ជីវិត&អាជីវកម្ម | October 11, 2018

អ្នក​ជំនួញ​សម័យ​ថ្មី​នេះ​មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន​​ដែល​យើង​អាច​កត់​សម្គាល់​បាន​

ការគ្រប់គ្រងមុខជំនួញជោគជ័យមួយមិនមែនជារឿងងាយៗទេ។ បើទោះជាសហគ្រិនត្រូវព្យាយាមធ្វើការ និងប្តេជ្ញាចិត្តខ្ពស់ ក៏នៅតែមិនប្រាកដថាអាចទទួលបានជោគជ័យដែរ។ ដូច្នេះតើមានអ្វីដែលនាំឱ្យមនុស្សខ្លះសុខចិត្តលះបង់ការងារងាយស្រួល ទៅប្រឈមនឹងហានីភ័យធំបែបនេះ?

 

 

សហគ្រិនសព្វថ្ងៃនេះមិនរុញរាក្នុងការយកបញ្ហាមកដោះស្រាយដោយខ្លួនគេទេ ហើយភាគច្រើនបង្កើតមុខជំនួញពីបាតដៃទទេ។ ខាងក្រោមនេះជាលក្ខណៈពិសេសៗនៃសហគ្រិនសម័យថ្មី​៖

 

ព្យាយាមធ្វើការ និងទទួលបានការគាំទ្រភាគច្រើនពីដៃគូជីវិត ឬប្តីប្រពន្ធរបស់គេ។ គេធ្វើដើម្បីឆន្ទៈ ឯករាជ្យភាព និងសេរីភាព (មិនមែនដើម្បីលុយទេ)។ ជាមធ្យមគេធ្វើការពី៨ទៅ១២ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែក្នុងពេលជាមួយគ្នាគេក៏ព្យាយាមស្វែងរកតុល្យភាពខ្លះដែរ គឺជាង៥០ភាគរយនៃសហគ្រិនសម័យនេះចំណាយពេលជាង៣ម៉ោងក្នុងមួយថ្ងៃជាមួយគ្រួសារ។

 

គេទទួលបានសមិទ្ធផលច្រើនតាមរយៈការវិនិយោគតិចតួច គឺជាង៥០ភាគរយនៃសហគ្រិនទាំងនោះមានលុយមិនដល់មួយម៉ឺនដុល្លារទេក្នុងពេលចាប់ផ្តើមមុខជំនួញទីមួយរបស់ពួកគេ ហើយភាគច្រើនក៏មានបុគ្គលិកត្រឹមតែពីរនាក់ប៉ុណ្ណោះ។ គេបង្រៀនខ្លួនឯងតាមអ៊ីនថឺណិត ហើយនេះជាជំនាញដែលគេយកចិត្តទុកដាក់បំផុតគឺការធ្វើទីផ្សារ ភាពច្នៃប្រឌិត ទំនុកចិត្ត ទំនាក់ទំនង និងការអត់ធ្មត់។

 

សហគ្រិនសម័យនេះជាមនុស្សមិនរាថយ ឬចុះចាញ់ចំពោះឧបសគ្គ។ ជិត២០ភាគរយនៃសហគ្រិនទាំងនោះចាត់ទុកថាការមិនសុំឱ្យគេជួយគឺជាកំហុសធំបំផុត ហើយសហគ្រិនស្ទើរតែទាំងអស់នឹងហក់ចូលប្រឡូកក្នុងមុខជំនួញវិញ ក្រោយពីបានរៀនពីកំហុសឆ្គងដែលគេបានឆ្លងកាត់។

 

សហគ្រិនសព្វថ្ងៃនេះជាមនុស្សដែលមានធនធានច្រើន មានឥទ្ធិពលខ្លាំង មានទំនុកចិត្តខ្ពស់ និងចេះបង្រៀនខ្លួនឯង។ គេខំធ្វើការ ប៉ុន្តែចេះឱ្យតម្លៃពេលវេលានិងគុណភាពនៃជីវិត ជ្រើសរើសតុល្យភាព និងសេរីភាពរវាង ជាជាងគិតតែពីមុខតំណែង។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម