ជីវិត&អាជីវកម្ម | March 13, 2018

អនុវត្តតាម​គន្លឹះ​ទាំងនេះ​រាល់ថ្ងៃ ដើម្បី​បង្កើន​ស្មារតី ចូលរួម​របស់​បុគ្គលិក

ការចូលរួមរបស់បុគ្គលិក​ជាកត្តា​កំណត់​ជោគជ័យ​និងបរាជ័យ​ក្នុងក្រុមហ៊ុន​មួយ។ ការសិក្សា​បានបង្ហាញថា​ការចូល​រួម​របស់បុគ្គលិក​មានត្រឹមតែ​ប្រហែល​៣២​ភាគ​រយទេ ដែលមាន​ន័យថា​៦៨ភាគរយ​នៃបុគ្គលិក​មិនបាន​ចូលរួម​ធ្វើការ​ឱ្យអស់​ពី​​កម្លាំងកាយ​ចិត្ត ឬគ្មាន​ស្មារតី​ចូល​រួមធ្វើការ​តែម្តង។

 


ក្នុងនាមជាមេដឹកនាំក្រុមហ៊ុន អ្នកជា​មនុស្ស​តែម្នាក់​គត់ដែល​មានឥទ្ធិពល​ខ្លាំង​ជាងគេ​ក្នុងការ​​បង្កើត​ស្មារតី​ចូលរួម​ការងាររបស់​បុគ្គលិក​ទាំងអស់ ហើយគោលដៅ​ធំបំផុត​របស់អ្នក​គួរតែ​ធ្វើយ៉ាង​ណា​ដើម្បី​បង្កើន​កម្រិត​នៃស្មារតី​ចូលរួម​ក្នុងការងារ​របស់បុគ្គលិក។ ខាងក្រោម​នេះ​ជាគន្លឹះ​ខ្លះៗ​ដែលអ្នក​អាច​អនុវត្ត​បាន​រាល់ថ្ងៃ៖


១/ ធ្វើខ្លួនជាគំរូ
ក្នុងនាមជាមេដឹក​នាំ​គេ អ្នកមិន​អាចធ្វើ​ឱ្យបុគ្គលិក​ចូលរួម​ការងារ​ពេញដៃ​ពេញជើង​ក្នុងពេល​ដែលខ្លួន​អ្នកមិន​បាន​ចូល​រួមដោយ​ផ្ទាល់​នោះទេ។ អ្នកត្រូវតែ​បង្កើត​ឥរិយាបថ​គំរូ​ដើម្បី​ក្រុមការងារ​អនុវត្ត​តាម ហេតុដូច្នេះ​ហើយ ប្រសិន​បើអ្នក​បង្ហាញឥរិយា​បថ​គ្មាន​ភាពស្វាហាប់ បុគ្គលិក​របស់អ្នក​ពិតជា​អនុវត្ត​តាម​របៀប​អ្នកមិន​ខាន។


២/ បង្ហាញវត្តមានក្នុងពេលបុគ្គលិកធ្វើការ
មនុស្សគ្រប់គ្នា​ចង់មាន​អារម្មណ៍ថា​គេធ្វើការ​ជាមួយ​នឹងចៅហ្វាយ​នាយ​របស់​គេ គឺមិនមែន​ធ្វើការ​សម្រាប់​តែមេគេ​ទេ។ ប៉ុន្តែក្រុម​ការងារ​ពិបាក​មានអារម្មណ៍​ចង់ធ្វើ​ការណាស់​ប្រសិន​បើគេ​មិនបាន​ឃើញ​វត្តមាន​ចៅហ្វាយនាយ​ទៅក្បែរ។ ក្នុងនាម​ជា​អ្នកដឹកនាំ​គេ អ្នកត្រូវ​​ចេញពី​​ការិយាល័យ ចំណាយ​​​ពេលខ្លះ​​ដើរមើល​​និងបង្ហាញ​​ចំណាប់​​អារម្មណ៍​​លើកិច្ច​ការ​​ដែល​កំពុង​តែ​​ប្រព្រឹត្តិទៅ។


៣/ បង្ហាញភាព​ស្វាហាប់​ពិតប្រាកដ​របស់អ្នក
ភាពស្វាហាប់​អាចមាន​ឥទ្ធិពល​ចម្លង​ដល់មនុស្ស​ជុំវិញខ្លួន ហើយបើ​អ្នកកាន់​តែបង្ហាញ​ភាព​ស្វាហាប់ ក្រុមការងារ​របស់​អ្នក​ក៏មាន​ភាពស្វាហាប់​កាន់តែ​ខ្លាំង​ដែរ។ គ្មានអ្វី​ដែលបំផ្លាញ​ការចូលរួម​បាន​រហ័ស​ជាងការ​បង្ហាញ​ភាពស្វាហាប់​ក្លែងក្លាយ​ទេ ហើយបុគ្គលិក​ងាយមើល​ឃើញការ​សម្តែង​របស់ថ្នាក់​ដឹកនាំ​ណាស់។ ភាពស្វាហាប់​មិនមែន​ស្ថិតនៅតែ​លើ​ពាក្យ​សម្តីទេ វាស្ថិត​នៅលើ​កាយ​វិការ​និងសកម្មភាព​ជាក់ស្តែង។


៤/ ចំណាយពេលខ្លះ​ដើម្បី​ជជែកគ្នា
បើអ្នកចំណាយពេលច្រើន​និយាយ​ជាមួយ​នឹងក្រុម​ការងារ ពួកគេ​នឹងចូល​រួមកាន់​តែច្រើន។ អ្នកត្រូវតែ​និយាយ​ពន្យល់​ឱ្យ​ច្បាស់អំពី​គោលដៅ និងបង្ហាញ​ឱ្យឃើញថា​ហេតុអ្វី​បានជា​គោលដៅ​ទាំងនោះ​សំខាន់។ ជាងនេះ​ទៅទៀត អ្នកត្រូវតែ​ប្រាប់អំពី​ដំណើររីកចម្រើន​គ្រប់ដំណាក់​កាលនៃ​ការងារ​ដែលពួកគេ​កំពុងតែ​ធ្វើ។ ការនិយាយ​អំពីដំណើរ​រីកចម្រើ​ន​នៃការងារ​ក៏អាច​ជា​កម្លាំងជំរុញ​ចិត្តផង​និងជាការរំ​ឭក​ផង​អំពីការ​ផ្លាស់ប្តូរ​មួយចំនួន​ដើម្បីទៅ​ដ​ល់​គោលដៅ។


៥/ បង្ហាញការកោតសសើរ
យោងតាមច្បាប់តម្រូវការរបស់លោក Maslow ការទទួល​ស្គាល់ជា​តម្រូវ​ការមួយ​ក្នុងចំណោម​តម្រូវការ​ចម្បង​របស់​មនុស្ស។ ការទទួលស្គាល់​ជួយបង្កើត​ទំនុកចិត្ត​លើខ្លួនឯង​និងធ្វើ​ឱ្យមនុស្ស​យល់ថា​ខ្លួនគេ​មានតម្លៃ។ ជាញឹកញាប់​ពេកណាស់​ដែលការ​សសើរត្រូវគេ​រក្សាទុក​សម្រាប់​តែពេល​សម្រេច​ស្នាដៃ ឬសមិទ្ធផល​ធំៗប៉ុណ្ណោះ។ ប៉ុន្តែ​ថ្នាក់ដឹក​នាំបែរ​ជាភ្លេច​គិតថា​ការទទួល​ស្គាល់​ជាប្រេង​លាបកង់​និងស្ពឺ​នៃការ​អភិវឌ្ឍ​មិនដាច់​ឆ្ពោះទៅ​រកការ​សម្រេច​ស្នាដៃ​ធំៗ។


៦/ ញញឹមឱ្យ​បានច្រើន
មនុស្សដែលរីករាយ​ជាមនុស្ស​ដែលមាន​ផលិត​ភាពខ្ពស់ ហើយនៅ​ពេលអ្នក​រីករាយ និងញញឹម​ច្រើន ភាពស្រស់ស្រាយ​របស់​អ្នកមានឥទ្ធិពល​យ៉ាងធំ​លើផ្លូវចិត្ត​របស់ស្ថាប័ន​ការងារ​ទាំងមូល។ ស្នាមញញឹម​ក៏អាច​ចម្លង​ទៅមនុស្ស​ជុំវិញ​ខ្លួនដែរ ដែលនាំ​ទៅរកប្រយោជន៍​យ៉ាងច្រើន​លើសពីការងារ​ទៅទៀត។ ការញញឹម​ជួយកាត់​បន្ថយ​កម្រិត​សម្ពាធ​អារម្មណ៍​តានតឹង ធ្វើឱ្យ​អ្នក​មានអារម្មណ៍​ល្អ​ចំពោះ​ខ្លួនឯង និងបង្កើន​អារម្មណ៍​វិជ្ជមាន។


ប្រែសម្រួល៖ វេហា
ប្រភព៖ Inc. Southeast Asia

មតិយោបល់

អត្ថបទពេញនិយម