ជីវិត&អាជីវកម្ម | October 22, 2018

អ្នក​ជំនួញ​ធំៗ​សុទ្ធ​តែ​រក្សារ​សុខភាព​ផ្លូវ​ចិត្ត​ដើម្បី​គោល​ដៅ​រយៈ​ពេល​វែង

នៅពេលយើងនិយាយគ្នារឿងសហគ្រិនភាព ប្រធានបទភាគច្រើនស្ថិតនៅជុំវិញសមិទ្ធផលនិងការពេញចិត្តដែលទទួលបានពីការបង្កើតសមិទ្ធផលឬស្នាដៃអ្វីម្យ៉ាង។ ប៉ុន្តែការទទួលបានទាំងនេះជាថ្នូរនៃការលះបង់យ៉ាងធំ។ យោងតាមការស្ទង់មតិថ្មីៗនេះបង្ហាញថា៣០ភាគរយនៃសហគ្រិនមានសម្ពាធផ្លូវចិត្តពេញមួយជីវិត ២៩ភាគរយទៀតកំពុងតែមានបញ្ហាមិនអាចផ្តោតចិត្តគ្រប់គ្រាន់លើកិច្ចការ ហើយ២៧ភាគរយទៀតមានបញ្ហាអារម្មណ៍អន្ទះសា។

 

 

សុខភាពផ្លូវចិត្ត បើមិនគិតគូរទេ អាចមានផលប៉ះពាល់អវិជ្ជមានដល់ពាណិជ្ជកម្មរបស់អ្នក។ ឧទាហរណ៍ជាក់ស្តែង នៅពេលយើងត្រូវការសម្រេចចិត្ត បើអារម្មណ៍អន្ទះសាចូលមកលាយឡំ វាអាចនឹងបណ្តាលឱ្យអ្នកវាយតម្លៃមិនបានត្រឹមត្រូវ គឺឱ្យតម្លៃខ្ពស់ពេក ឬមើលស្រាលពេកចំពោះលទ្ធផល។ សម្ពាធផ្លូវចិត្តក៏បង្កឱ្យមានលទ្ធផលស្រដៀងគ្នានេះដែរលើការសម្រេចិត្ត ហើយវាអាចនឹងនាំទៅរកទស្សនៈទុទិដ្ឋិនិយមកាន់តែខ្លាំង មិនអាចធ្វើឱ្យអ្នកប្រើប្រាស់ទិន្នន័យដែលមានដើម្បីសម្រេចចិត្តឱ្យបានល្អបំផុតឡើយ។

 

សរុបមកបើសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តរបស់អ្នកមិនល្អហើយ អ្នកពិបាកធ្វើការណាស់។

 

តើអ្នកប្រតិកម្មតបទៅនឹងពត៌មានដែលមិនរំពឹងទុកដោយរបៀបណា? ប្រសិនបើអ្នកឆាប់ប្រើអារម្មណ៍ពេក អ្នកនឹងខឹង ឬមានអារម្មណ៍នៅមិនសុខ ដែលជាមូលហេតុនៃក្តីបារម្ភ។ ដូចគ្នានេះដែរចំពោះការរិះគន់ក្នុងន័យស្ថាបនា។ ជាធម្មតាអ្នកប្រហែលជាព្រមទទួលយកការរិះគន់ប្រភេទនេះ ប៉ុន្តែបើស្រាប់តែអ្នកមិនអាចទទួលយកបាន ឬចចេសចំពោះការឱ្យយោបល់ខុសចិត្តអ្នក វាអាចជាសញ្ញាប្រាប់ថាអ្នកកំពុងតែមានអារម្មណ៍តានតឹងច្រើនពេកហើយ។

 

រោគសញ្ញាផ្សេងទៀតនៃសុខភាពផ្លូវចិត្តមិនល្អគឺការផ្លាស់ប្តូរចិត្តញឹកញាប់ ឬពិបាកសម្រេចចិត្តរហូតដល់អ្នកចាប់ផ្តើមព្រងើយកន្តើយចំពោះទំនួលខុសត្រូវក្នុងការងារ។

 

ជីវិតជាសហគ្រិនត្រូវរងបន្ទុកធ្ងន់ណាស់ ហើយអារម្មណ៍អន្ទះសា អារម្មណ៍តានតឹង និងសម្ពាធផ្លូវចិត្តមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ។ អារម្មណ៍ទាំងនេះគ្រាន់តែជាប្រតិកម្មធម្មតាចំពោះស្ថានភាពដែលអ្នកជួបប្រទះប៉ុណ្ណោះ។ ដរាបណាអ្នកស្គាល់រោគសញ្ញា អ្នកនឹងត្រៀមខ្លួនបានល្អ។ វិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីត្រៀមខ្លួនទប់ទល់នឹងអារម្មណ៍ទាំងអស់នេះគឺការធ្វើសមាធិ។ ក្រុមហ៊ុនធំៗដូចជាGoogle, Nike និង Yahoo ជាដើមសុទ្ធតែលើកទឹកចិត្តបុគ្គលិកឱ្យហាត់ធ្វើសមាធិ។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម