ជីវិត&អាជីវកម្ម | January 11, 2019

ផ្នត់គំនិតដែលនាំទៅរកជោគជ័យយូរអង្វែង

នៅក្នុងរឿង​ជោគជ័យ​មាន​មនុស្សពីរ​ប្រភេទ គឺមនុស្ស​ដែល​បាន​សម្រេច​ជោគជ័យ​ម្តង​ម្កាល និង​មនុស្ស​ដែល​សម្រេច​បាន​ជោគជ័យ​យូរអង្វែង​ពេញ​មួយ​ជីវិត។ អ្នក​ជំនួញ​ដែលមាន​ជំនឿថា​គេមាន​អ្វីៗ​​គ្រប់យ៉ាង​ដើម្បី​ទទួល​បាន​ជោគ​ជ័យ ដឹងថា​គេ​ចេះគ្រប់​យ៉ាង​រួចទៅ​ហើយ​ជា​មនុស្ស​ដែល​ដើរ​ទៅរក​ជោគ​ជ័យ​ក្នុង​របៀប​មាន​ព្រំដែន​កំណត់​និង​ចង្អៀតចង្អល់។ មនុស្ស​ប្រភេទ​នេះ​ព្យាយាម​គេច​ពី​ការ​ផ្លាស់​ប្តូរ មាន​បញ្ហា​លំបាក​ក្នុង​ការ​ទទួល​យក​ដំបូន្មាន​​ឬការ​រិះគន់ ហើយ​លែង​ខ្វល់​រឿង​អភិវឌ្ឍ​ខ្លួន​ទៀត​ហើយ។

 

 

ដើម្បីសម្រេច​បាន​ជោគជ័យ​យូរ​អង្វែង លោក​អ្នក​គួរតែ​ទទួល​យក​ផ្នត់​គំនិត​ថា​ជោគជ័យ​អាស្រ័យ​នៅ​លើ​កម្រិត​នៃការ​អភិវឌ្ឍខ្លួន​របស់​លោក​អ្នក។ លោក​អ្នកត្រូវតែ​ជឿថា​បើរៀន​កាន់​​តែ​ច្រើន និង​ទទួល​បាន​ជោគជ័យ​កាន់​តែ​ច្រើន លោក​អ្នក​នឹង​មាន​ឱកាស​កាន់តែ​ច្រើន​ដែរ។ រៀន​ធ្វើជា​មនុស្សប្រភេទ​នេះ​តាម​រយៈ​ការ​បណ្តុះ​ផ្នត់​គំនិត​ទាំង​នេះ៖

 

១. ខ្ញុំអាចអភិវឌ្ឍបានជានិច្ច

ជោគជ័យបង្កើត​ពីលើគ្រឹះ​នៃ​សមត្ថភាព​របស់​លោក​អ្នក​ក្នុង​ការ​រៀន។ បើ​លោក​អ្នក​ដើរ​ចូល​ក្នុង​ស្ថាន​ភាព​អ្វីមួយ​ដោយ​ជំនឿ​ចិត្ត​ថា​លោក​អ្នក​បាន​គិត​ទុក​គ្រប់​ជ្រុង​ជ្រោយ​អស់ហើយ លោក​អ្នក​នឹង​ធ្វើឱ្យ​សមត្ថភាព​រៀន​របស់​ខ្លួន​ឯង​ក្រិន​លែង​លូត​លាស់​ទៀត​ហើយ។ នៅ​ពេល​លោក​អ្នក​មិន​ធ្វើចិត្តឱ្យ​រឹង​កំព្រឹស​ចំពោះ​ការរៀន​សូត្រ លោក​អ្នក​នឹង​បើកចិត្ត​បាន​កាន់​តែ​ទូលាយ​ដើម្បី​ស្តាប់ និង​សង្កេត​មើល​ដែល​ជាផ្លូវ​ជួយ​ឱ្យលោក​អ្នក​អភិវឌ្ឍខ្លួន​និង​មើល​ឃើញ​ឱកាស​កាន់​តែ​ច្រើន។

 

សូមជឿជាក់​ថា​ការអភិវឌ្ឍខ្លួន​តែង​តែ​ជា​លទ្ធភាព​ជានិច្ច។ ត្រៀម​ខ្លួន​ជា​ស្រេច និង​សុខ​ចិត្តពង្រីក​ចំណេះ​ដឹង​ឱ្យលើស​ពីព្រំដែន​ដែល​មាន​ស្រាប់។ បើ​លោកអ្នក​ពេញ​ចិត្ត​នឹងស្ថានភាព​បច្ចុប្បន្ន​នេះ លោក​អ្នក​មិន​អាច​ទៅដល់​ដំណាក់​កាល​ប្រសើរ​លើស​ពីនេះ​ទៀត​ទេ។

 

២/ កំហុសកែតម្រូវខ្ញុំ

ជោគជ័យ​ជាដំណើរការ​មិន​ដាច់ មិនមែ​នជា​ព្រឹត្តិការណ៍​ម្តង​ម្កាល​នោះ​ទេ។ កំណត់​ចិត្ត​ឱ្យរួច​ជាច្រើន​ដើម្បី​ទទួល​កំហុស​និង​បទ​ពិសោធន៍​ដែល​ជា​ឧបសគ្គ​ធំៗ។ ពេល​វេលាលំបាកៗ​ទាំង​អស់​​នេះ​នឹង​ប្រែក្លាយ​ទៅ​ជា​មេរៀន​អស្ចារ្យ​បំផុត​របស់​លោក​អ្នក។ បើលោក​អ្នក​ធ្វើអ្វី​មួយ​ខុស លោក​អ្នក​នឹង​កែ​តម្រូវ​នៅ​ពេល​ក្រោយ។ ព្រម​ទទួល​ស្គាល់​កំហុស​នោះ និង​តាំង​ចិត្ត​ធ្វើឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​នៅ​ពេល​បន្ទាប់​ដើម្បី​គេច​ចេញ​ពី​កំហុស​ដដែលៗ។ គ្រប់​ពេល​​ដែល​លោក​អ្នកកែ​តម្រូវ និង​ស្វែង​រក​មធ្យោបាយ​ថ្មី​ដើម្បី​ធ្វើ​កិច្ចការអ្វីមួយ លោក​អ្នក​អភិវឌ្ឍ​ប្រាជ្ញា​និង​ផ្លូវ​ទៅ​ជោគ​ជ័យ។

 

កំហុសជួយ​លោក​អ្នក​ឱ្យ​បត់បែន រីក​ចម្រើន ផ្លាស់​ប្តូរ និង​ក្លាយ​ជាមនុស្ស​ដែល​មាន​បទ​ពិសោធន៍​និង​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង។ កំហុស​ក៏បង្រៀន​លោក​អ្នក​ឱ្យចេះ​អត់​ឱន និង​រស់​នៅដោយ​មិនមាន​ការ​សោក​ស្តាយ វាបង្រៀន​លោក​អ្នក​ឱ្យចេះ​តស៊ូ និង​យល់​ដឹង​ចិត្ត​អ្នក​ដទៃ​កាន់​តែ​ច្រើន។

 

៣/ គ្មានព្រំដែនកំណត់ចំពោះអ្វីដែលខ្ញុំអាចរៀនបាននោះទេ

តើលោកអ្នកជឿថា​មាន​ព្រំដែន​កំណត់​ចំពោះ​សមត្ថភាព​របស់​លោក​អ្នក​ក្នុង​ការ​រៀនទេ? បើមែន ផ្នត់​គំនិត​នេះ​នឹង​រំខាន​ឱកាស​របស់​លោក​អ្នក​ក្នុង​ដំណើរ​ទៅ​សម្រេចជោគជ័យ​យូរ​អង្វែង​ហើយ។ កំណត់​ចិត្តរបស់​លោក​អ្នក​ឱ្យជឿថា​មិន​មាន​ព្រំ​ដែន​ទេ​ចំពោះ​អ្វីៗ​ដែល​លោក​អ្នក​អាច​រៀន​បាន ហើយ​ក៏លោក​អ្នក​មិន​អាច​ទទួល​បាន​ជោគ​ជ័យ​យូរអង្វែង​ដោយ​ប្រើប្រាស់​វិធីសាស្រ្ត​ដដែលៗ​បាន​ដែរ។

 

មនុស្សតែងតែ​មាន​មធ្យោបាយ​ផ្សេងៗ​ដើម្បី​រៀន​ពីអ្វី​ដែល​ថ្មី​ជានិច្ច ហើយ​ការរៀន​នេះជួយ​បើក​ព្រំដែន​នៃ​គំនិត​​របស់លោកអ្នក​ឱ្យមើល​ឃើញ​មនុស្សថ្មីៗ បទ​ពិសោធន៍​ថ្មីៗ និងឱកាស​ថ្មីៗ។ បើលោក​អ្នក​បើក​ចិត្តទូ​លាយ​ចំពោះ​ការរៀន លោក​អ្នក​នឹង​ចូល​ក្នុង​ស្ថាន​ការណ៍​គ្រប់​យ៉ាង​ក្នុង​របៀប​ស្វែង​រក​ការរីក​ចម្រើន​ជានិច្ច។

 

៤/ ឧបសគ្គជាប្រភពនៃចំណេះដឹង

បើកចិត្តលោកអ្នកឱ្យទូលាយ​ចំពោះ​ឧបសគ្គ គឺ​មិន​ត្រូវខ្លាច​បញ្ហាទេ។ ឧបសគ្គ​មិន​មែន​ជារឿង​ដែល​ត្រូវរត់​គេច​ចេញទេ វាជា​កាតាលីករ​ចំពោះ​ជោគជ័យ។ ឧបសគ្គ​មិនត្រឹម​តែ​ជួយ​រក្សា​ភាព​រីក​ចម្រើន​នៃ​ជំនាញ​និង​ចំណេះ​ដឹង​របស់​លោក​អ្នក​ប៉ុណ្ណោះ​ទេ វាថែម​ទាំង​ជួយ​បណ្តុះ​ជំនឿ​ចិត្ត​នៅ​ក្នុង​ខ្លួន​លោក​អ្នក​ទៀត​ផង​ថាលោក​អ្នក​ពិត​ជា​អាច​ធ្វើ​បាន។ បើលោក​អ្នក​ជួបឧបសគ្គកាន់​តែ​ច្រើន​និង​ឆ្លង​ផុត​បាន លោក​អ្នក​នឹង​មាន​ទំនុក​ចិត្ត​កាន់​តែខ្លាំង​លើ​សមត្ថភាព​របស់​ខ្លួន​ឯង។

 

ស្វែង​រក​ឧបសគ្គ គឺបើ​ឧបសគ្គ​កាន់​តែ​ធំ លោកអ្នក​នឹង​មាន​ភាព​ក្លាហាន​កាន់​តែខ្លាំង ហើយ​អាច​ពង្រីក​សមត្ថភាព​កាន់តែ​ទូលាយ​ដែរ។ ជួល​មនុស្សឱ្យ​មក​រុញច្រាន​លោក​អ្នកជម្នះ​នឹង​ស្ថានភាព​ដដែលៗ។ ហ៊ាន​ប្រថុយ​ធ្វើកិច្ចការ​ដែល​មិន​ធ្លាប់​ធ្វើ ហើយ​បើ​មាន​នរណា​ម្នាក់​និយាយ​ថា​លោក​អ្នក​ធ្វើ​មិន​កើត សូម​បង្ហាញ​ឱ្យគេ​ឃើញ​ថាអ្វី​ដែល​គេ​និយាយនោះ​ខុស​ហើយ។

 

ប្រែសម្រួល៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម