ជីវិត&អាជីវកម្ម | October 11, 2018

ព្យាយាម​យក​៣​ចំណុច​នេះ​ដាក់​ខ្លួន​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ទំនុកចិត្ត​

អ្នកមានអ្វីៗលើសពីគ្រប់គ្រាន់ដើម្បីសម្រេចបានអ្វីៗទាំងអស់ដែលអ្នកចង់បានក្នុងជីវិតនេះ។ រឿងរ៉ាវជោគជ័យសុទ្ធតែពោរពេញដោយសកម្មភាពក្លាហានលើពីគេឯង។ ពេលនៅរៀនមហាវិទ្យាល័យ លោក Bill Gates ហៅទូរសព្ទទៅប្រធានផ្នែកប្រព័ន្ធនៃវិទ្យាស្ថានMIT ដើម្បីធ្វើបទបង្ហាញកម្មវិធីដែលលោកមិនទាន់ទាំងបានចាប់ផ្តើមសរសេរផង។ ការសម្រេចស្នាដៃអ្វីមួយអស្ចារ្យ ការទាក់ទាញអតិថិជនដំបូងៗ ឬការទទួលបានការងារក្នុងក្តីស្រមៃដែលអ្នកមិនមានបទពិសោធន៍សោះអាចជាការពិបាកខ្លាំងណាស់។ តើធ្វើយ៉ាងណាដើម្បីមានទំនុកចិត្តសម្រេចកិច្ចការដែលអ្នកចង់ធ្វើ?

 

 

១/ បង្កើតអារម្មណ៍វិជ្ជមានឱ្យខ្លាំង

ដើម្បីបើកចិត្តទទួលគំនិតថ្មីៗ អ្នកត្រូវតែធ្វើចិត្តឱ្យនៅក្នុងសភាពវិជ្ជមានជាមុនសិន។ អ្នកអាចចាប់ផ្តើមតាមរយៈការនិយាយដដែលៗនៅអ្វីដែលអ្នកចង់បាន។ Lady Gaga និយាយថាដំបូងវាជាការកុហក។ អ្នកនិយាយកុហកប្រាប់ខ្លួនឯងជាច្រើនដងដដែលៗ ហើយថ្ងៃមួយការកុហកនោះនឹងក្លាយជាការពិត។ អ្នកត្រូវតែរស់ក្នុងជំនឿរបស់អ្នកព្រោះមានភាពជាក់ខ្លះនៅពីក្រោយការកុហកដែលអ្នកប្រាប់ខ្លួនឯងដដែលៗរាល់ថ្ងៃ។

 

២/ ផ្តោតចិត្តអ្នកលើគោលដៅដែលអ្នកចង់សម្រេច

នៅពេលជួបរឿងរ៉ាវដែលមិនដូចនឹងគោលដៅរបស់អ្នកប៉ុនប៉ងសម្រេចឱ្យបាន អ្នកត្រូវព្រងើយកន្តើយ កុំខ្វល់នឹងរឿងវ៉ាវទាំងនោះ។​ បើអ្នកចង់ភ្ជាប់ទំនុកចិត្តលើខ្លួនឯង អ្នកត្រូវឧស្សាហ៍សួរខ្លួនឯងថាតើខ្ញុំនឹងមានអារម្មណ៍បែបណាបើខ្ញុំសម្រេចគោលដៅនៅពេលនេះ? តើជោគជ័យនោះមានអារម្មណ៍ដូចម្តេចទៅ? ប្រើពេលខ្លះដើម្បីមើលអារម្មណ៍អ្នកនៅពេលនឹកគិតដល់រឿងសម្រេចគោលដៅ។ អ្នកត្រូវតែមានភាពជឿជាក់លើក្តីប្រាថ្នារបស់ខ្លួនឯង បង្កើតមោទនភាពក្នុងខ្លួនឯង និងបង្កើតអារម្មណ៍រភើបចំពោះការសម្រេចបានសុបិននោះ។

 

៣/ ផ្តល់អាទិភាពលើលខ្លួនឯងជាងគេ

អ្នកសមនឹងទទួលបានអ្វីៗគ្រប់យ៉ាងដែលអ្នកប្រាថ្នាចង់បាន។ នៅពេលតារាសម្តែង Sylvester Stallone ដែលគេស្គាល់ច្រើនថាជាRambo នៅក្រីក្រគ្មានលុយកាក់ចាយគ្រប់គ្រាន់ លោកសរសេររឿង Rocky រួចបដិសេធមិនព្រមលក់រឿងនោះក្នុងតម្លៃប្រហែល១លានដុល្លារ។ មធ្យោបាយតែមួយគត់ដែលក្រុមហ៊ុនអាចយករឿងនោះទៅថតបានគឺត្រូវអនុញ្ញាតឱ្យលោកដើរតួឯក។ ខ្លួនអ្នកមានតម្លៃខ្ពស់ណាស់លើសពីអ្វីដែលអ្នកដឹងទៅទៀត ដូច្នេះត្រូវមានទំនុកចិត្តលើខ្លួនឯងព្រោះទំនុកចិត្តអាចធ្វើឱ្យមានភាពខុសគ្នាក្នុងកម្រិតនៃជោគជ័យ។

 

ប្រែសម្រួល៖ វេហា

ប្រភព​៖ Success Magazine

មតិយោបល់

អត្ថបទពេញនិយម