ជីវិត&អាជីវកម្ម | March 13, 2018

ការធ្វើខ្លួនឱ្យរវល់ជានិច្ច​ មិនអាច​ធ្វើឱ្យ​​អ្នកក្លាយ​ ជាសហគ្រិ​ន​ពូកែ​​បានទេ

ការធ្វើខ្លួនឱ្យរវល់ជានិច្ច​មិនមែន​ជារឿង​អស្ចារ្យ​ធ្វើឱ្យគេ​មើលឃើញថា​អ្នកពូកែនោះទេ ផ្ទុយទៅវិញការចេះគ្រប់គ្រងនិងប្រើប្រាស់ពេលវេលាទើបជាការកត្តាធ្វើឱ្យអ្នកខ្លាំងពិតប្រាកដ។ មនុស្សភាគច្រើនយល់ច្រឡំនិងចូលចិត្តប្រើពាក្យរវល់នៅក្នុងភាសានិយាយប្រចាំថ្ងៃរបស់គេណាស់ ពីព្រោះគេជឿវាការធ្វើខ្លួនឱ្យរវល់មានន័យថាគេមានផលិតភាពច្រើន។

 

 

គេចាត់ទុកការប្រជុំ១០កន្លែង ក្នុងមួយថ្ងៃ​ថា​ជាការសម្រេច​បាន​កិច្ចការ​ធំ ​និង​គោរព​កោត​សសើរ​បុគ្គលិ​កលក្ខណៈរបស់​សហគ្រិន​រវល់ខ្លាំង។ បើនិយាយ​ដោយ​ស្មោះត្រង់​ទៅ សកម្មភាព​រវល់​ជានិច្ច​បែបនេះ​ជារឿង​ហួសចិត្ត​ទៅវិញទេ។ ការរវល់​ជានិច្ចមិនត្រឹមតែ​គ្មានបាន​សម្រេច​ចិត្តកិច្ចការ​ជាដុំ​កុំភួន​អ្វីនោះទេ ប៉ុន្តែការ​ធ្វើខ្លួន​ឱ្យរវល់​ពេក​អាចនឹង​បំផ្លាញ​សមត្ថភាព​របស់​អ្នកក្នុងការ​ផ្តោតចិត្ត​លើកិច្ច​ការចំពោះ​មុខ និងមិន​បានចូល​រួមចំណែក​ផ្តល់តម្លៃ​ពិតប្រាកដ​ដល់ក្រុមហ៊ុន​ទៀតផង។

 

ខាងក្រោមនេះជា​គន្លឹះមួយ​ចំនួនដែល​អាចជួយ​សហគ្រិន​រវល់ខ្លាំង​ឱ្យដោះខ្លួន​ចេញផុត​ពីអន្ទាក់​នៃភាព​រវាល់​និងមាន​ពេល​ធ្វើការ​បានខ្លះ៖

 

១-ទាញអត្ថប្រយោជន៍ពី​ឧបករណ៍​ពីអ៊ីនធឺណេត​និង​គន្លឹះរៀបចំ​ពេលវេលា​ការបង្កើត​របៀប​រៀបចំ​ការងារ​និងពេល​វេលា​ជាមធ្យោបាយ​ល្អបំផុត​ដើម្បី​បង្កើត​ផលិត​ភាព។ ប្រព័ន្ធ​រៀបការងារ​និងពេល​វេលា​ឱ្យមាន​សណ្តាប់​ធ្នាប់គួរតែ​ជួយអ្នក​ឱ្យ​ធ្វើការស្រប​គ្នា​ជាមួយ​នឹងរបៀប​រៀនសូត្រ​និងធ្វើការ​ផ្ទាល់ខ្លួន​របស់អ្នក ហើយជំហាន​ទាំងអស់​ខាងក្រោម​នេះអាច​ជួយអ្នក​ឱ្យ​ចាប់ផ្តើម​បាន៖

-តាមដានពេលវេលារបស់អ្នកដោយប្រើប្រាស់កម្មវិធីToggl។

នៅពេលអ្នករវល់ខ្លាំង អ្នកពិបាក​ដឹងណាស់​ថាអ្នកចំណាយ​ពេលអស់​លើកិច្ចការ​អ្វីខ្លះ។ ការតាម​ដាន​ពេលវេលា​របស់អ្នក​អាចជួយអ្នក​ឱ្យធ្វើ​កិច្ចការ​នីមួយ​ដោយមាន​បំណង​ច្បាស់លាស់។

-ប្រើប្រាស់បញ្ជីការងារ​ត្រូវធ្វើ។ កម្មវិធីបញ្ជី​ការងារ​ត្រូវធ្វើ​ដូចជា Wunderlist ឬ Todoist ជាមធ្យោបាយ​ងាយស្រួល​ក្នុង​ការធ្វើឱ្យ​ប្រាកដថា​មានកិច្ចការ​អ្វីខ្លះ​ដែលអ្នក​ត្រូវធ្វើ​ឱ្យរួច​រាល់នៅ​ក្នុងមួយ​ថ្ងៃ ទោះជា​អ្នកនៅ​កន្លែងណា​ក៏ដោយ។

-បង្កើតឧបករណ៍​សម្រាប់សកម្មភាព​ដែលអ្នក​ធ្វើញឹក​ញាប់​បំផុត។ ពេលខ្លះ​ឧបករណ៍​គ្រប់គ្រង​គម្រោង​ដែលសក្តិ​សមបំផុតសម្រាប់​អ្នកមិនមាន​នរណា​ទាន់បង្កើត​ឡើងទេ។ ក្នុងករណី​បែបនេះ អ្នកអាច​បង្កើត​ឧបករណ៍​នោះ​ដោយ​ខ្លួនឯង ដោយ​ការបញ្ចូល​គ្នាជាមួយ​នឹង​ឧបករណ៍​ជាច្រើន​ទៀត​ដែលមាន​ស្រាប់​និងច្នៃប្រឌិត​ទៅតាម​តម្រូវការ​ផ្ទាល់ខ្លួន​របស់អ្នក។

 

២-សារភាពថាការ​បំពេញកិច្ចការ​ច្រើន​ក្នុងពេលតែ​មួយមិន​មានប្រសិទ្ធ​ភាពទេ​នៅពេល​អ្នកបាន​រៀបចំ​របៀប​ធ្វើការខ្លះ​ហើយ ដល់ពេល​អ្នកត្រូវមាន​ភាពស្មោះត្រង់​ចំពោះ​សមត្ថភាព​ក្នុងការ​បំពេញ​កិច្ចការ​ចម្រុះ​របស់អ្នក។ តាមពិត គ្មាន​នរណា​ម្នាក់​អាចធ្វើការ​ច្រើន​ក្នុងពេល​តែមួយ​ឱ្យមាន​ប្រសិទ្ធភាព​បានទេ។ អ្វីដែលអ្នក​កំពុងតែ​ធ្វើពិតប្រាកដ​ក្នុងពេល​ដែលអ្នក​គិតថា​អ្នក​ធ្វើកិច្ចការ​ចម្រុះនោះ​គឺការឆ្លាក់​ពីការងារ​មួយទៅ​ការងារ​មួយមិន​ឈប់។ មើលតាម​សំបក​ក្រៅ ការងារ​ចម្រុះ​ហាក់ដូចជា​អស្ចារ្យណាស់ និង​ទំនងជួយ​អ្នកឱ្យ​សម្រេច​បានលទ្ធផល​ច្រើន​ក្នុងពេល​ដ៏ខ្លី ប៉ុន្តែការ​ពិតអ្នក​កំពុងតែ​បំផ្លាញ​ការយក​ចិត្តទុក​ដាក់របស់​អ្នកឱ្យ​ផ្តោតស៊ី​ជម្រៅ​លើកិច្ចការ​ចំពោះ​មុខ​ពិតប្រាកដ​ទៅវិញទេ។

 

៣- ឈប់សសើរភាពរវល់ និងចំណាយ​ពេលខ្លះ​គិតការ​ផ្លាស់ប្តូរ​ដ៏សំខាន់​បំផុត​ដែលអ្នក​គួរអនុវត្ត​ដើម្បី​កុំធ្វើខ្លួនឯង​ឱ្យរវល់ពេក​គឺត្រូវ​ប្តេជ្ញា​ចំពោះ​ផ្តត់គំនិត​មួយថា​ការរវល់​មិនមែន​ជារឿង​ល្អទេ។ ការគិត​បែបនេះ​អាចជា​កិច្ចការ​ពិបាក ជាពិសេសសម្រាប់​សហគ្រិន​ដែលស្ទើរ​តែគ្មាន​ពេលគ្រប់គ្រាន់​ក្នុងមួយ​ថ្ងៃៗ។ ប៉ុន្តែ​ប្រសិនបើ​អ្នកពិត​ជាកែប្រែ​ផ្នត់គំនិត​បានមែន អ្នកនឹង​ឃើញតម្លៃ​ក្នុងពេល​វេលាដែល​អ្នកបើក​ចំហរ​ដើម្បី​អានសៀវភៅ​និងពិចារ​ណាមុន​និងក្រោយ​ពេលអ្នក​បានបំពេញ​កិច្ចការ​អ្វីមួយយ៉ាង​យក​ចិត្ត​ទុកដាក។

 

ក្នុងពេលពិចារណា​ដែលគ្មាន​ការរំខាន​នេះ អ្នកគួរតែ​មានប៊ិច និងក្រដាស​នៅក្បែរខ្លួន ហើយត្រូវ​បិទ​កុំព្យូទ័រ និងទូរសព្ទ​ទាំងអស់។ ពេលវេលា​ដែលគ្មាន​ការរំខាន​នេះពិតជា​មានតម្លៃ​ណាស់​សម្រាប់អ្នក​អភិវឌ្ឍ​ខ្លួនឱ្យផុត​ពីភាព​រវល់មិន​ឈប់។​

ប្រែសម្រួល៖ វេហា

ប្រភព៖ Inc. Southeast Asia

មតិយោបល់

អត្ថបទពេញនិយម