្បួនដោយខ្លួនឯង

លោកស្រី​Anjali Sud បាន​ទទួល​ជោគជ័យ​ក្នុង​​អាជីព​​នៅលើ​ផ្លូវខុស​ពី​មនុស្ស​​ភាគ​ច្រើន។ មុនពេល​បង្កើត​ក្រុមហ៊ុន Vimeo លោកស្រី​​បាន​​ចំណាយ​ពេល​​នៅក្នុង​វិស័យ​ធនាគារវិនិយោគ ការធ្វើ​ទីផ្សារ​ផលិត​ផល​តាមអ៊ីន​ថឺណិត និង​ជាអ្នក​ទិញ​ទំនិញ។ លោក​ស្រី​បាន​បញ្ជាក់​ថា “គ្មានសៀវភៅ​ក្បួន​ច្បាប់​ស​ម្រាប់​ជោគជ័យ​ទេ។ មនុស្សគ្រប់​គ្នាត្រូវ​បង្កើតក្បួន​​នោះ​ដោយ​​ខ្លួន​ឯង។ បង្កើត​តួនាទី​ដោយ​ខ្លួន​ឯង កុំដើរ​តាមផ្លូវ​របស់​អ្នក​ដទៃ។

 

រឿងរ៉ាវអ្នក​ដទៃ​បាន​ត្រឹម​​តែ​​ជំរុញ​ចិត្ត​អ្នក​ប៉ុនណោះ ប៉ុន្តែ​មនុស្ស​យើង​សព្វថ្ងៃ​​​កំពុង​តែ​​រស់នៅ​ក្នុង​​ពិភពលោក​មួយ​ដែលគ្មាន​ផ្លូវដើរ​សម្រាប់​មនុស្​ស​គ្រប់​គ្នាទេ ហើយ​ក៏គ្មាន​ក្បួនមួយ​ដែលត្រូវ​សម្រាប់​មនុស្ស​​គ្រប់​គ្នា​នោះ​ដែរ។ ដូច្នេះ​​អ្នក​ត្រូវ​បង្កើត​ក្បួន​និងផ្លូវ​ដើរ​​ដោយ​ខ្លួនឯង។"​

 

២/ ស្តាប់ឱ្យច្រើន ហើយកុំបោះបង់ព្យាយាម

លោកស្រី Mada Seghete ជា​សហស្ថាប​និក​ក្រុមហ៊ុន​ Branch ដែល​មាន​តម្លៃជាង​មួយ​រយ​លាន​ដុល្លារ។ លោកស្រី​ចែក​រំលែក​មេរៀន​និង​ដំបូន្មាន​ថា “មនុស្ស​ដែល​បង្កើត​​ក្រុមហ៊ុន​​គ្មានអ្វី​ពិសេស​អស្ចារ្យទេ។ គេគ្រាន់តែ​ធ្វើទៅ​តាមអ្វី​ដែល​គេបាន​គិត​ប៉ុនណោះ ហើយ​ដោះស្រាយ​បញ្ហា​នៅពេល​វាកើត​ឡើង។ យើង​បរាជ័យ​ជាច្រើន​លើក​ច្រើនសា។

 

យើងក៏ធ្លាប់​អស់កម្លាំង​ចិត្ត​​ដើម្បី​ជោគជ័យ​ដែរ។ ប៉ុន្តែអ្វី​ដែលអ្នក​ត្រូវការជា​និច្ច​គឺ​ការប្តេជ្ញា​ចិត្ត​មិន​រា​ថយ និង​តស៊ូជម្នះគ្រប់​ពេល។ កុំធ្លាក់​ក្នុង​អន្ទាក់​នៃការ​គិត​ថា​អ្នក​ចេះគ្រប់​យ៉ាង។ ទុក​គំនិត​របស់​​អ្នក​មួយ​កន្លែង ហើយ​សួរគេ​ឯង​ជុំវិញ​ខ្លួន រួច​ពិចារណា​យោបល់​របស់​អ្នក​​ដទៃ។”

 

៣/ កែប្រែពិភពលោកនេះឱ្យកាន់តែប្រសើរឡើង

ដោយសារ​ការវិនិយោគ​ជោគជ័យ​​ក្នុង​​បច្ចេក​វិទ្យា​​ដំបូងៗ​ជាច្រើន លោក​Tim Draper បាន​ក្លាយ​ជា​វិនិយោ​គិន​ល្បី​ឈ្មោះ​នៅក្នុង​តំបន់ Silicon Valley។ ពេល​ឆ្លើយ​នឹង​​សំណួរ​អ្នក​សារពត៌មាន​ដែល​ចង់​យល់​ដឹង​​ផ្នត់​គំនិត​របស់​លោក លោក​Draper បាន​​កំណត់​បុគ្គលិក​​លក្ខណៈ​ផ្ទាល់​ខ្លួន​មួយ​ដែល​​ជួយ​ឱ្យលោក​ទទួល​បាន​ជោគជ័យ។ លោក​ពន្យល់​ថា “ខ្ញុំមាន​​មហិច្ឆតា​ចង់​​កែប្រែ​​អ្វីៗ​​គ្រប់​យ៉ាង​ដើម្បី​ធ្វើ​ឱ្យ​​ពិភពលោក​​នេះ​​កាន់តែ​​ប្រសើរ​ឡើង។ ជោគជ័យ​ភាគច្រើន​របស់​ខ្ញុំ​កើត​ចេញ​​ពី​សកម្មភាព​របស់​ខ្ញុំ​ដែល​ចង់​​អភិវឌ្ឍពិភព​លោកជាជាង​​ព្យាយាម​​ដើម្បី​ចង់​បាន​ត្រឹម​តែ​ជោគជ័យ​ផ្ទាល់​ខ្លួន។”

 

៤/ ខ្លួនអ្នកមិនមែនជាពាណិជ្ជកម្មរបស់អ្នកទេ

ជាញឹកញាប់​ពេក​ណាស់​​ដែល​សហគ្រិន​​ច្រើន​​តែ​បាត់​បង់​​អត្តសញ្ញាណ​​នៅក្នុង​​ពាណិជ្ជ​កម្ម​របស់​គេ។ លោកស្រី Bea Arthur ដែល​ជាស្ថាបនិក​​ក្រុមហ៊ុន​ ​The Difference បានបង្កើត​​ជោគជ័យ​តាម​រយៈ​ការជួយ​ខ្លួន​ឯង និង​សហគ្រិន​ផ្សេង​ទៀត​បាន​យល់​ថា​​ជីវិត​មនុស្ស​ម្នាក់ៗ​​មានអ្វី​លើស​ពី​មុខ​ជំនួញ​របស់​គេទៅ​ទៀត។ ពេល​គិត​ត្រឡប់​ទៅក្រោយ​វិញ​ លោកស្រី​​បាន​រំឭកថា “ខ្ញុំបាន​ឱ្យតម្លៃ​លើ​​ពាណិជ្ជកម្ម​ដំបូង​របស់​ខ្ញុំ​លើស​អ្វីៗ​​ទាំង​អស់។

 

ខ្ញុំបានលះបង់​​សុខភាព​និង​ទំនាក់​ទំនង​ដើម្បីផ្តោត​​ថាមពល​ទាំងអស់​​តែលើ​​ពាណិជ្ជកម្ម​របស់​ខ្ញុំ តែទីបំផុត​​ទៅ​ក៏​ត្រូវ​បិទ​ទ្វារ​ក្នុង​​ពេល​៥ឆ្នាំ​ក្រោយ​មក។ ក្រោយ​ពេល​ពាណិជ្ជកម្មដួលរលំ គឺមិត្ត​ភក្តិទេ​​ដែល​​ជាអ្នក​គាំទ្រផ្តល់​កម្លាំង​ចិត្ត។ ហេតុដូច្នេះ​ហើយ យើង​គួរតែផ្តល់​អាទិភាព​​និងរក្សា​​ទំនាក់​ទំនង​ឱ្យបាន​ច្រើន។”

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Inc.Asean

មតិយោបល់

អត្ថបទពេញនិយម