ជីវិត&អាជីវកម្ម | January 10, 2019

មិនយូរមិនឆាប់សហគ្រិនត្រូវរៀនអាថ៌កំបាំងទាំងនេះ

មនុស្សយើង​ទាំងអស់​ចង់​ទទួល​បាន​ជោគជ័យ និង​ចង់​មាន​សក្តានុពល​​ដើម្បី​​សម្រេច​ជោគ​ជ័យ​ក្នុង​ជីវិត។ ប៉ុន្តែ​មនុស្ស​យើង​ភាគ​ច្រើន​ត្រូវតែ​ប្រយុទ្ធ​ជម្នះ​នឹង​ព្រំដែន​ជំនឿ​អំពីជោគជ័យ​តាំង​ពីនៅ​ក្មេង​មក​ម៉្លេះ។ ជំនឿ​ខុស​ទាំងអស់​ប្រហែល​កើត​ឡើង​ដោយ​សារ​ប្រព័ន្ធ​អប់រំ សាសនា ទំនៀម​ទម្លាប់ ឬសូម្បី​តែ​ម្តាយ​ឪពុក​របស់​យើង។

 

 

មុននឹង​នរណា​ម្នាក់​សម្រេច​ចិត្ត​លា​ឈប់​ពី​ការងារ​ដែល​មាន​ប្រាក់ខែ​ទៀង​ទាត់​ទៅ​ធ្វើ​ជា​សហគ្រិន​ដែល​គ្មាន​ចំណូល​ច្បាស់​លាស់ គេត្រូវតែ​ជម្នះ​ព្រំដែន​ជំនឿ​ខ្លួន​ឯង។ គេ​ដឹងទៀត​ថា​មហិច្ឆតា​ចង់​បាន​ទទួល​ជោគជ័យ​តែ​ម្យ៉ាង​មិន​មែន​ជាហេតុ​ផល​គ្រប់​គ្រាន់​ដើម្បី​ពន្យល់​ប្រាប់​មនុស្ស​ជុំវិញ​ខ្លួន​ទេ។ មនុស្ស​ជោគ​ជ័យ​ទាំងអស់​ទាំង​ក្នុង​ឆាក​នយោបាយ វិទ្យា​សាស្រ្ត ឬពាណិជ្ជ​កម្ម ដូចជា​លោក Thomas Edison, Walt Disney, Steve Jobs, Richard Branson, Albert Einstein និងលោក Nelson Mandela ជា​ដើម្បីសុទ្ធតែ​បាន​ជម្នះ​បរាជ័យ​និង​ប្រើ​ប្រាស់​គោល​ការណ៍​ទាំង​នេះ៖

 

១/ ដោះស្រាយបញ្ហាមួយបានល្អ

ការដោះស្រាយ​បញ្ហាមួយ​គ្រាន់​បើ​ជាង​ការ​មិន​បាន​ដោះស្រាយ​បញ្ហា​អ្វី​សោះ ហើយ​តាម​ពិត​ទៅ​បើ​លោក​អ្នក​អាច​ដោះស្រាយ​បញ្ហា​បាន​មួយ លោក​អ្នក​ប្រហែល​នឹង​អាច​ដោះ​ស្រាយបញ្ហា​បាន​ច្រើន​បន្ត​បន្ទាប់​ទៀត។ ពេល​ខ្លះ​ពាណិជ្ជ​កម្ម​មាន​ភាព​លំបាក​ខ្លាំង​រហូត​ដល់​ធ្វើឱ្យ​យើង​មើល​ឃើញ​អ្វីៗ​គ្រប់​យ៉ាង​ជា​បញ្ហា។

 

នៅពេល​យល់​ថាខ្លួន​ឯង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ សូម​ចង​ចាំ​ថា​តាម​រយៈ​ការ​ដោះ​ស្រាយ​បញ្ហា​បាន​មួយ គ្មាន​បញ្ហា​អ្វីផ្សេង​ទៀត​ដែល​យើង​មិន​អាច​ដោះស្រាយ​បាន​ទេ។ ពិតណាស់​មនុស្ស​ជោគ​ជ័យ​ដឹង​អំពី​សារៈ​សំខាន់​នៃ​ការប្រែ​ក្លា​យ​ឧបសគ្គក្នុង​ការងារ​ឱ្យទៅ​ជា​ចំណេះ​ដឹង​ដែល​អាច​រីក​ធំ​ឡើង​បាន។

 

២/ ជោគជ័យ​មិនមែន​គ្រាន់​តែ​ជា​ការ​ប្រមូល​ផ្តុំស​មិទ្ធផល​ទេ

ជោគជ័យ​ជាមធ្យោបាយ​រៀន​សូត្រ​ពី​សមិទ្ធផល​ផង​និង​ពី​បរាជ័យ​ផង​ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ជានិច្ច​បើ​​ទោះជា​មាន​កាលៈ​ទេសៈ​ដូច​ម្តេច​ក៏​ដោយ។ សមិទ្ធ​ផល​ជារង្វាន់​លើក​ទឹកចិត្ត បរាជ័យ​ជា​ទណ្ឌ​កម្ម​ចំពោះ​ការ​ធ្វើ​មិន​បាន​ល្អ។ បើ​យើង​ចេះ​ប្រើប្រាស់​ឱ្យទៅ​ជា​ប្រយោជន៍ មេរៀន​ជីវិត​ទាំង​ពីរនេះ​នឹង​ជួយ​រុញច្រាន​ឱ្យ​យើង​អាច​ប្រែក្លាយ​ខ្លួន​ទៅ​ជា​បុគ្គល​ជោគ​ជ័យ​យ៉ាង​ប្រាកដ។ លោក Walt Disney ប្រើប្រាស់​គោល​ការណ៍​ទាំង​ពីរនេះ​ដើម្បី​បង្កើត​ជោគ​ជ័យ​ទុក​នៅដល់​សព្វថ្ងៃ។ លោក​ធ្លាប់​ត្រូវគេ​បណ្តេញ​ចេញ​ពី​ការងារ និង​ធ្លាប់ទាំង​រលាយ​ក្រុមហ៊ុន​អស់​ពីរទៀត​មុន​នឹង​បង្កើត The Walt Disney Company។

 

៣/ ជោគជ័យមានន័យថាមិនមែនជារឿងដែលមានស្ថិរភាពទេ

ស្ថិរភាព​ស្មើនឹង​ស្លាប់។ សហគ្រិន​ភាព​ជាការ​ប្រឹងប្រែង​មិន​ឈប់​ដើម្បី​ស្វែងរក​ជោគ​ជ័យ​ដែល​មិនមាន​ស្ថិរភាព។ គន្លឹះ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ​យូរ​អង្វែង​គឺត្រូវ​បន្ត​ដំណើរទៅ​មុខ​ទាំង​ដឹងថា​អ្វីៗ​គ្រប់​យ៉ាង​នឹង​មិន​នៅ​ស្ងៀមទេ។

 

លោក Steve Jobs ជា​មនុស្ស​ដែល​ដឹង​រឿង​នេះ​ច្បាស់​ជាង​គេ។ លោក​បាន​ទទួល​ជោគជ័យ​ខ្លាំង​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​លើក​ទីមួយ ប៉ុន្តែ​ក្រោយ​មក​ក្រុមហ៊ុន​នោះ​ក៏​បណ្តេញលោក​ចេញ​វិញ។ បន្ទាប់​មក​លោក​ធ្វើ​បដិវត្តន៍​ឧស្សាហ​កម្ម​កុំព្យូទ័រ​ដោយ​ការ​បង្កើត​ក្រុមហ៊ុន NeXT ប៉ុន្តែ​នៅតែ​មិន​បាន​ជោគ​ជ័យ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ លោក Jobs បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន Pixar ទៅ​វិញ។ ដំណើរ​សហគ្រិន​ភាព​របស់​លោក Steve Jobs មាន​ភាព​បត់​បែន​និង​ឡើង​ចុះ​ច្រើន ប៉ុន្តែ​អ្វី​ដែល​មនុស្សយើង​ភាគ​ច្រើន​ស្រឡាញ់​និង​​ចូលចិត្ត​ប្រើ​ប្រាស់​គឺ​ជា​លទ្ធផល​នៃ​ដំណើរ​មិន​មាន​ស្ថិរភាព​នោះ។

 

៤/ ភាពទន់ខ្សោយ​ជារឿង​ល្អដែល​បន្លំ​ខ្លួន​ក្នុង​រូប​ភាព​អវិជ្ជមាន

ភាពទន់ខ្សោយ​ជាគ្រាប់​ពូជ​នៃ​កម្លាំង​ដ៏អស្ចារ្យ​បំផុត។ ផ្ទុយ​ទៅវិញ កម្លាំង​ដែល​មិន​អាច​គ្រប់​គ្រង​បាន​​តែងតែ​ក្លាយ​ទៅជា​ចំណុច​ខ្សោយ​វិញ។ តាម​ពិត​ទៅ ចំណុច​ខ្លាំង​បំផុតរបស់​មនុស្ស ពោល​គឺសេចក្តី​ក្លា​ហាន​តែង​តែ​រីក​ចម្រើន​នៅ​លើ​ភាព​ទន់​ខ្សោយ។

 

លោក Richard Branson បាន​ទទួល​បទ​ពិសោធន៍​ពីលទ្ធផល​នៃ​ភាព​ខ្លាំង ហើយ​បន្ទាប់​មក​ក៏ធ្វើ​ការ​ជាមួយ​ភាព​ទន់​ខ្សោយ​ជាច្រើន។ លោក​បាន​ដឹងថា​លោក​មាន​ជំងឺពិបាក​អាន​អក្សរ​ដែល​ធ្វើឱ្យ​លោក​រៀន​​​មិនបាន​ល្អ​នៅ​ក្នុង​សាលា ប៉ុន្តែ​មិន​មែន​ជា​លោក​ខ្វះ​ប្រាជ្ញា​នោះ​ទេ។ ឧបសគ្គនេះ​បាន​នាំរូប​លោក​ឱ្យស្វែង​រក​ភាព​សាមញ្ញៗ​ក្នុង​ការ​ប្រថុយ​ធ្វើ​មុខជំនួញ។ ជាង​នេះ​ទៅ​ទៀត លោក Branson ក៏ដឹង​ថា​តាម​រយៈ​ការ​សេព​គប់​មនុស្ស​ដែល​មាន​ទេព​កោសល្យ លោក​អ្នក​ខ្ចីដៃ​គេ​មក​ធ្វើការ​បាន​យ៉ាង​ល្អ។

 

៥/ ការចេះ​យល់​ចិត្តអ្នក​ដទៃ​ជួយ​បង្កើន​ឱកាស​លោក​អ្នក​ឱ្យ​ជោគជ័យ

ការចេះយល់​ចិត្ត​អ្នក​ដទៃ​ពិត​ប្រាកដ​ជា​ការមាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង។ បើយើង​ដឹង​ខ្លួន​យើង​ជា​នរណា និង​ដឹង​ច្បាស់​ថា​យើង​ចង់​បាន​អ្វី យើង​នឹង​អាច​យល់​អំពី​អ្នក​ដទៃ​បានកាន់​តែ​ច្បាស់​ដែរ ហើយ​បង្កើត​ទំនាក់​ទំនង​ជាមួយ​គេ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព បើ​ទោះ​ជា​មនុស្ស​ម្នាក់ៗ​មាន​ចំណង់​ចំណូល​ចិត្ត​និង​​របៀប​របប​ខុស​គ្នា​ខ្លះ​ក៏​ដោយ។

 

នៅក្នុង​របៀប​ស្រដៀង​គ្នា​នេះ​ដែរ យើង​នឹង​អាច​ជ្រើស​រើស​ដៃគូ សម្ព័ន្ធ​មិត្ត និង​បុគ្គលិក​ដោយ​មាន​គោល​បំណង​ច្បាស់​លាស់។ កត្តា​ទាំង​អស់នេះ​នឹង​ជួយ​យើង​ឱ្យចេះ​កំណត់ឱកាស​ដែល​មើល​មិន​ឃើញ​ក្នុង​ពេល​កន្លង​មក និង​ដោះស្រាយ​បញ្ហា​ដែល​កន្លង​មក​ដោះស្រាយ​មិន​បាន។ លោក Nelson Mandela បាន​ប្រើប្រាស់​គោល​ការណ៍​នេះ​ក្នុង​កម្រិតខ្ពស់​តាម​រយៈ​ការ​ប្រឡូក​ជម្នះ​ក្នុង​ឆាក​នយោបាយ​ដើម្បី​បញ្ចប់​របប​គ្រប់​គ្រង​បែង​ចែក​ក្នុង​ប្រទេស​អាព្រិច​ខាង​ត្បូង។ ក្រោយ​ពីជាប់​ពន្ធនា​គារ​អស់​២៧ឆ្នាំ សមត្ថភាព​របស់លោក Mandela ដើម្បី​បង្កើត​ទំនាក់​ទំនង​ក្នុង​របៀប​យល់​ចិត្តអ្នក​ដទៃ​បាន​អនុញ្ញាត​ឱ្យលោក​បង្កើត​សម្ព័ន្ធ​នយោបាយ​មួយ​ដែល​មាន​អ្នក​នយោបាយ​ចម្រុះ​ពណ៌​សម្បុរ​យ៉ាងជោគ​ជ័យ។

 

ប្រែសម្រួល៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម