ជីវិត&អាជីវកម្ម | December 05, 2018

គន្លឹះប្រែក្លាយខ្លួនទៅជាសហគ្រិន

 

ការធ្វើជាសហគ្រិន​មិនមែន​ជារឿង​ងាយ​ស្រួលទេ ប៉ុន្តែ​វាមិន​មាន​ការប្រថុយ​ប្រថាន​ខ្លាំង​ពេក​ដូច​មនុស្សភាគ​ច្រើន​គិត​នោះ​ទេ។​សហគ្រិន​ជា​សរសៃ​ឈាម​នៃ​សេដ្ឋកិច្ច។ គេ​ធ្វើជាម្ចាស់​​និង​ប្រតិ​បត្តិការ​គ្រប់​ទិដ្ឋភាព​នៃ​ពាណិជ្ជ​កម្មតាំង​ពីហាង​លក់​ចាប់​ហ៊ួយ​រហូត​ដល់​ក្រុមហ៊ុន​បច្ចេក​វិទ្យា។ ទោះ​ជាពាណិជ្ជ​កម្មនោះ​មាន​ទំហំតូច​ធំ​ប៉ុនណា​ក៏​ដោយ ក៏តែងតែមាន​សហគ្រិន​​នៅពីក្រោយ​នោះ​ជានិច្ច។

 

ប៉ុន្តែក្នុងពេល​ដែល​មាន​សហគ្រិន​​ជាច្រើនទទួល​បាន​ជោគជ័យ ក៏មាន​សហគ្រិន​កាន់តែ​ច្រើន​ជាងនេះ​ទៀត​ដែល​ជួប​បរាជ័យ។ ពាណិជ្ជកម្ម​៥០%​មិនមាន​អាយុកាល​​លើស​ពី​៥ឆ្នាំ​ទេ។ យើង​តាម​​ទស្សនា​វដ្តី​ Fortune ពាណិជ្ជកម្ម​៩​ក្នុង​ចំណោម​ពាណិជ្ជកម្ម​១០​នឹង​បរាជ័យ​នៅ​ពេ​លណា​មួយ​ជា​មិន​ខាន។ ភាគ​រយនេះ​​ប្រហែល​​បំបាក់​ស្មារតី​បន្តិច​មែន ប៉ុន្តែ​​មិនមែន​មាន​ន័យថា​​មនុស្សម្នាក់ៗ​មិន​គួរចាប់​យក​សហគ្រិន​ភាព​ធ្វើជា​អាជីព​នោះ​ទេ។

 

តាមរយៈ​មហិច្ឆតា​ពិតប្រាកដ ការខិត​ខំ​ព្យាយាម គំនិត​អស្ចារ្យ និងចិត្តចង់​រៀន​សូត្រ នរណា​​ក៏អាច​​បង្កើត​ពាណិជ្ជកម្ម​​និង​ទទួល​បាន​ជោគជ័យ​ដែរ។ មាន​គន្លឹះមួយ​ចំនួនដែល​​អាចជួយ​មនុស្ស​ចង់ក្លាយ​ជាសហគ្រិន​ធ្វើជា​សហគ្រិន​ជោគជ័យ​បាន៖

 

១/ ស្វែងរកឧស្សាហកម្មដែលត្រូវចិត្ត

ជំហានទីមួយ​គឺត្រូវស្វែង​​រក​ឧស្សាហកម្ម​ដែល​ត្រូវចិត្ត។ មនុស្ស​ជាច្រើន​ចង់ក្លាយ​ខ្លួន​ជាសហគ្រិន ប៉ុន្តែ​​គេមិន​ដឹងថា​គេគួរ​តែប្រឡូក​ចូល​ក្នុង​ឧស្សាហកម្ម​អ្វី។ជា​ទូទៅ​ឧស្សាហ​កម្មល្អ​បំផុត​ជាផ្នែក​ដែលអ្នក​មាន​ការ​យល់​ដឹង​ច្រើន និង​ចូល​ចិត្ត​ចង់ធ្វើមិន​ចេះ​ធុញទ្រាន់។ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុងពេល​យូរអង្វែង មនុស្សម្នាក់​ត្រូវតែ​ស្រឡាញ់​​កិច្ចការ​ដែល​គេ​កំពុងតែ​ធ្វើ។​ នៅក្នុង​ពេល​ណា​មួយ លុយ​នឹង​លែង​ក្លាយ​ជាកត្តា​ជំរុញ​ចិត្ត​មនុស្ស​ឱ្យខិត​ខំធ្វើការ​រហូតដល់​៦០​ទៅ៧០​ម៉ោង​ក្នុង​មួយ​សប្តាហ៍។

 

២/ ស្រាវជ្រាវទីផ្សារ

មនុស្សចង់​ក្លាយ​ជាសហគ្រិន​​គួរតែ​ស្រាវជ្រាវ​​រកមើល​ទីផ្សារ វិភាគរក​ឱ្យឃើញ​តម្រូវការ និងការ​ចង់​បាន​ពិតប្រាកដ​របស់​​អតិថិជន។ ការស្វែង​រក​ចម្លើយ​ចំពោះ​​សំណួរ​ទាំង​នេះ​​និងសំណួរផ្សេង​ទៀត​​នឹង​ក្លាយ​ទៅជា​​កត្តា​សំខាន់​​ចំពោះ​ជោគជ័យ​យូរអង្វែង។

 

៣/ រៀនឱ្យបានច្រើន

មានជំនឿជាទូទៅ​មួយក្នុង​ពិភព​អ្នកមាន​ជីវិត​ជោគជ័យ គឺសហគ្រិន​មិនដែល​រៀន​ចប់​ទេ​ក្នុង​ជីវិត។ ទោះ​ជាសហគ្រិន​ល្បីឈ្មោះ​​មួយ​ចំនួន​​ដូច​លោក Mark Zuckerber លោក Bill Gates និង​លោក Richard Branson ជាដើម​រៀន​មិន​ចប់​ពីមហាវិទ្យាល័យ ក៏នៅ​ក្នុងដំណើរ​ជីវិត​ប្រចាំ​ថ្ងៃ អ្នកទាំង​នោះ​បន្តរៀន​សូត្រផ្ទាល់​ខ្លួន​មិនឈប់​តាម​រយៈការ​អាន​សៀវភៅ និង​ការ​អនុវត្ត​គំនិត​ថ្មីៗ​​ជាប្រចាំ។

 

៤/ ពង្រីក​ទំហំនៃពាណិជ្ជកម្មថ្មី

មនុស្សចង់​ក្លាយ​ជាសហគ្រិន​​ជាច្រើន​​នាក់​គិតថា​​ការរីក​ចម្រើន​រហ័ស​​ជាសញ្ញា​នៃ​ពាណិជ្ជកម្ម​ជោគជ័យ។ ប៉ុន្តែ​ពាណិជ្ជកម្ម​ថ្មី​​ភាគ​ច្រើន​​បង្កើត​ឡើង​​យឺតៗ​ក្នុងរយៈ​ពេល​ជា​ច្រើនឆ្នាំ។ នៅ​ពេល​ដែល​អាច​ធ្វើបាន​ សហគ្រិន​​នឹង​​បង្កើត​​ហើយ​​ពង្រីក​បន្តិច​ម្តងៗ។ ការពង្រីក​ខ្លួន​យឺតៗ​​ជួយ​ឱ្យសហគ្រិន​អាចរៀន​​និង​​កែ​ប្រែ​កំហុស​​មុន​ពេល​​ហក់​ចូល​ទៅ​ក្នុង​​រណ្តៅ។ ការដោះ​ស្រាយ​​បញ្ហានិង​ការជួប​ស្ថានភាព​ថ្មីៗ​ផ្តល់​​ឱ្យសហគ្រិន​នូវ​មេរៀន​ដ៏មាន​តម្លៃ​បំផុត​ដែល​មិន​អាច​រក​បាន​នៅសាលា។ ជាទូទៅ សហគ្រិន​តែងតែ​ធ្វើកិច្ច​ការ​ដើម្បី​ប្រាក់​ខែនៅ​ពេល​ថ្ងៃ និង​ធ្វើ​ពាណិជ្ជកម្ម​ផ្ទាល់​ខ្លួន​នៅ​ពេល​យប់ ឬពេល​សម្រាក​ពី​ការងារ។

៥/ បង្កើត​ផែន​ការពាណិជ្ជកម្ម

នៅពេល​មានគំនិត​ធ្វើពាណិជ្ជកម្មហើយ និង​បាន​ស្រាវជ្រាវ​​ខ្លះៗ​អំពី​តម្រូវ​ការនិង​កង្វះ​ខាត​នៅលើ​ទីផ្សាររួច​មក ដល់ពេល​ដែល​សហគ្រិន​ត្រូវ​សរសេរ​​ផែន​ការ​ពាណិជ្ជ​កម្មលម្អិត។ ផែន​ការនេះ​គួរតែមាន​​គោលដៅ​ពាណិជ្ជ​កម្ម​សំខាន់ៗ​នៅក្នុង​រយៈ៣​ទៅ៥​ឆ្នាំ​ខាង​មុខ យុទ្ធសាស្រ្ត​ដើម្បី​សម្រេច​​បាន​គោលដៅ​ទាំង​នេះ ពេល​វេលា​កំណត់​ដែល​ត្រូវ​អនុវត្ត តម្រូវ​ការ​ដើម្បី​ធ្វើកិច្ចការ​ប្រចាំ​ថ្ងៃ និងការ​សម្រេច​ចិត្ត។

 

ប្រែសម្រួល​៖ វេហា

ប្រភពៈ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម