ព័ត៌មាន | August 25, 2015

ADB និង​ WB ​សរសើរ​សេដ្ឋកិច្ច​កម្ពុជា​ ថា​មាន​សក្តានុពល​ខ្ពស់​ទៅ​ក្នុង​សមាហរណកម្ម​អាស៊ាន

 

ស្របពេលដែលសមាហរណកម្ម​អាស៊ាន កំពុងលេចរូបរៀង​ជាបណ្តើរៗ ដែលរំពឹងថា នឹង​អាច​បង្កើតជាផ្លូវ​ការនា​ដំណាច់​ឆ្នាំ​២០១៥​នេះ កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា ជា​ប្រទេស​ប្រកបដោយ​សកក្តានុពល​មួយ​ក្នុង​តំបន់ សម្រាប់​​វិនិយោគិន​បរ​ទេស ដូចជា​វិស័យ​វាយ​នភ័ណ្ឌ កសិកម្ម កសិឧស្សាហកម្ម និងវិស័យទេសចរ​ជាដើម ដែល​កំពុង​មាន​កំណើន​ស្ទុះ​ឡើង​យ៉ាង​គំហុគ​ អំឡុង​មួយ​ទស​វត្សចុង​ក្រោយនេះ។

ទោះជាស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​នេះ ស្ថិតក្នុងភាព​ចម្រូង​ចម្រាស់​បន្តិចក្តី មិន​បាន​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ថេររបស់​កម្ពុជានោះ។

ជាមួយ​នឹង​កំណើនសេដ្ឋកិច្ចជាមធ្យមជាង ៧​%​ក្នុង​មួយ​ឆ្នាំ​ កម្ពុជាត្រូវ​បាន​ស្ថាប័ន​សេដ្ឋ​កិច្ចកំពូល​របស់ពិ​ភព​លោក​ចំនួន​២ កោតសរសើរជាខ្លាំង ទៅ​លើ​ជោគ​ជ័យ​ស្របជា​មួយ​គោល​នយោ​បាយ​ប្រទេស​មួយ​នេះ ​ក្នុង​ការជុំរុញ​សេដ្ឋកិច្ចជាតិ​របស់ខ្លួនឲ្យឈរក្នុងចំណុចវិជ្ជមានមួយ ជាពិសេសគឺការកាត់បន្ថយភាពក្រីក្រដែល​ជាគោលដៅអាទិភាពក្នុងយុទ្ធសាស្ត្រ​សេដ្ឋកិច្ច​កម្ពុជា។

The-PP-Times137

ធនាគារពិ​ភពលោក​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចេញ​របាយ​ការណ៍​មួយ​វាយ​តម្លៃ​ទៅ​លើ​សេដ្ឋ​កិច្ច​កម្ពុជា ​ដោយបាន​សរសើរ​ពី​លំនឹង​ភាព​សេដ្ឋកិច្ចប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈវិស័យ​ធំ​ៗ​មួយ​ចំនួនទៀត​កំពុង​តែ​មាន​សន្ទុះ​វិជ្ជមាន។

ក្នុងរបាយ​ការចេញផ្សាយ​កាលពី​ពេលថ្មីៗ ធនាគារពិភពលោក​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា មាន​ការ​កើនឡើងប្រមាណ ៧ភាគរយ កាលពីឆ្នាំ ២០១៤ ខណៈឆ្នាំ ២០១៥ និង ២០១៦ រំពឹងថា អាចកើនប្រមាណ​ត្រឹម ៦.៩%។ កំណើន​សេដ្ឋកិច្ចថេរ​របស់​កម្ពុជា គឺ​ផ្អែក​ទៅ​លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន រួម​មាន​វិស័យ​វាយនភ័ណ្ឌ (កាត់ដេរ) កសិកម្ម-កសិឧស្សាហកម្ម រួមនឹងវិស័យ​ទេសចរណ៍ ដ៏មានសក្តានុពលរបស់​ប្រទេស​នេះ សម្រាប់​ទីផ្សារ​ទេចរណ៍ពិភពលោក ។ ជាមួយ​គ្នានេះ វិស័យធំ​ៗ​មួយ​ចំនួនទៀត ដូចជា ស្ថាបត្យកម្ម និងធនាគារ ក៏កំពុង​មាន​សន្ទុះ​កើន​ឡើង​គួរឲ្យគត់សម្គាល់ផងដែរ។

ដោយឡែក​ខុស​ទៅនឹង​របាយការណ៍​ដែល​ចេញ​ដោយ​ធនាគារពិភព​លោក​បន្តិច ដៃ​គូរ​អភិវឌ្ឍន៍ធំមួយ​របស់​កម្ពុជា គឺធនាគារអភិវឌ្ឍន៍អាស៊ី ADB បានចេញ​នូវ​របាយការ​ណ៍​វាយតម្លៃមួយបង្ហាញ​ថា ស្របពេល​ដែល​កម្ពុជា​កំពុងមានកំណើនសេដ្ឋកិច្ច​ថេរ ៧% កាលពីឆ្នាំ​ ២០១៤នោះ កម្ពុជាអាចនឹង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧.៣%ក្នុងឆ្នាំ​២០១៥​ និង ៧.៥%នៅឆ្នាំ​ ២០១៦​ខាង​មុខ ។

ការវាយ​តម្លៃ​នេះ ​ធ្វើ​ឡើង​ផ្អែកតាមសន្ទុះកើន​ឡើង​ការនាំ​ចេញ​ផលិផល​វាយនភ័ណ្ឌ (សំលៀកបំពាក់ និងស្បែកជើង) ពី​កម្ពុជាទៅកាន់​ទី​ផ្សារ​ក្នុង​តំបន់អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តា​ប្រទេស​ធំ​ៗ​មួយ​ចំនួន​ទៀត មានទំហំ​ទឹក​​ប្រាក់​ប្រមាណ ៦ពាន់លាន​ដុល្លារ​អាមេរិក ដែល​តួលេខ​នេះ​កើន​ប្រមាណ​ ១០.៧% បើធៀបទៅនឹង​ឆ្នាំ​កន្លងទៅ។

The-PP-Times242

ជាមួយគ្នានេះ វិស័យស្ថាបត្យកម្ម កាន់តែទទួលទំនុកចិត្ត ពីក្រុមវិនិយោគិនបរទេស ធ្វើឲ្យអគារធំៗលេច​រូប​រាង​ជា​បន្ត​បន្ទាប់​ក្នុង​ប្រទេស​នេះ។

ធនាគារ ADB បញ្ជាក់ទៀតថា វិស័យធនាគារនៅ​កម្ពុជា មានការ​កើន​ឡើងប្រមាណ ជាង១ភាគ៣ ស្មើនឹង ៣៤.៣ភាគរយ ខណៈវិស័យឧស្សាហកម្ម កើនបានប្រមាណ ៩.៨ភាគរយ។

តាមការ​ព្យាករណ៍នៃស្ថាប័នធនាគារធំៗទាំងពីរនេះ បង្ហាញថា កម្ពុជាអាចក្លាយ​ជាទិសដៅវិនិយោគសេដ្ឋកិច្ច ដ៏មានសក្តានុពលមួយក្នុងតំបន់ បន្ទាប់​ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានលេចរូបរាង​ជាផ្លូវការ។

 

អត្ថបទ៖ ភា

មតិយោបល់

អត្ថបទពេញនិយម