ជីវិត&អាជីវកម្ម | October 22, 2018

តាម​សង្កេត​រក​៥​ចំណុច​ក្នុង​ជីវិត​របស់​អ្នក​ដើម្បី​ដឹង​ថា អ្នក​ជា​មនុស្ស​មាន DNA ជា​អ្នក​ជំនួញ​

មនុស្សដែលមានចរិតជម្នះក្នុងការស្វែងរកសេរីភាពតែងតែប្រាថ្នាចង់ក្លាយជាសហគ្រិន។ នៅក្នុងពិភពលោកសព្វថ្ងៃនេះ ការធ្វើជាសហគ្រិន​ហាក់ដូចជា​ការក្លាយ​ខ្លួនជាតារាមួយដួងដែរ។ ប៉ុន្តែការធ្វើជាសហគ្រិនពិតប្រាកដមិនមែន​ជាផ្លូវងាយស្រួលធ្វើដំណើរទេ។ ក្នុងជីវិតរបស់សហគ្រិន បរាជ័យនិង​ជោគជ័យ​ជារឿងធម្មតា ដូច្នេះបញ្ហាចោទឡើងថា តើអ្នកមាន DNA ដើម្បីឆ្លង​កាត់​បទពិសោធន៍ជីវិតទាំងអស់នេះទេ? នេះជាសញ្ញាទាំង៥ដែលអាចជួយអ្នកឱ្យសម្គាល់មើលដឹងថា តើមាគ៌ា​សហគ្រិន​​​សមនឹងអ្នកឬអត់​៖

 

 

១/ អ្នកព្យាយាមរៀនសូត្រដោយគ្មានបទពិសោធន៍

ភាគច្រើននៃសហគ្រិនរៀនតាមរយៈការអនុវត្តជាក់ស្តែង។ ហេតុដូច្នេះ​ហើយ​បានជាយើងច្រើនតែ ឮថាសហគ្រិនជោគជ័យ​ជាមនុស្សដែលបរាជ័យ​នៅ​សាលារៀន។ មិនមែនមានន័យថា សហគ្រិនទាំងអស់នោះ​ធ្វើដើម្បី​បញ្ជាក់​ហេតុផល​អ្វីមួយទេ ប៉ុន្តែមកពីបរិស្ថាន​នៅសាលារៀន​មិនអាចជួយ​ពួកគេ​បាន។ គេមិនអាចរៀនសូត្រពីមនុស្សដែលគ្រាន់តែនិយាយប្រាប់ផ្លូវបានទេ។ គេត្រូវការអនុវត្តជាក់ស្តែង។

 

២/ អ្នកជាមនុស្សអន្ទះសាបែបអត់ធ្មត់

ក្មេងដែលមានចរិតជា​សហគ្រិនតែងតែត្រូវមនុស្ស​ពេញវ័យដាក់​រហស្សនាម​ឱ្យថាជា​ក្មេងមិនចេះ​អត់ធ្មត់។ គេមិនអាចអង្គុយ​ស្ងៀមនៅមួយកន្លែង​បានទេ។ គេមិនសូវមាន​ការផ្តោតលើកិច្ចការ​អ្វីមួយបានយូរ​ទេ។ ប៉ុន្តែនៅ​ពេលក្មេង​ទាំងនេះ​ចាប់ផ្តើមធំ​ឡើង គេក៏អភិវឌ្ឍចរិតមួយ​ដែលយើងអាចនិយាយបានថា សមត្ថភាពអន្ទះសា​ដែលមានការ​អត់ធ្មត់។ គេមិនចូលចិត្ត​ធ្វើអ្វីយឺតយ៉ាវទេ ប៉ុន្តែគេក៏ពូកែរង់ចាំ​ពេលវេលាត្រឹមត្រូវ​ដើម្បីចាប់ផ្តើមសម្រេចចិត្ត​ដែរ។

 

៣/ អ្នកមិនព្រមទទួលយកការបដិសេធថាជាចម្លើយទេ

មានភាពខុសគ្នា​រវាងការជម្នះបែប​ទទឹងទទេង និងការជម្នះ​បែបស្លូតបូត។ មនុស្សដែលទទួល​ការបដិសេធ ហើយមិនព្រមទទួល​យកយោបល់​រិះគន់​គឺជាមនុស្សមាន​តែសុបិនបែបរវើរវាយ​គ្មានការពិត។ ប៉ុន្តែមនុស្ស​ដែល​ទទួលបានការបដិសេធ​ហើយប្រើ​ពេលស្តាប់ រៀនសូត្រ​ កែតម្រូវ និងបន្តដំណើរ​ឆ្ពោះទៅមុខទៀតជាមនុស្ស​ដែលមានការអត់ធ្មត់​និងតស៊ូពិត​ប្រាកដ។

 

៤/ អ្នកចូលចិត្តធ្វើជាម្ចាស់នៃកិច្ចការរបស់អ្នក

មូលហេតុដ៏ធំមួយ​ដែលមនុស្សមានចរិតជាសហគ្រិន​តែងតែជួបការលំបាក​ក្នុងបរិស្ថាន​ពាណិជ្ជកម្មគឺដោយសារគេ​មានអារម្មណ៍ថា គេមិនដូចជាមិនមែន​ជាម្ចាស់នៃការ​ងាររបស់គេ។ វាជាការលាយបញ្ចូលគ្នា​នៃការគ្មានសិទ្ធិ​គ្រប់គ្រាន់ក្នុង​សេរីភាពច្នៃប្រឌិត ឬការមានមនុស្សត្រួតត្រា​ច្រើនកម្រិត​ពេករហូត​ដល់គ្មានគម្រោងណា​មួយអាចលេចចេញ​ជារូបរាងបាន។ ការធ្វើជាសហគ្រិន​ជាកិច្ចការលំបាក ប៉ុន្តែលទ្ធភាពនៃការគ្រប់គ្រង​ការងារ​ដោយ​ខ្លួនឯងគឺជារង្វាន់ពិតប្រាកដ។

 

៥/ អ្នកមិនមែនធ្វើដើម្បីលុយទេ តែធ្វើដើម្បីសេរីភាព

បំណងរបស់អ្នកជា​កត្តាកំណត់ផ្លូវដែល​អ្នកដើរ។ អ្នកត្រូវដឹងថា មូលហេតុអ្វី​ដែលជំរុញ​ចិត្តអ្នក និងអ្វីជាគោលដៅ​ពិតប្រាកដរបស់អ្នក។ បើមិនដឹង​​ច្បាស់ទេ អ្នកនឹងគិតតែ​ពីរត់តាមគេ ហើយទីបំផុតទៅដល់​ចំណុចមួយ​ដែលអ្នកលែង​ស្គាល់ខ្លួនឯង។ សហគ្រិនពិតប្រាកដ​ស្វែងរក​សេរីភាព ហើយនិយមន័យ​របស់សេរីភាព​គឺជាការកំណត់​របស់មនុស្ស​ម្នាក់ៗ៕

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម