ជីវិត&អាជីវកម្ម | September 25, 2018

អ្នក​ជំនួញ​បច្ចុប្បន្ន​ត្រូវ​ការ​ជំនាញ​ទាំង​៣នេះ​ដើម្បី​​អោយ​តាម​ទាន់​បរិបទ​ពាណិជ្ជកម្ម​

ពិភពលោកសព្វថ្ងៃនេះមានបច្ចេកវិទ្យាថ្មីៗ និងមនុស្សយន្តធ្វើការជំនួសមនុស្សស្ទើរតែគ្រប់វិស័យអស់ហើយ ប៉ុន្តែជំនាញមនុស្ស៣ដែលនៅតែសំខាន់មិនអាចមានអ្វីជំនួសបានគឺ​ភាពច្នៃប្រឌិត ទំនាក់ទំនង និងការនិទានរឿង៖

 

 

១/ ភាពច្នៃប្រឌិត

ភាពច្នៃប្រឌិតគឺជាផ្នែកមួយដែលដុះនៅក្នុងផ្នត់គំនិតសហគ្រិនភាព តាំងពីចាប់ផ្តើម រហូតដល់ដោះស្រាយបញ្ហា និងស្វែងរកគំរូពាណិជ្ជកម្មថ្មីៗ។ ច្បាស់ណាស់ថាមូលដ្ឋានទាំងស្រុងនៃសហគ្រិនភាពស្ថិតនៅលើការច្នៃប្រឌិត ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ សហគ្រិនមិនអាចឈប់សម្រាកមួយប៉ព្រិចភ្នែកបានទេក្រោយពីបង្កើតបានអ្វីមួយហើយ និងត្រូវតែបន្តនឹកស្រមៃ ឆ្លើយតប និងបើកចិត្តទូលាយទទួលយកគំនិតថ្មីថែមទៀត។

 

២/ ទំនាក់ទំនង

ជាញឹកញាប់ពេកណាស់ដែលការទាក់ទងគ្នាច្រើនតែធ្វើត្រឹមសម្បកក្រៅ ដើម្បីចង់បានប្រយោជន៍ភ្លាមៗ ជាជាងការព្យាយាមដើម្បីបង្កើតទំនាក់ទំនងពិតប្រាកដ។ សហគ្រិនជោគជ័យបច្ចុប្បន្ននេះត្រូវតែបង្កើតគំនិតចង់ដឹងចង់ស្គាល់អ្នកដទៃ និងរៀនសូត្រពីការទាក់ទងគ្នាជាមួយអ្នកផ្សេងដែលមានរបៀបរបបនិងសាវតាខុសពីខ្លួនឯង។ គំនិតថ្មីៗច្រើនតែកើតចេញពីមនុស្សដែលនៅក្រៅរង្វង់ទំនាក់ទំនងប្រចាំថ្ងៃរបស់អ្នក។ មនុស្សគ្រប់គ្នាដឹងថា ទំនាក់ទំនងជារឿងសំខាន់ណាស់ក្នុងពិភពពាណិជ្ជកម្ម ប៉ុន្តែមិនមែនមានតែមនុស្សទេដែលសហគ្រិនសព្វថ្ងៃត្រូវភ្ជាប់ទំនាក់ទំនង ការផ្សារភ្ជាប់គំនិត និងឧស្សាហកម្មក៏សំខាន់ណាស់ដែរ។ បើតាមសម្តីរបស់លោក Steve Jobs ភាពច្នៃប្រឌិតគឺគ្រាន់តែជាការផ្សារភ្ជាប់វត្ថុ។

 

៣/ ការនិទានរឿង

ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដំបូងៗ​(Microsoft, Google, Facebook) មិនចាំបាច់ត្រូវតែជាមនុស្សពូកែនិទានរឿងទេព្រោះសេវារបស់ពួកគេបានរីករាលដាលយ៉ាងរហ័ស។ សព្វថ្ងៃនេះ ក្នុងពេលដែលបច្ចេកវិទ្យាបង្ហូរពត៌មានមិនឈប់ មនុស្សយើងកំពុងតែជន់ជោរ ឈប់ចាប់អារម្មណ៍ការផ្សាយពាណិជ្ជកម្មភាគច្រើនដែលគេឃើញ។ មធ្យោបាយតែមួយគត់ដែលសហគ្រិនបច្ចុប្បន្នអាចចែករំលែកសាររបស់គេបានគឺតាមរយៈការនិទានរឿង។ ការសម្រេចចិត្តរបស់យើងភាគច្រើនផ្អែកលើអារម្មណ៍ ដូច្នេះការបង្កើតផលិតផល ឬសេវាអស្ចារ្យមិនទាន់គ្រប់គ្រាន់ទេ អ្នកត្រូវនឹករកវិធីប្រាប់មនុស្សឱ្យដឹងថាអ្នកមានរបស់ទាំងអស់នោះ និងត្រូវតែប្រយុទ្ធដើម្បីទស្សនវិស័យរបស់អ្នកតាមរយៈការនិទានរឿងដ៏ប៉ិនប្រសប់។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម