ជីវិត&អាជីវកម្ម | October 22, 2018

អ្នក​ជំនួញ​ដែល​អន្ទះសារ​ក្នុង​អាជីវកម្ម​ខ្លួន​ឯង​ពេក អាច​ប្រើ​គន្លឹះ​៣​នេះ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍

គេថាការបង្កើតមុខជំនួញដោយខ្លួនឯងជារឿងពិបាក តែពាក្យនេះពិបាកយល់ណាស់សម្រាប់មនុស្សភាគច្រើន។ អ្នកខ្លះគិតថារឿងដែលពិបាកនោះគឺត្រូវធ្វើការច្រើនម៉ោង ត្រូវនិយាយជាមួយមនុស្សចម្លែកច្រើននាក់ និងត្រូវប្រឈមនឹងការបដិសេធ។ ប៉ុន្តែរឿងដែលពិបាកបំផុតសម្រាប់សហគ្រិនគឺការគ្រប់គ្រងអារម្មណ៍អន្ទះសាទៅវិញទេ។ នេះជាបច្ចេកទេស៣យ៉ាងដែលអាចជួយសហគ្រិនដោះស្រាយបញ្ហាពិបាកបំផុតនេះបាន៖

 

 

១/ រៀនវិធីមិនគិត

ពេលនិយាយដល់ការធ្វើសមាធិ មនុស្សខ្លះអាចនឹងគិតថានេះជារបៀបរបបសាសនា ហើយសម្រាប់តែមនុស្សចាស់លែងធ្វើការ។ ប៉ុន្តែការធ្វើសមាធិគឺជាការអនុវត្តផ្តោតអារម្មណ៍ទៅលើតែដង្ហើមចេញចូលដោយមិនគិតអ្វីទាំងអស់។ នៅពេលចិត្តរបស់អ្នកអណ្តែតទៅគិតរឿងអ្វីមួយ អ្នកកត់សម្គាល់ថាវាបានអណ្តែតចេញ រួចអ្នកក៏ទាញវាយកមកផ្តោតលើដង្ហើមចេញចូលរបស់អ្នកវិញ។ ពេលធ្វើសមាធិរាល់ថ្ងៃ អ្នកនឹងលែងសូវមានគំនិតរិះគន់សកម្មភាពរបស់អ្នកដទៃនិងខ្លួនឯង លែងមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងគឺជាមហន្តរាយ និងអាចគិតបានច្បាស់លាស់ចំពោះយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់អ្នក។ ការធ្វើសមាធិកអាចជួយកាត់បន្ថយអារម្មណ៍អវិជ្ជមាន និងភាពតានតឹងផ្លូវចិត្តបាន។

 

២/ ធ្វើដំបូកកណ្ឌៀពីភ្នំរបស់អ្នក

ពេលខ្លះសហគ្រិនគិតច្រើនពេករហូតដល់ខ្លាចគំនិតខ្លួនឯងលែងហ៊ានក្រោកពីដំណេកដើម្បីធ្វើសកម្មភាព។ មូលហេតុដែលអ្នកមិនអាចធ្វើអ្វីកើតគឺអ្នកព្យាយាមគិតធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងចិត្តក្នុងពេលតែមួយ។ តាមរយៈការបំបែកគោលដៅធំរទៅជាចំណែកតួចៗដែលត្រូវធ្វើសម្រេចឱ្យបានក្នុងមួយថ្ងៃ ឬមួយសប្តាហ៍ ហើយជាគោលដៅដែលអាចគ្រប់គ្រងបាន អ្នកនឹងមានកម្លាំងចិត្តចង់ចាប់ផ្តើមធ្វើភ្លាមដើម្បីឃើញលទ្ធផល។ ការសិក្សាមួយនៅសកលវិទ្យាល័យ Liverpool កាលពីឆ្នាំ២០១៣រកឃើញថា ការមានគោលដៅធំពេកនិងមិនច្បាស់លាស់អាចនឹងបង្កើតអារម្មណ៍តានតឹងនិងសម្ពាធផ្លូវចិត្ត។ នៅពេលអ្នកគិតដល់គោលដៅធំ ដំណើរការនិងគំនិតនោះនឹងកាន់តែលែងច្បាស់ព្រោះអ្នកមិនមានគំនិតថាត្រូវទៅឱ្យដល់គោលដៅនោះដោយរបៀបណា។ តាមរយៈការបំបែកគោលដៅរបស់អ្នកទៅជាសកម្មភាពដែលអាចគ្រប់គ្រងបាន វានឹងជួយអ្នកបំបាត់ការភ័យខ្លាចនិងអារម្មណ៍អន្ទះសា។

 

៣/ តាមដានជោគជ័យបន្តិចបន្តួច

បណ្តាសារជីវិតសហគ្រិនគឺអ្នកតែងតែសម្លឹងរកជោគជ័យបន្ទាប់ដើម្បីសម្រេចឱ្យបាន។ បញ្ហាក្នុងការផ្តោតចិត្តតែលើជោគជ័យបែបនេះគឺអ្នកមិនដែលក្រឡេកមើលក្រោយ ហើយសាទរចំពោះអ្វីដែលអ្នកបានសម្រេចកន្លងមកទេ។ តាមរយៈការតាមដានរាល់សមិទ្ធផលដែលអ្នកបានបង្កើតឡើង​ អ្នកកំពុងតែបង្កើតទិដ្ឋភាពជុំវិញខ្លួននិងប្រាប់ខ្លួនឯងថាអ្នកបានដើរមកឆ្លាយកម្រិតណាហើយក្នុងដំណើរមួយនេះ។ ការកត់ត្រាដំណើរជោគជ័យក្នុងកិច្ចការដែលអ្នកធ្វើអាចជួយអ្នកឱ្យផ្តោតលើការងារឬស្នាដៃដែលអ្នកមានមោទនភាព។ ដូច្នេះនៅរាល់យប់ អ្នកគួរតែសរសេររឿង៣យ៉ាងដែលបានកើតឡើង គឺរឿងដែលធ្វើ​ឱ្យអ្នកមានមោទនភាព។ ហើយនៅក្នុងមួយសប្តាហ៍ម្តង អ្នកជ្រើសរើសរឿង៥យ៉ាងដែលអ្នកពេញចិត្តបំផុត។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Success Magazine

មតិយោបល់

អត្ថបទពេញនិយម