ជីវិត&អាជីវកម្ម | March 13, 2018

មិនសប្បាយចិត្តនឹងបណ្តាញសង្គមដែលមានស្រាប់ ក៏បង្កើតថ្មីមួយដោយខ្លួនឯង

នៅក្នុងរាត្រីថ្ងៃសុក្រមួយកាល​ពីប៉ុន្មាន​ឆ្នាំមុននេះ​លោកស្រី Elva Carri ចង់ចេញ​ទៅក្រៅ​ផ្ទះដើរ​លេង ប៉ុន្តែ​មិត្តទាំងអស់​របស់គេរវល់​ពេកគ្មាន​នរណាម្នាក់​សុខចិត្ត​ទៅជា​មួយ​ឡើយ។ ការសម្រេច​ចិត្តជា​បន្ទាប់​មកទៀត​របស់​លោកស្រី Carri បាន​ក្លាយ​ទៅជាដំណើរ​ផ្សព្វ​ព្រេង​ពាណិជ្ជ​កម្ម​ដ៏អស្ចារ្យ​មួយ។ ហើយរឿងរ៉ាវ​ទាំងអស់​នេះចាប់ផ្តើម​នៅពេល​លោកស្រី Carri ចុះឈ្មោះ​បង្កើតគណនេយ្យ​​នៅលើ​កម្ម​វិធី​​បង្កើត​មិត្តដ៏​ពេញនិយម​នៅពេល​នោះគឺ Tinder។

 


ដោយសង្ឃឹមថាមនុស្សស្រីផ្សេងទៀត​នៅក្បែរ​ផ្ទះសុទ្ធតែ​ជួបស្ថានភាព​ស្រដៀង​គ្នា​លោកស្រី Carri បានចូល​ក្នុងកម្ម​វិធី Tinder កំណត់​យកភេទ​ជាមនុស្ស​ប្រុស​និងសរសេរ​ពាក្យ​ខាងក្រោម​រូបថតថា នាងជា​មនុស្ស​ស្រី ហើយតាម​ពិតទៅ​កំពុងតែ​ស្វែង​រកមនុស្ស​ទៅរាំលេង​ជាមួយ ជាជាង​រាប់អាន​ដើម្បី​ស្នេហា។


ដៃគូបង្កើតក្រុមហ៊ុន​បណ្តាញ​សង្គម GirlCrew ម្នាក់ទៀតជាមួយនឹង​លោកស្រី Carri គឺលោក​ស្រី Pamela Newenham បាន​​រំឭកថា “Carri គិតថា​មនុស្សទូទៅ​នឹងយល់​ថា​នាងជា​មនុស្សឆ្កួត ប៉ុន្តែ​នាងនៅតែ​ធ្វើ​ដដែល។ ក្នុងរយៈ​ពេល​២៤​ម៉ោង Carri មាន​មនុស្ស​ជាង​១០០នាក់​ចង់រាប់​អាន។ នាងបាន​បញ្ចូល​ឈ្មោះ​មនុស្ស​ទាំងអស់​នោះ​ទៅក្នុង​ក្រុម​សម្ងាត់មួយ​លើ​Facebook​ នៅក្នុង Dublin គឺទីនោះ​ហើយ​ដែលបណ្តាញ​សង្គម GirlCrew ចាប់​កំណើត​ឡើង”។


តាំងពីបង្កើតឡើងនៅ​ឆ្នាំ​២០១៤​មក បណ្តាញ​សង្គម GirlCrew បានពង្រីក​ខ្លួនទៅ​កាន់​តំបន់​ផ្សេងៗទៀត​នៅ​ជុំ​វិញពិភព​លោក ហើយ​សព្វថ្ងៃនេះ​មាន​សមា​ជិក​ជាង​១០០,០០០​នាក់​ដែល​រស់​នៅក្នុង​ក្រុង​ចំនួន​៤៦ និងបាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុនបណ្តាញ​សង្គម​ផ្សេងទៀត​ដូចជា Facebook។


លោកស្រី Pamela Newenham ពន្យល់ថា “អ្វីៗដែល​យើងធ្វើ​ទាំងអស់​គឺដើម្បី​គាំទ្រ​មនុស្សស្រី”។ ទោះបី​ជា​បណ្តាញសង្គម Tinder បានផ្តល់​គំនិត​នៃការ​បង្កើត​បណ្តាញ GirlCrew ក៏កម្មវិធី​ដែលមាន​មូលដ្ឋាន​នៅក្រុង Dublin នេះធ្វើ​ប្រតិបត្តិការក្នុង​របៀបខុស​គ្នាដាច់ពី Tinder។ គោលដៅ​ធំរបស់ GirlCrew គឺភ្ជាប់​ទំនាក់ទំនង​មនុស្ស​ស្រីជា​មួយ​នឹង​អ្នកផ្សេង​ទៀត​ដែលរស់នៅ​ក្នុងក្រុង​ជាមួយគ្នា​ដើម្បី​ធ្វើសកម្មភាព​ផ្សេងៗ​ដូចជា​ដើរលេង​ជុំគ្នា ឬញ៉ាំ​អាហារ​ជាមួយ​គ្នា​ជាដើម។


កម្មវិធីលើទូរសព្ទដៃ​របស់​បណ្តាញ​សង្គម GirlCrew ដាក់ឱ្យ​ប្រើប្រាស់​នៅឆ្នាំ​២០១៧ ក៏ជំរុញ​ឱ្យសមាជិក​ចែក​រំលែក​ចំណេះ​ដឹងនិង​ដំបូន្មាន​លើប្រធាន​បទ​ជាច្រើន​តាំងពី​គន្លឹះក្នុង​ការរស់នៅ​ជាមួយ​ជំងឺ​មហារីក​រហូត​ដល់ការ​ណែនាំគ្នា​អំពី​ភោជនីដ្ឋាន។
លោកស្រី Newenham ពន្យល់ថា “យើងមិន​ចង់ឱ្យ​មនុស្ស​ស្រីណា​ម្នាក់​មាន​អារម្មណ៍​ឯកោទេ ទោះជា​គេរស់នៅ​កន្លែង​ណាក៏ដោយ ក៏គេ​អាចចូលរួម​ជាមួយ​នឹងពួក​យើងនិង​ជជែក​គ្នា​បាន​ដើម្បី​ទទួល​ការគាំទ្រ ដំបូន្មាន និងគន្លឹះ​ផ្សេងៗ។ អ្វី​ដែលយើងធ្វើ​គឺគាំទ្រ​មនុស្ស​ស្រី។ គោលការណ៍​របស់​យើង​ក្នុងនាម​ជាក្រុមហ៊ុន​មួយ​គឺការ​គោរពគ្នា និងគាំទ្រ​គ្នាវិញ​ទៅមក”។


ប្រែសម្រួល៖ វេហា
ប្រភព៖ CNBC

មតិយោបល់

អត្ថបទពេញនិយម