ជីវិត&អាជីវកម្ម | December 05, 2018

ស្គាល់ក្រុមហ៊ុន​ទាំង៤ដែ​លអាច​ជួយ​អ្នកឱ្យរកលុយតាមរយៈការលក់គេហទំព័រ

 

ពេលខ្លះ​មធ្យោបា​យ​​ល្អ​​បំផុត​​ដើម្បីរក​លុយ​​ពីគេហ​ទំព័រ​របស់​អ្នក​គឺត្រូវលក់​​គេហទំព័រ​នោះ​ឱ្យអ្នក​ដទៃ។ ការទិញដូរ​គេហទំព័រ​​ជា​ពាណិជ្ជកម្ម​ដែល​មាន​លុយ​ធំណាស់។ ឧទាហរណ៍​ជាក់ស្តែង ក្រុមហ៊ុន​ AOL បាន​ចំណាយ​​លុយ​​រហូត​ដល់​​៣០​លានដុល្លារ​​ដើម្បី​​ទិញ​​ក្រុមហ៊ុន​ TechCrunch ហើយ​​ក្រុមហ៊ុន​ Huffington Post ក៏លក់​ទៅឱ្យក្រុមហ៊ុន​AOLនេះ​ក្នុង​តម្លៃ​៣១៥​លាន​ដុល្លារ​ដែរ។​

 

ពិតណាស់​ថា​​មិនមែន​​គ្រប់​ក្រុមហ៊ុន​​និង​គេហទំព័រ​​ទាំង​អ​ស់​​សុទ្ធតែ​អាច​មាន​តម្លៃខ្ពស់​បែប​នេះ​​ទេ​ ប៉ុន្តែ​​ក៏នៅ​​មាន​​ការទិញ​ដូរទ្រង់​ទ្រាយ​​តូចៗ​ជាច្រើន​​ទៀត​​ដែល​មនុស្ស​​ទូទៅ​អាច​​រក​បាន​​ដែរ។​ ដូច្នេះ​តើ​អ្នក​​អាច​​រកលុយ​​តាម​រយៈ​ការលក់​គេហទំព័រ​បានទេ? ពិតជា​អាចទៅ​រួច។​ដើម្បី​ប៉ាន់​ស្មាន​តម្លៃ​គេហទំព័រ អ្នកត្រូវ​ពិចារ​ណា​ដល់​ចំណុច​ទាំង​នេះ៖

 

ចំណូល​ប្រចាំឆ្នាំ​បច្ចុប្បន្ន​សក្តានុពល​រីក​ចម្រើន​រយៈពេល​ដែល​គេហទំព័រនោះ​មាន​សកម្មភាព​ចំនួន​មនុស្ស​ចូល​មើល​ប្រចាំ​ខែ​ទោះ​ជា​យ៉ាង​ណា ការលក់​គេហទំព័រ​មិន​មែន​​ជាកិច្ចការងាយ​ស្រួល​ពេក​ទេ។ ទាំងអ្នក​ទិញ និងអ្នក​លក់​ត្រូវ​​តែ​​គិត​គូរវែង​ឆ្ងាយ​និង​គ្រប់​ជ្រុងជ្រោយ។ ក្រៅ​ពីនេះ ក៏នៅ​មាន​ការពិចារ​ណា​​ផ្នែក​បច្ចេក​ទេស និង​ផ្នែក​ច្បាប់​​មួយចំនួន​ទៀត។

 

ដោយសារហេតុផល​ទាំងនេះ​ហើយទើប​​មនុស្សភាគ​ច្រើន​​ជ្រើស​រើស​ប្រើ​ប្រាស់​​ឈ្មួញ​កណ្តាល ឬអ្នក​គក់ចេ។ ដូចគ្នា​នឹង​​វិស័យ​​អចលន​ទ្រព្យដែរ អ្នកគក់​ចេគេហទំព័រ​​ជួយ​សម្របសម្រួល​​ដំណើរ​ការលក់​​និង​ជួយ​ធ្វើឱ្យគេ​ហទំព័រ​របស់​អ្នកមាន​តម្លៃខ្ពស់​បំផុត​ក្នុង​ភ្នែក​​អ្នក​ទិញ។​ប្រសិន​បើអ្នក​មាន​គម្រោង​ចង់​លក់​​គេហទំព័រ ប្រហែល​អ្នក​គួរតែ​ស្គាល់​​ក្រុមហ៊ុនទាំង​៤នេះ៖

 

១/ Digital Exits

ក្រុមហ៊ុននេះ​មានមូល​ដ្ឋាន​នៅក្នុង​​ក្រុង Los Angeles សហរដ្ឋ​អាមេរិក ជាក្រុមហ៊ុន​​គក់ចេ​គេហទំព័រ​​ដែល​មាន​តម្លៃចន្លោះ​ពី១០០ ០០០ដុល្លារ ទៅ៣លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ក្រុមហ៊ុន​​នេះផ្តល់​​ជូន​ការ​វាយ​តម្លៃ​​ដោយ​មិន​គិតថ្លៃសេវា ដូច្នេះអ្នក​អាច​​ដឹង​​តម្លៃដែល​រំពឹង​ទុក​បាន។ ជាង​នេះទៅ​ទៀត​​ក្រុមហ៊ុន​នេះ​ធ្វើការ​ជាមួយ​ក្រុម​អ្នក​ទិញ​ដែល​មានដើម​ទុន​និង​ទំនោរ​ទិញ​គេហទំព័រ​ដែល​មាន​តម្លៃរាប់​សែន​ឡើង​ទៅ។ ក្រុមការងារ​​នឹង​​បង្កើត​​ផែនការ​ទីផ្សារ​​ដើម្បី​ទាក់​ទាញ​អ្នក​ទិញ និងជួយ​គ្រប់​ដំណាក់​កាល​​នៃដំណើរ​ការលក់។

 

២/ Flippa

Flippa ជាទីផ្សារ​លើគេហទំព័រ​ដែល​អ្នក​ទិញ​​អាច​​ដេញថ្លៃ​បាន​លើ​​គេហទំព័រ​ក្នុង​របៀប​ស្រដៀង​គ្នា​​នឹង ​Ebay​ដែរ។ ការដេញ​ថ្លៃ​ភាគច្រើន​មាន​ប្រហែល​១០ ០០០​ដុល្លារ ហើយនៅ​ពេល​​ដែល​​គេទិញ​គឺទិញ​យក​ទាំង​គេហ​ទំព័រ ឈ្មោះ​ក្រុមហ៊ុន ហាង​ពាណិជ្ជកម្ម​លើអ៊ីន​ថឺណិត និង​កម្មវិធី​ផ្សេងៗ​​ទៀត។ ហេតុដូច្នេះ​ហើយ បើចង់​លក់​​តាម​​ក្រុមហ៊ុន​នេះ​ គេហទំព័រ​របស់​អ្នកគួរ​តែមាន​អាយុកាល​យូរ​បន្តិច មិនមែន​ជាគេហទំព័រ​ទើប​បង្កើត​​ឡើងទេ។​

 

៣/ Empire Flippers

ជាទីផ្សារអ៊ីន​ថឺណិត​​មួយ​​ដែល​មាន​​ជំនាញ​​ខាង​ទិញ​ និង​លក់​គេហទំព័រ​​តូចៗ។ ជាមធ្យម​​ថ្លៃទិញ​ដូរនៅ​តាម​ក្រុមហ៊ុន​នេះ​មាន​តម្លៃ​ត្រឹម​​៥០ ៧១១​ដុល្លារ។ លក្ខណៈ​ពិសេស​​របស់​ក្រុមហ៊ុននេះ​​គឺអ្នក​ទិញត្រូវ​កក់លុយ​៥%មុន​នឹងគេ​ផ្តល់​ពត៌មាន​​ទាក់​ទងនឹង​គេហទំព័រ​ដែល​គេ​ចង់​ទិញនោះ។ ចំណាត់​ការបែប​នេះជួយ​បញ្ជៀស​ក្រុមមនុស្ស​ដែល​គ្រាន់តែ​ចូលមើល​តែមិន​ទិញអ្វី​ទាំង​អស់។ ប៉ុន្តែអ្នក​លក់​គេហទំព័រ​ក៏ត្រូវ​បង់​កម្រៃ​ជើង​សារ​ដែរ​នៅពេល​លក់​ដាច់។​

 

៤/ FoundersIB

ខុសពីក្រុមហ៊ុនគក់​ចេផ្សេង​ទៀត​ខាងលើ ក្រុមហ៊ុន FounderIB ធ្វើ​ប្រតិបត្តិ​ការ​ក្នុង​របៀប​ផ្សេង។ ក្រុមហ៊ុន​នេះ​ជា​ធនាគារ​វិនិយោគ មាន​ជំនាញ​​ក្នុង​ការលក់​ក្រុមហ៊ុន​​ដែលមាន​ផល​ចំណេញ​​ប្រចាំ​ឆ្នាំ​ចាប់​ពី៣​លាន​ដល់​២០លានដុល្លារ។ សម្រាប់​​អ្នកលក់ ក្រុមហ៊ុន​​នេះ​នឹង​​ផ្តល់​​ជូន​ការសម្រប​សម្រួល បង្កើត​ទីផ្សារ និង​យុទ្ធសាស្រ្ត​ចចារ។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Inc. Asean

មតិយោបល់

អត្ថបទពេញនិយម