ជីវិត&អាជីវកម្ម | January 10, 2019

ហេតុផលដែលត្រូវចាប់ផ្តើមហាត់ប្រាណនៅកន្លែងធ្វើការ

លោកអ្នក​ដឹងថា​លោក​អ្នក​គួរតែ​ហាត់​ប្រាណ។ ប៉ុន្តែ​អ្វី​ដែល​លោក​អ្នក​ប្រហែល​មិន​ដឹង​នោះ​គឺថា​លោក​អ្នក​ត្រូវការ​ហាត់​ប្រាណ​នៅ​កន្លែង​ធ្វើការ និង​ហាត់​ប្រាណ​នៅ​ពេល​ធ្វើការ។​ បំណង​ល្អ​របស់​មនុស្ស​អាច​នឹង​រលាយ​បាត់​ទៅក្នុង​គំនរ​នៃ​ភាព​មមាញឹក​ពី​ការងារ ធាតុ​អាកាស​មិនល្អ និង​ភាព​សុខ​ស្រួល​នៃ​កន្លែង​ធ្វើការ។

 

 

ចុះបើ​មិន​ចាំបាច់​ទៅ​កន្លែង​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ ហើយ​ចាប់​ផ្តើម​ហាត់​ប្រាណ​នៅក្នុង​ការិយាល័យ​តែ​ម្តង តើយ៉ាង​ម៉េច​ដែរ? ហាត់​ប្រាណ​នៅក្នុង​កន្លែង​ធ្វើការ​មិនត្រឹម​តែ​ជួយ​សន្សំ​ពេល​លោក​អ្នក​ទេ វាក៏​ជា​មធ្យោបាយ​អស្ចារ្យ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ទៀត​ផង នេះបើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​សកលវិទ្យាល័យ​នៅ​អង់គ្លេស។ យ៉ាង​ហោច​ណាស់​មាន​ហេតុផល​មួយ​ចំនួន​ដែល​ល្អក្នុង​ការ​ចាប់​ផ្តើម​ហាត់​ប្រាណ​នៅ​កន្លែង​ធ្វើការ​៖

 

១/ លំហាត់ប្រាណរយៈពេលខ្លីៗមានប្រយោជន៍ខ្លាំងណាស់

ក្នុងពេលដែល​មាន​ការសិក្សា​ជាច្រើន​ប្រៀប​ធៀប​កម្រិត​មធ្យម​ភាគ​នៃ​សុខ​ភាព អារម្មណ៍​អន្ទះសា គំនិត​ច្នៃប្រឌិត និង​ផលិត​ភាព​របស់​មនុស្ស​ដែល​ហាត់​ប្រាណ ជាមួយ​នឹងមនុស្ស​ដែល​មិន​ហាត់​ប្រាណ ការសិក្សា​មួយ​របស់​លោក Coulson បាន​ផ្តោត​លើការ​វាស់​ស្ទង់​របៀប​នៃ​ការ​បង្កើន​កម្រិត​សកម្មភាព​មាន​ឥទ្ធិពល​លើ​បុគ្គល​ម្នាក់ៗ។ បើ​លោក​អ្នកមាន​ចលនា​ច្រើន តើមាន​អ្វី​ប្រែ​ប្រួល​ក្នុង​អារម្មណ៍​និង​របៀប​ធ្វើការ​របស់​លោក​អ្នក?

 

លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ថា លំហាត់​ប្រាណ​ជួយ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​យើង​ចំពោះ​ការងារ ក្រុម​ការងារ និង​ខ្លួន​យើង។ វាធ្វើ​ឱ្យ​យើង​មាន​គំនិត​វិជ្ជ​មានកាន់​តែ​ច្រើន និង​មាន​ផលិត​ភាព​កាន់តែ​ខ្ពស់​តាម​រយៈ​ការ​បង្កើន​កម្រិត​ផ្តោត​ចិត្ត​និង​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ពេល​វេលា​និង​កិច្ចការ​ឱ្យកាន់​តែ​មាន​ប្រសិទ្ធភាព។ លើស​ពីនេះ​លំហាត់​ប្រាណ​ជួយ​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​ស្រស់​ស្រាយ​និង​ភាព​ស្វាហាប់​នៅ​ចំពោះ​មុខ​ស្ថាន​ភាព​តាន​តឹង​អារម្មណ៍។

 

២/ លំហាត់ប្រាណ​ជួយ​បង្កើន​កម្រិត​ការងារ​ជាក្រុម

ឥទ្ធិពលនៃ​អារម្មណ៍​វិជ្ជមាន​ពីការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​មាន​នៅ​ក្នុង​កម្រិត​បុគ្គល​ម្នាក់ៗ​ទេ ប៉ុន្តែ​ក្រុម​ការងារ​ទាំងមូល​ក៏អាច​ទទួល​បាន​អត្ថប្រយោជន៍​ពីការ​បង្កើន​ភាពសកម្ម​នៅក្នុង​ពេល​ធ្វើ​ការ​ដែរ។ ការសិក្សា​បាន​រកឃើញ​ថា​នៅ​ថ្ងៃ​ណា​ដែល​សមាជិក​ក្រុម​ការងារ​ហាត់​ប្រាណ​នៅ​កន្លែង​ធ្វើការ ក្រុម​ការងារ​នោះ​មាន​អារម្មណ៍​អត់​ធ្មត់​និង​វិជ្ជ​មានច្រើន​ចំពោះ​មិត្តរួម​ការងារ។ ជា​លទ្ធផល​ទំនាក់​ទំនង​ល្អ​នៅ​កន្លែង​ធ្វើការ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង ដែល​ជាភស្តុតាង​បញ្ជាក់​ថា​លំហាត់​ប្រាណ​នៅ​កន្លែង​ធ្វើការ​ជា​គន្លឹះ​ក្នុងការ​បង្កើត​ឥទ្ធិពល​ល្អក្នុង​ក្រុម​ការងារ។ 

 

ការបន្ថែម​លំហាត់​ប្រាណ​តែបន្តិច​ទៅក្នុង​ពេល​ធ្វើការ​មាន​ឥទ្ធិពល​វិជ្ជមាន​ជាពិសេស​លើ​បុគ្គលិក​ដែល​ជួប​បញ្ហា​អារម្មណ៍​អន្ទះ​សា​និង​សម្ពាធ​អារម្មណ៍ ជា​បាតុភូត​ដែល​កើត​ឡើង​ញឹក​ញាប់​នៅក្នុង​កន្លែង​ធ្វើការ។

 

៣/ មិនចាំបាច់​ចេញ​ពី​បន្ទប់​ការិយាល័យ​ក៏​ហាត់​ប្រាណ​បានដែរ

តាម​ពិតទៅ យោង​តាម​ការសិក្សា​មួយ​ទៀត លោក​អ្នក​ប្រហែល​មិនចាំ​បាច់​ដើរ​ចេញ​ពីតុ​ធ្វើការផង​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពីការ​ហាត់​ប្រាណ​នៅ​នឹង​កន្លែង​ធ្វើការ។ ការពិសោធន៍​រយៈ​ពេល​មួយ​ឆ្នាំ​នៅក្រុម​ហ៊ុន​សេវា​ហិរញ្ញវត្ថុ​មួយ​បាន​បញ្ជាក់​ចំពោះ​ការអះអាង​ខាង​លើ​នេះ។ ក្រុម​អ្នក​សិក្សា​បាន​ផ្តល់​ជម្រើស​ឱ្យបុគ្គលិក​អ្នក​ចូល​រួម​ទាំង​អស់​ក្នុង​ក្រុមហ៊ុន​ធ្វើការ​ដោយ​ប្រើប្រាស់​តុនិង​កៅអី​ដូចក​ន្លែង​ទូទៅ និង​ធ្វើ​ការដែល​ត្រូវ​ដើរ​ចុះ​ឡើង​ក្នុង​ល្បឿន​មធ្យម។

 

មុនដំបូង​ប្រសិទ្ធភាព​ការងារ​ធ្លាក់​ចុះ​ដោយ​សារ​បុគ្គលិក​មិន​សូវ​ស៊ាំនឹង​របៀប​ធ្វើការ​ថ្មីនេះ ប៉ុន្តែ​មិន​យូរប៉ុន្មាន​រឿង​អស្ចារ្យក៏​បាន​កើត​ឡើង។ ប្រសិទ្ធភាព​ការងារ​បាន​កើន​ឡើងស្ទើរ​តែគ្រប់​ផ្នែក ទាំង​គុណភាព​និង​បរិមាណ ហើយ​សូម្បីតែ​របៀប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​នឹង​មិត្តរួម​ការងារ​ក៏ប្រសើរ​ឡើង​ដែរ។

 

តើមានអ្វី​ជា​អាថ៌កំបាំង​នៅ​ពីក្រោយ​ហេតុផល​ល្អៗ​ទាំង​នេះ? ធ្វើលំហាត់​ប្រាណ​នៅ​ពេល​ធ្វើការ​ពិត​ជាអាច​ទៅរួច ហើយ​មាន​ទាំង​អត្ថប្រយោជន៍​ចំពោះ​ផលិត​ភាព កិច្ច​សហ​ការ និង​អារម្មណ៍​របស់​អ្នក​ធ្វើការ​ផ្ទាល់​ទៀត​ផង។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម