ព័ត៌មាន | August 25, 2015

កក្តា​ចម្បង​៣ ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​អាស៊ី ធ្លាក់​ចុះ​យ៉ាង​គំហុគ​នៅដើម​សប្តាហ៍​នេះ

ទីផ្សារភាគ​ហ៊ុនក្នុង​តំបន់អាស៊ីបានធា្លក់ចុះ ក្នុងចំនុច​មួយ​គួរឲ្យ​ព្រួយបារម្ភ នៅ​ព្រឹក​ដើម​សប្ដាហ៍​នេះ ដោយទំហំនៃ​ការ​លក់​ចេញ​ក្រុម​ហ៊ុន​ធំៗ របស់ប្រទេសជប៉ុន ចិន អូស្ត្រាលី ធា្លក់ចុះមក​នៅ​ក្រោម​១០ភាគរយ ស្របពេល​ដែល​ទី​ផ្សារ​ភាគ​ហ៊ុនពិភពលោក បរាជ័យក្នុង​ការ​ជុំរុញ​កំណើន​ពាណិជ្ជកម្ម​សម្រាប់​ដើម​សប្តាហ៍នេះ។

ទីផ្សារហ៊ុន Shanghai បាន​ចាប់​ផ្តើមខាត​បង់​មកនៅត្រឹម ៨.៥ភាគរយ បន្ទាប់ពីចាប់​ផ្តើម​ដាក់​លក់​នៅ​ព្រឹកថ្ងៃច័ន្ទ ដែល​តួលេខ​ស្ថិត​ក្នុង​ចំណុចទាប​មួយ នៃគោលដៅ​ប្រចាំឆ្នាំ​ របស់ខ្លួន។ បណ្តាក្រុមហ៊ុនធំៗជាច្រើន ក្នុង​ទីផ្សារ​ភាគ​ហ៊ុន Shanghai រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុនរបស់រដ្ឋផង​នោះ គឺកំពុង​ធ្លាក់​ចុះ​ប្រមាណ​ ១០ភាគរយដូច​គ្នា។

ដោយឡែកទីផ្សារ​ហ៊ុន Shenzhen របស់ចិន បានអះអាងថា មានការ​ធ្លាក់​ចុះប្រមាណ​ច្រើនជាង ៧.៥ភាគរយ។

នៅ​ក្នុងប្រទេស​ជប៉ុនឯណោះ​វិញ ទីផ្សារហ៊ុន Nikkei បានធ្លាក់​ចុះ​ដូច​គ្នា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ មកនៅ​ត្រឹម ៣.២ភាគរយ ខណៈទីផ្សារ​ហ៊ុន ASX All Ordinaries ក្នុងប្រទេសអូស្ត្រាលី ធ្លាក់មកនៅ ៣.៦ភាគរយ។ រីឯទី​ផ្សារ​ហ៊ុន KOSPI នៅកូរ៉េខាងត្បូង ធ្លាក់​ចុះ​អស់ ២.៥ភាគរយដូចគ្នា។

អ្នកវិភាគ​និយាយថា ទីផ្សារ​ហ៊ុននៅ​អាស៊ីចាប់​ផ្តើមធ្លាក់​ចុះ​នៅ​ដើម​សប្ដាហ៍​នេះ​ បណ្តាល​មក​ពី​រូបិយប័ណ្ណ នៃបណ្តា​ប្រទេស​ក្នុងទ្វីប​អាស៊ីបន្តធ្លាក់ចុះ ដែល​ជាឥទ្ធិពលពីកំណើនរូបិយប័ណ្ណ​ប្រាក់​ដុល្លារ​នៅ​លើ​ទី​ផ្សារ​ភាគ​ហ៊ុន​ពិភព​លោក។

កក្តាចំបងចំនួន ៣ ដែលធ្វើឲ្យភាគហ៊ុននៅលើ​ទីផ្សារអាស៊ីធា្លក់​ចុះជាបន្តបន្ទាប់រួម​មាន​៖

១- បណ្តាលមកពីក្តី​បារម្ភ ទៅនឹងកំណើន​សេដ្ឋកិច្ច​យឺតយ៉ាវក្នុងប្រទេសចិន ដែលផ្ទុយ​ទៅនឹង​ការ​ព្យាករណ៍ របស់ក្រុម​អ្នក​វិភាគ​សេដ្ឋកិច្ច។

២- ភាពមិនប្រាកដ​ប្រជា ពីស្ថាប័នសេដ្ឋកិច្ចជាតិអាមេរិក U.S. Federal Reserve ដែល​កំពុង​បង្កើនអត្រាពន្ធគោល ក្នុងប្រទេស​របស់​ខ្លួន។

៣- ផលប៉ះពាល់ពីការធ្លាក់​ចុះ នៃតម្លៃ​ប្រេង​ឆៅ​យ៉ាង​គំហុគ​នៅ​លើ​ទីផ្សារ​ពិភពលោក ដែល​បច្ចុប្បន្នប្រេង​ឆៅនៅលើ​ទីផ្សារ​ មានតម្លៃប្រមាណ ៤០ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល គឺស្ថិត​ក្នុងតម្លៃទាប​បំផុត សម្រាប់​រយៈ​ពេល​ ៦ឆ្នាំ​ចុង​ក្រោយ​នេះ៕

ប្រែ​សម្រួល៖ ភា

ប្រភព៖ CNN​

មតិយោបល់

អត្ថបទពេញនិយម