ជីវិត&អាជីវកម្ម | January 11, 2019

ជម្រុះទម្លាប់ទាំងនេះចោលបើពិតជាចង់ក្លាយជាសេដ្ឋី

ជោគជ័យ​ជាផ្នត់​គំនិត ហើយ​ដើម្បី​ក្លាយ​ជា​មនុស្ស​ជោគជ័យ លោក​អ្នកត្រូវតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការរៀប​ចំ​ផែន​ការជីវិត​ឱ្យ​ស្រប​តាម​គោលដៅ​និង​មហិច្ឆតា​របស់​លោក​អ្នក។ មុនពេល​ចាប់​ផ្តើម​បោះទុន​ជំនឿ​ទាំង​អស់​នេះ មាន​កិច្ចការ​មួយ​ចំនួន​ដែល​លោក​អ្នក​ត្រូវតែ​ធ្វើឱ្យ​ជ្រះ​ស្រឡះ​ដើម្បី​អាច​ប្រុង​ប្រៀប​ខ្លួន​បាន​ពេញ​លក្ខណៈ​នៅ​ពេល​ឱកាស​មក​ដល់។

 

 

មានទម្លាប់​មួយចំនួន​ដែល​លោក​អ្នក​ត្រូវតែ​ជម្រុះ​ចោល​ពី​ជីវិត​ប្រចាំ​ថ្ងៃ ដើម្បី​ទទួល​បាន​ជោគជ័យ​មិនត្រឹម​តែ​ក្នុង​ពាណិជ្ជ​កម្មទេ ប៉ុន្តែ​វានឹង​ជួយ​ឱ្យលោក​អ្នក​រស់​នៅ​ពិតប្រាកដ​ជាមួយ​គ្រួសារ​និង​មិត្តភក្តិ ហើយ​ធ្វើឱ្យ​លោក​អ្នក​ទទួល​សុភមង្គល​កាន់​តែ​ច្រើន​ក្នុង​ជីវិត៖

 

១/ ឈប់ធ្វើការ​ក្រោម​សមត្ថភាព ត្រូវធ្វើ​ការ​ឱ្យលើស​សមត្ថភាព​វិញ

គ្រប់កិច្ចការ​ទាំងអស់​នៅក្នុង​ជីវិត​នេះ​ដែល​មាន​តម្លៃ​គួរធ្វើ គួរតែ​ធ្វើឱ្យ​លើស​ពី​សមត្ថភាព។ នៅពេល​​តាម​សម្រេច​គោលដៅ​របស់​លោក​អ្នក សូមកុំ​ឈប់​នៅពេល​លោក​អ្នកទើប​តែ​បាន​ទទួល​ផ្លែផ្កា​បន្តិច​បន្តួច​ឱ្យសោះ។ បន្ត​ដំណើរ​ទៅមុខ​ទៀត​រហូត​ដល់​លោក​អ្នក​ទទួល​បាន​អ្វីៗ​គ្រប់​យ៉ាង ហើយ​ក៏នៅ​តែ​បន្ត​ធ្វើការ​ទៀត​ដើម្បី​ទទួល​បាន​ឱ្យ​លើស​ពីការរំពឹង​ទុក។ នៅពេល​លោក​អ្នក​មាន​របៀប​ធ្វើការ​បែប​នេះ ឧបសគ្​គតែមួយ​គត់​នៅ​ចំពោះ​មុខ​លោក​អ្នក​គឺខ្លួន​លោក​អ្នក​តែម្តង។

 

២/ ឈប់ធ្វើការច្រើន​ក្នុងពេល​តែមួយ ហើយ​ត្រូវផ្តោត​ចិត្ត​លើ​ការងារ​ចំពោះ​មុខ

ការសិក្សាបាន​បង្ហាញ​ថា​មនុស្ស​៩៨៩​ភាគរយ​មិន​អាច​ធ្វើការ​ច្រើន​ក្នុង​ពេល​តែមួយ​បាន​ទេ។ ជាទូទៅ​មនុស្ស​ដែល​ជឿថា​គេអាច​ធ្វើការ​បាន​ច្រើន​ក្នុង​ពេល​តែមួយ​ច្រើន​ទទួលបាន​លទ្ធផល​ក្នុង​កម្រិត​ទាប​និង​មិន​មាន​គុណភាព​ទេ។ អ្នក​វិទ្យាសាស្រ្ត​អះអាងថា​មនុស្ស​ដែល​ធ្វើការ​ច្រើន​ក្នុង​ពេល​តែមួយ​មាន​បញ្ហា​ពិបាក​ចម្រោះ​ស្រង់​យក​ពត៌មាន​ពាក់​ព័ន្ធ ពិបាក​រៀបចំ​គំនិត និង​ពិបាក​​ងាក​ពីកិច្ចការ​មួយ​ទៅ​កិច្ចការ​មួយ​ទៀត​ណាស់។

 

៣/ ឈប់ពិនិត្យមើល​បណ្តាញ​សង្គម​នៅពេល​កំពុង​តែធ្វើការ

បណ្តាញសង្គម​បង្កើត​តំណភ្ជាប់​ច្រើន​ណាស់​ដែល​អាច​ធ្វើឱ្យ​លោក​អ្នក​វង្វេង​ដោយ​មិនដឹង​ថា​ពេល​វេលា​កន្លង​ទៅឆាប់​យ៉ាង​ណា។ បណ្តាញ​សង្គម​ជា​ម៉ាស៊ីន​ស៊ីពេល ហើយ​​មិន​សូវបាន​ចូលរួម​អ្វីជួយ​ដល់​ដំណើរ​ជោគ​ជ័យ​ក្នុង​ជីវិត​ទេ។ ជំនួស​ឱ្យការ​ពិនិត្យ​មើល Facebook និង Instagram ញឹក​ញាប់​ទាំង​នៅពេល​កំពុង​ធ្វើការ​និង​ពេល​សម្រាក ហើយស្វែង​រក​កាសែត​ឬសៀវ​ភៅ​អាន​វិញ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ដោយ​មិន​វង្វេង​ក្នុង​ពេល​វេលា។

 

៤/ ឈប់ប្រៀបធៀបខ្លួនឯងជាមួយនរណាឱ្យសោះ

ការប្រៀបធៀប​ខ្លួន​ជាមួយ​នឹង​អ្នក​ដទៃ​​មិន​ដែល​នាំ​ទៅរក​លទ្ធផល​ល្អទេ។ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​មនុស្ស​ដែល​មាន​អ្វីច្រើន​ជាង​នឹង​ធ្វើឱ្យ​លោក​អ្នក​កើត​អារម្មណ៍​ច្រណែននិង​តូច​ចិត្ត​ចំពោះ​ខ្លួន​ឯង ហើយ​បើ​ប្រៀប​ធៀប​ជាមួយ​នឹង​មនុស្ស​ដែល​មាន​កម្រិត​ទាប​ជាង​នឹង​ធ្វើឱ្យ​លោក​អ្នក​មាន​អំនួត​និង​មានះ​ច្រើន​ក្នុង​ជីវិត។ នៅ​ជុំវិញខ្លួន​យើងតែង​តែ​មាន​មនុស្ស​ដែល​ឆ្លាត​ជាង មាន​ជាង និង​ជោគ​ជ័យ​ជាង​ជានិច្ច ហើយ​ក៏​តែងតែ​មាន​មនុស្ស​ដែល​អន់​ជាង​ជានិច្ច​ដែរ។ ការគិត​ប្រៀប​ធៀប​នឹង​ធ្វើឱ្យលោក​អ្នក​ខាតពេល​ផ្តោត​លើ​កិច្ចការ​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង។

 

៥/ ឈប់ខ្ជះខ្ជាយ​ពេល​វេលា​ជាមួយ​មនុស្ស​អវិជ្ជមាន

កុំបង្កើត​បញ្ហា​ថ្មី ឬបំផ្លាញ​មិត្តភាព​ដែល​មាន​កន្លង​ម​ក។ លោក​អ្នកគ្រាន់​តែ​កំណត់​ព្រំដែន​និង​ពេល​វេលា​ជួប​ជជែក​ជាមួយ​នឹង​មនុស្ស​ប្រភេទ​នោះ ហើយ​ព្យាយាម​ចំណាយពេល​ឱ្យ​បាន​ច្រើន​នៅ​ជាមួយ​មនុស្ស​ដែល​គិត​និង​និយាយ​វិជ្ជមាន​វិញ។ ការជួប​យូរៗ​ម្តង​មិន​មែន​ជា​បញ្ហាទេ ប៉ុន្តែ​សូម​ច​ង​ចាំទុក​ថា មនុស្ស​អវិជ្ជមាន​ពិត​ជាមាន​ឥទ្ធិពល​អាច​ធ្វើ​ឱ្យលោក​អ្នក​បាត់​បង់​ការផ្តោត​លើអ្វី​ដែល​សំខាន់​ក្នុង​ជីវិត។

 

៦/ ឈប់បង្កើត​លេស​ច្រើន​ទៀតទៅ

បើលោកអ្នក​ចង់​បានអ្វីមួយ ចេញ​ទៅរក​ឱ្យបាន។ កុំ​បង្កើត​លេស ហើយ​កុំព្យាយាម​គិត​រកមូល​ហេតុ​ច្រើន​ពេក។ ហេតុផល​ខ្លះ​គ្រាន់​តែ​ជាលេស​បន្លំ​ខ្លួន​ទេ។ រឿង​វ័យ​ចាស់​ពេក​ឬក្មេង​ពេក រឿង​មាន​ដើមទុន​គ្រប់​គ្រាន់​ឬមិន​គ្រប់​គ្រាន់ រឿង​សង្គម​ផ្តល់​លក្ខខណ្ឌ​ល្អ​ឬមិនល្អ ហើយ​សូម្បីតែ​រឿង​មាន​បទ​ពិសោធន៍​ឬខ្វះ​បទ​ពិសោធន៍​ក៏មិន​មែន​ជា​កត្តា​ដែលត្រូវគិត​ច្រើន​ទេ។ បើ​ចង់​បានអ្វី​មួយ​ត្រូវ​ធ្វើ​ឱ្យបាន ហើយ​យក​ដំណើរ​ការ​ទាំង​លំបាក​និង​ស្រួល​មក​ធ្វើជា​មេរៀន ជាឈ្នាន់​ជាន់​ឡើង​ទៅ​សម្រេច​គោល​ដៅ​ឱ្យបាន។

 

៧/ ឈប់ធ្វើជាមនុស្សឥតខ្ចោះ

ធ្វើជាមនុស្ស​ប្រាកដ​និយម។ កុំ​ចំណាយ​ពេល​បន្ថែម​រាប់​ម៉ោង​ដើម្បី​ព្យាយាម​រករូប​ភាព​ល្អមក​បំពេញ​បទ​បង្ហាញ​ឱ្យមនុស្ស​គ្រប់​គ្នា​ទាក់​ចិត្ត។ បើលោក​អ្នក​មាន​សារច្បាស់​លាស់ដែល​ត្រូវ​ប្រាប់​គេ មិន​ចាំបាច់​រក​របស់​លម្អច្រើន​ពេក​ទេ​ គេអាច​ស្តាប់​​បាន​​ដែរ។ កុំអូសបន្លាយ​ពេល​វេលា​ដោយ​សារតែ​ការងប់​ងល់​នឹង​រឿង​លម្អិត​មិន​សូវ​ចាំបាច់​ច្រើន​ពេក។ ឱកាស​ល្អបំផុត​​មិន​មាន​ទេ ពេល​ណា​ក៏អាច​ជាពេល​ល្អ​ដើម្បី​ចាប់​ផ្តើមដែរ ហើយ​មនុស្សល្អ​ឥត​ខ្ចោះ​ក៏មិន​មាន​ដែរ ប៉ុន្តែ​មនុស្សអាច​ខិត​ខំឱ្យ​កាន់​តែ​ប្រសើរ​ឡើង​រាល់​ថ្ងៃ​បានតាម​រយៈ​ការរៀន​ពី​កំហុស។

 

ប្រែសម្រួល៖ វេហា

ប្រភព៖ Entrepreneur

 

មតិយោបល់

អត្ថបទពេញនិយម