ជីវិត&អាជីវកម្ម | January 10, 2019

គន្លឹះប្រើប្រាស់បញ្ជីផែនការដើម្បីក្លាយជាសហគ្រិនអស្ចារ្យ

ភ្នែករបស់​លោក​អ្នក​ប្រហែល​សម្លឹង​ច្រើន​លើ​កញ្ចក់​កុំព្យូទ័រ​និង​កញ្ចក់​ទូរសព្ទ​ទាំង​ដើម្បី​ការងារ​និង​ការ​កម្សាន្ត ប៉ុន្តែ​ទម្លាប់​នៅ​ជាប់​ជាមួយ​បច្ចេក​វិទ្យា​ទំនើប​គ្រប់​ពេល​បែប​នេះមិន​សូវល្អ​ប៉ុន្មាន​ទេ​សម្រាប់​សុខភាព​និង​ប្រសិទ្ធ​ភាព​ការងារ។ នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​បច្ចេក​វិទ្យា​មាន​នៅ​ស្ទើរតែ​គ្រប់​ផ្នែក​នៃ​កិច្ចការ​ដែល​យើង​ធ្វើ​នេះ​ សៀវភៅ​បញ្ជីផែន​ការ​ការងារ​អាច​ជា​មធ្យោបាយ​សម្រាក​ដ៏​ប្រសើរ​សម្រាប់​ភ្នែក។ ការចេះ​ប្រើប្រាស់​សៀវ​ភៅ​រៀប​ចំ​បញ្ជី​ការងារ​នឹង​ជួយ​លោក​អ្នក​ឱ្យក្លាយ​ជា​សហគ្រិន​កាន់​តែ​អស្ចារ្យ បើ​អនុវត្ត​តាមរបៀប​ខាង​ក្រោម​នេះ៖

 

 

១/ កត់ត្រា​អ្វីៗ​គ្រប់​យ៉ាង​ដែល​បាន​ជួប​និង​នឹក​ឃើញ  

សកម្មភាព​នៃ​ការសរសេរ​ប្រៀប​ដូច​ជា​លំហាត់​ផ្លូវ​ចិត្តដែរ ហើយ​ការសិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​លោក​អ្នក​នឹង​ចង​ចាំរឿង​បាន​ច្រើន​នៅពេល​សរសេរ​លើ​ក្រដាស។ ចំណាយ​ពេលសរសេរ​គ្រប់​ការជួប​ប្រជុំ ភារកិច្ច និង​គោល​ដៅ​ជាការ​វិនិយោគ​ពេល​វេលា​ដ៏ត្រឹម​ត្រូវ​និង​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​ខ្លួន។ វានឹង​ជួយ​សន្សំពេល​លោក​អ្នក​នៅ​ថ្ងៃបន្ទាប់​ទៀត។

 

គ្មានកិច្ច​ការណា​ដែល​តូច​តាច​ពេក​រហូត​ដល់​មិន​អាច​កត់​ត្រា​ទុក​ក្នុង​សៀវភៅ​នោះ​ទេ ប្រសិន​បើ​លោក​អ្នក​មិន​ចង់​ភ្លេច​រឿង​នោះ។ សរសេរ​គំនិត​ដែល​នឹក​ឃើញ​នោះ​ភ្លាម រួចអនុវត្ត​នៅ​ពេល​ក្រោយ។ ទម្លាប់​ល្អ​ដែល​គួរ​អនុវត្ត​គឺត្រូវ​ចំណាយ​ពេល​ខ្លះ​នៅ​ពេល​ល្ងាច ឬមុន​ពេល​ចូល​គេង​ដើម្បី​រៀបចំ​ផែន​ការ​និង​កត់ត្រា​កិច្ចការ​ត្រូវធ្វើ​នៅ​ថ្ងៃ​បន្ទាប់។ ធ្វើបែប​នេះ​លោក​អ្នក​នឹង​មាន​ពេល​ទំនេរ​ច្រើន​ដោយ​មិន​ចាំ​បាច់​ខ្វល់​នឹក​រកថា​ត្រូវ​ធ្វើអ្វី​ខ្លះ​នៅ​ពេល​កំពុង​តែ​រវល់។

 

២/ ប្រើប្រាស់​បញ្ជី​កត់ត្រា​ការងារ​ដើម្បី​បង្កើត​គោល​ដៅ​ប្រចាំ​ខែ

បើលោក​អ្នក​ត្រូវរៀប​ចំ​ផែន​ការ​ការងារ​រាល់ថ្ងៃ លោក​អ្នក​ក៏គួរតែ​គិត​អំពី​ផែន​ការ​ការងារ​ប្រចាំ​ខែ​ដែរ។ កត្តា​គន្លឹះ​មួយ​សម្រាប់​សហគ្រិន​គឺត្រូវ​កំណត់​គោល​ដៅ​រួច​ហើយ​បោះជំ​ហាន​ទៅ​ធ្វើឱ្យ​គោល​ដៅ​ទាំងនោះ​ក្លាយ​ជា​ការពិត។ ចំណាយ​ពេល​ខ្លះ​នៅចុង​ខែ​នីមួយៗ​ដើម្បី​សម្រេច​ចិត្ត​ថា​លោក​អ្នក​ចង់​សម្រេច​ឱ្យបាន​អ្វីខ្លះ​នៅខែ​បន្ទាប់ រួច​ហើយ​កត់​ត្រាទុក​នៅក្នុង​សៀវភៅ​បញ្ជី​ការងារ។

 

ការសិក្សាថ្មីៗ​មួយ​របស់​សកលវិទ្យាល័យ Dominican អះអាង​បញ្ជាក់​ថា​ការ​កត់​ត្រា​គោលដៅ​ទុក​ធ្វើ​ឱ្យគោលដៅ​នោះ​មាន​លទ្ធភាព​ច្រើន​ដើម្បី​ក្លាយ​ជាការ​ពិត។ គោល​ដៅ​ទាំងនោះ​អាច​ជារឿង​ទាក់​ទង​នឹង​ពាណិជ្ជកម្ម ហើយ​ក៏អាច​ជារឿង​ផ្ទាល់​ខ្លួន​ដែរ។ លោក​អ្នក​មិនមែន​ជា​មនុស្ស​ដាច់​ដោយ​ឡែក​ឆ្ងាយ​ពី​ពាណិជ្ជ​កម្ម​របស់​លោក​អ្នក​ទេ។ លោក​អ្នក​ជាផ្នែក​សំខាន់​មួយ​នៃ​ពាណិជ្ជ​កម្ម​នោះ ដូច្នេះ​ហើយ​ការបង្កើត​គោលដៅ​ដែល​អាច​អនុវត្ត​បាន​មាន​សារៈ​សំខាន់​ទាំង​សម្រាប់​ពាណិជ្ជ​កម្ម​និង​សម្រាប់​រូប​លោក​អ្នក​ផ្ទាល់។

 

៣/ ធ្វើឱ្យសៀវភៅបញ្ជីផែនការការងារក្លាយជាវត្ថុជំរុញចិត្ត

សៀវភៅបញ្ជី​ផែន​ការការងារ​មិ​នមែន​គ្រាន់​តែ​ជា​កន្លែង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​គោល​ដៅ និង​មើល​ពេល​វេលា​ដែល​លោក​អ្នក​ត្រូវការ​ដើម្បី​ទៅដ​ល់​ចំណុច​ណា​មួយ​នោះ​ទេ។ វាគួរ​តែ​ជាកន្លែង​ដែល​ផ្ទុក​វត្ថុជំរុញ​ទឹក​ចិត្តរបស់​លោក​អ្នក​ដែរ។ បន្ថែម​ពីលើ​បញ្ជី​ការងារ​ដែល​ត្រូវធ្វើ​ប្រចាំ​ខែ លោក​អ្នក​ក៏គួរតែ​សរសេរ​ពាក្យ​ពេចន៍​ល្អ ឬសម្រង់​សម្តី​ទាក់​ទង​នឹង​ការងារនោះ​ដើម្បី​ពិចារ​ណា​ដែរ។

 

ការកំណត់​បង្កើត​កម្លាំង​ចិត្ត​ប្រចាំ​ខែ​មាន​ភាព​ងាយ​ស្រួល​អនុវត្ត​និង​សាមញ្ញ​ជាង​ការ​តាំង​ចិត្ត​ប្រចាំ​ឆ្នាំ​ទៅ​ទៀត។ សរសេរ​រឿងរ៉ាវ​ដែល​បង្កើត​សុភមង្គល​ក្នុង​ជីវិត​របស់​លោក​អ្នក រឿងរ៉ាវ​ដែល​លោក​អ្នក​ចង់​បដិសេធ​មិន​ព្រម​ធ្វើ ទម្លាប់​ដែល​ជួយ​ឱ្យលោក​អ្នក​មាន​សុខភាព​ល្អ។ល។

 

ប្រែសម្រួល៖ វេហា

ប្រភព៖ Entrepreneur

មតិយោបល់

អត្ថបទពេញនិយម