ជីវិត&អាជីវកម្ម | October 11, 2018

គន្លឹះ​បង្កើត​ក្រុមការងារ​ដែល​អាច​ជំនះ​រាល់​ស្ថានការណ៍​ការងារ​ដ៏​លំបាក​

ប្រសិនបើអ្នកកំពុងតែបង្កើតក្រុមហ៊ុនមួយ អ្នកមិនត្រឹមតែត្រូវការវិនិយោគទុនប៉ុណ្ណោះទេ តែត្រូវគិតដល់ការបង្កើតក្រុមការងារដ៏រឹងមាំមួយតាំងពីដើមទីទៅ។ អ្នកត្រូវធ្វើយ៉ាងណាឱ្យមនុស្សជុំវិញខ្លួនអ្នកក្លាយជាក្រុមការងារល្អបំផុតក្នុងវិស័យពាណិជ្ជកម្មដែលអ្នកប្រឡូក។ តើអ្នកទៅរកមនុស្សទាំងនេះបានពីណាមក? តើអ្នកប្រើប្រាស់ពួកគេដោយរបៀបណាដើម្បីបានប្រសិទ្ធភាពបំផុត? ស្គាល់គន្លឹះទាំង៧នេះ និងយកទៅអនុវត្តដើម្បីបង្កើតក្រុមការងារដ៏អស្ចារ្យមួយសម្រាប់ក្រុមហ៊ុនរបស់អ្នក​៖

 

 

១/ មនុស្សគ្រប់គ្នាគួរតែចែវទៅរកទិសដៅដូចគ្នា

មនុស្សដែលជិះទូកជាមួយគ្នាត្រូវជួយចែវគ្នាក្នុងទិសដៅស្របគ្នា លើកលែងតែអ្នកបញ្ជាក្បាលទូកដែលត្រូវសម្លឹងទៅមុខជានិច្ច។ អ្នកបញ្ជាក្បាលទូកគឺជាមនុស្សដែលកំណត់ទិសដៅនិងតម្រង់ផ្លូវក្នុងពេលចាំបាច់។ ប្រសិនបក្រុមហ៊ុនទាំងអស់ធ្វើការរបៀបនេះ គោលដៅមិននៅឆ្ងាយពីការព្យាយាមប៉ុន្មានទេ។ ជាអកុសលដែលការអនុវត្តជាក់ស្តែងមនុស្សគ្រប់គ្នាធ្វើដូចជាគេកំពុងតែជិះទូករៀងៗខ្លួន និងគិតគំនិតផ្សេងៗគ្នា ហើយមិនមានផែនការណ៍ ឬគោលដៅច្បាស់លាស់ថាគេកំពុងតែធ្វើអ្វី។ ការចែវទូកតែមួយក្នុងទិសដៅខុសគ្នាអាចជាបញ្ហាធំមួយសម្រាប់អ្នកដឹកនាំនិងក្រុមការងារទាំងមូល។

 

២/ គោលដៅរួមគឺត្រូវឈ្នះ

មនុស្សក្នុងក្រុមការងារជាមួយគ្នាអាចនឹងដើរតួផ្សេងគ្នា ប៉ុន្តែគេមានគោលដៅតែមួយទេគឺត្រូវឈ្នះ។ ប្រសិនមនុស្សគ្រប់គ្នាធ្វើការរៀងខ្លួន និងដឹងច្បាស់ថាការងាររបស់គេមានទំនាក់ទំនងចាំបាច់ជាមួយនឹងការងាររបស់អ្នកផ្សេងទៀត នោះក្រុមការងារនេះមានឱកាសឈ្នះច្រើន។ ប្រសិនបើអ្នកមិនបានកំណត់ទិសដៅច្បាស់លាស់ និងមិនបានវាស់ស្ទង់ភាពរីកចម្រើនទេ អ្នកនឹងមានកំហុសឆ្គងច្រើន។ អ្នកអាចនឹងខ្ជះខ្ជាយពេលវេលានិងលុយកាក់ ហើយកាន់តែអាក្រក់ជាងនេះទៀត អ្នកអាចនឹងបរាជ័យក្នុងមុខជំនួញ។

 

៣/ កុំលេងដើម្បីត្រឹមតែឱ្យបានលេង

ប្រសិនបើអ្នកមានទេពកោសល្យអស្ចារ្យ ប៉ុន្តែមានសីលធម៌ការងារខ្សោយ អ្នកនឹងមិនអាចក្លាយជាមនុស្សអស្ចារ្យបានទេ។ អ្នកអាចឃើញករណីបែបនេះច្បាស់ទាំងក្នុងពិភពកីឡានិងពិភពជំនួញ។ ការព្យាយាមគឺជាតម្រូវការដំបូងបំផុតក្នុងការសម្រេចមហិច្ឆតានិងទស្សនវិស័យ។ ប៉ុន្តែការប្រឹងប្រែងធ្វើការមិនមែនមានន័យថាអ្នកគ្មានពេលសប្បាយក្នុងជីវិតនោះទេ។ តាមពិតទៅ ពេលធ្វើការខ្លាំងបំផុតអាចជាពេលសប្បាយបំផុត ប្រសិនបើអ្នកពិតជាធ្វើការដែលអ្នកចូលចិត្ត។

 

៤/ ក្រុមការងារនិយាយរកគ្នាយ៉ាងស្និទ្ធស្នាល

ក្រុមការងារល្អបំផុតមានវិធីធ្វើការរួមគ្នា។ មេដឹកនាំកំណត់ទិសដៅ ប៉ុន្តែត្រូវពឹងផ្អែកលើក្រុមការងារដើម្បីអនុវត្ត។ មេដឹកនាំនិយាយទៅរកក្រុមការងារ ហើយសមាជិកក្នុងក្រុមការងារនិយាយរកគ្នា។ អ្នកផ្តល់សេរីភាពឱ្យក្រុមការងារបំពេញតួនាទីតាមជំនាញនិងសមត្ថភាពរបស់គេ ប៉ុន្តែគេត្រូវតែបំពេញតួនាទីចម្បងរបស់គេជាមុនសិន។ តាមពិតទៅ នៅពេលមនុស្សស្គាល់តួនាទីរបស់គេ សមត្ថភាពរបស់គេក្នុងការសហការគ្នានឹងកើនឡើងកាន់តែខ្លាំង។

 

៥/ ស្វែងរកមនុស្សដែលមានទេពកោសល្យ

ក្នុងការចាប់ផ្តើមបង្កើតក្រុមថ្មីមួយ អ្នកត្រូវតែសម្រេចចិត្តឱ្យបានឆាប់ថាតើត្រូវជ្រើសរើសយកវប្បធម៌របៀបណា។ អ្នកត្រូវតែកំណត់តួនាទីនិងទំនួលខុសត្រូវ និងជំនាញដែលត្រូវនឹងតួនាទី។ បន្ទាប់មកស្វែងរកជួលមនុស្សដែលឆ្លាតជាងអ្នក នៅក្នុងជំនាញរបស់គេ។ អ្នកអាចទៅរកមនុស្សមានជំនាញនិងទេពកោសល្យនៅតាមសកលវិទ្យាល័យ តាមបណ្តាញ ឬតាមរយៈព្រឹត្តិការណ៍ផ្សេងៗ ហើយបង្ហាញគំនិតរបស់អ្នកឱ្យគេដឹង។

 

៦/ មើលអនាគតវែងឆ្ងាយដើម្បីបណ្តុះឆន្ទៈ

ការងារចម្បងរបស់អ្នកដឹកនាំគឺកំណត់ទស្សនវិស័យ និងផ្សាភ្ជាប់គោលដៅទៅនឹងសកម្មភាពរបស់ក្រុមការងារ។ ការកំណត់គោលដៅ និងការពន្យល់ឱ្យមនុស្សគ្រប់គ្នាយល់ច្បាស់និងជឿជាក់អាចជាកត្តាកំណត់ជោគជ័យរបស់ក្រុមហ៊ុនបាន។ បញ្ហាធំមួយក្នុងក្រុមហ៊ុនភាគច្រើនគឺមនុស្សក្នុងក្រុមហ៊ុននោះមិនមានអារម្មណ៍ថាខ្លួនគេមានទំនាក់ទំនងអ្វីទៅនឹងជោគវាសនារបស់ក្រុមហ៊ុនឡើយ។

 

៧/ បត់បែនតាមស្ថានការណ៍

ក្នុងពិភពកីឡា សមាជិកក្រុមទទួលបានការបណ្តុះបណ្តាលក្នុងតួនាទីដែលពួកគេត្រូវបំពេញ។ គេត្រូវតែត្រៀមខ្លួនគ្រប់ពេល។ គ្រូបង្វឹកកីឡាមើលវីដេអូច្រើនណាស់ និងសិក្សាអំពីការប្រកួតប្រជែង ហើយនៅពេលដល់វេនក្រុមរបស់គេត្រូវលេងជាក់ស្តែង វាគ្រាន់តែជាការគ្រប់គ្រងល្បែងតែប៉ុណ្ណោះ។ ពេលខ្លះស្ថានភាពជាក់ស្តែងក្នុងពេលប្រកួតតម្រូវឱ្យមានការបត់បែនខ្លះ។ ក្នុងករណីក្រុមហ៊ុនវិញ មានភាពមិនច្បាស់លាស់ច្រើនដែលត្រូវប្រឈម។ ពេលខ្លះអ្នកត្រូវកែតម្រូវផែនការណ៍ និងបត់បែនតាមស្ថានភាពជាក់ស្តែងដែលកំពុងតែកើតឡើង។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម