លោក​ខាង​កើត | December 06, 2018

បច្ចេកវិទ្យាថ្មី ជួយលើកស្ទួយ​ដល់វិធីធ្វើកសិកម្ម​ ឆ្លាតវៃ នៅតំបន់ខាង​ត្បូងប្រទេស​ចិន

កសិករនៅតំបន់ គ័ងស៊ី (Guangxi) ភាគខាងត្បូង​ប្រទេសចិន បានងាកមកប្រើ​បច្ចេកវិទ្យាថ្មីៗសម្រាប់គ្រប់គ្រង​ចំការនិងបង្កើនភាពច្បាស់លាស់​នៃការដាំដំណាំ​។ ធ្វើបែបនេះ ម្ចាស់​កសិដ្ឋាន អាចកាត់បន្ថយការ​ចំណាយទៅលើធនធាន ថាមពល និងកម្មករ​ផងដែរ​។

 

 

តំបន់ គ័ងស៊ី ស្ថិតក្នុងចំណោម​តំបន់ដាំចេកដ៏ធំបំផុត​នៅប្រទេសចិន​។ នៅឯកសិដ្ឋានចេកមួយ​ដែលមានទំហំ៣០០ហិចតា គេត្រូវការមនុស្ស​ត្រឹមម្នាក់ និង កម្មវិធីតែមួយ​ប៉ុណ្ណោះនៅក្នុងទូរស័ព្ទដៃ ដើម្បីគ្រប់គ្រង​កសិដ្ឋានទាំងមូល​។ វាជារឿងដែលមិនអាច​ធ្វើទៅរួចនោះទេ កាលពីសម័យមុន​។

 

 

លោក តឹង នីង អ្នកគ្រប់គ្រង ចំការចេក និយាយ​​ថា “កិច្ចការទីមួយ​ដែលខ្ញុំធ្វើប្រចាំថ្ងៃនោះ គឺមិនមែនដើរ​មកចំការនោះទេ​។ គឺខ្ញុំឆែកមើលសារ​ដែលមាននៅក្នុងទូរស័ព្ទដៃ​របស់ខ្ញុំវិញ។ ដោយគ្រាន់តែប្រើ​កម្មវិធីក្នុងទូរស័ព្ទ ខ្ញុំអាច​ដឹងថា ដីនៅផ្នែកណាខ្លះដែលត្រូវ​ការអោយយើងស្រោចទឹក​ ហើយដីណាខ្លះដែល​ត្រូវការដាក់ជី។ ខ្ញុំអាចសម្រេចកិច្ច​ការនេះបាន​ ដោយគ្រាន់តែបញ្ជា​ពីទូរស័ព្ទតែប៉ុណ្ណោះ! វាពិតជា​ងាយណាស់​។ ដូច្នេះបើសិនជាមិនមាន​ការអ្វីចាំបាច់ទេនោះ ខ្ញុំមិនចាំបាច់ដើរ​មកចំការនោះទេ​។”

 

 

 

 

ក្រុមដែលនៅពីក្រោយ​សុហ្វវែរ (Sofrware) នេះ បានបញ្ចូលបច្ចេកវិទ្យា​ទំនើបៗ និង បំពាក់ប្រព័ន្ធ​ចាប់ចលនា ឬ ស៊ែនស័រ ព្រមទាំងប្រព័ន្ធ​ផ្ទុកទិន្នន័យក្នុងលំហរ​អាកាស ឬ ក្លោដ ដ៏ឆ្លាតវៃ ដើម្បីធ្វើអោយកម្ម​វិធីដែលគេបានសរសេរឡើង​អាចយកទៅប្រើបាន​ ច្រើនកាលៈទេសៈ​។

លោក វឹន ពែវថាង ប្រធានក្រុមប្រឹក្សា ក្រុមហ៊ុន Guangxi Jiejiarun Technology Co., Ltd. លើក​ឡើង​ថា “យើងអាចមើលឃើញ​ដោយផ្ទាល់អំពីស្ថានភាពនៃដីគ្រប់ផ្នែក​តែម្ដង ដូចជាកម្រិត​សើម និង សីតុណ្ហភាពនៃ​ដីជាដើម។ យើងបានបង្កើតក្បួន​មួយដ៏ស្មុគស្មាញ ​ដើម្បីគណនាអោយដឹងថា​តើដំណាំមួយ ត្រូវការសារធាតុចិញ្ចឹម​ប៉ុន្មាន ដូចជាធាតុនីដ្រូហ្ស៊ែន ធាតុផូរស្វ័រ ប៉ូតាស្យូម និង ធាតុផ្សេងៗទៀតដែល​មានកំហាប់ទាប​ ចំនួនប៉ុន្មានក្រាមនៅ​ក្នុងមួយថ្ងៃ។ បន្ទាប់មក យើងអាចដាក់សារធាតុចិញ្ចឹម​ទៅតាមតម្រូវការជាក់ស្ដែងរបស់​ដំណាំនោះ ​នៅគ្រប់ដំណាក់កាលតែម្ដង​។”

 

 

 

បច្ចេកវិទ្យានេះធ្វើអោយ​គេអាចដាំដំណាំបានយ៉ាងច្បាស់​លាស់ ដោយសន្សំ​សំចៃ​ថាមពលនិងធនធាន​ផ្សេងៗ​។

លោក ជិន វ័យគ័ង កសិករ និយាយថា “យើងអាចសន្សំសំ​ចៃទឹក បានដល់ទៅជាង៥០​ភាគរយ និងសន្សំជីបានជាង​៣០ភាគរយ ហើយក៏សន្សំលើថ្លៃ​ពលកម្មរបស់កម្មករដែរ​។ កាលពីមុន មនុស្សម្នាក់អាច​មើលការខុសត្រូវចំការ បានត្រឹមតែ២ហិចតា​ប៉ុណ្ណោះ។ តែឥឡូវ យើងអាចកាត់បន្ថយ​ការចំណាយ បានដល់ទៅ២៦០០​ដុល្លារអាមេរិកឯ​ណោះ នៅក្នុងដីមួយ​ហិចតា​។”

 

 

 

ចំការប្រហែល៣ម៉ឺន៣ពាន់​ហិចតានៅតំបន់គ័ងស៊ី កំពុងប្រើប​ច្ចេកវិទ្យានេះ​។ វិធីដាំដំណាំ​ដ៏ច្បាស់លាស់​ កាត់បន្ថយការបំពុល​បរិយាកាសតាមរយៈការកាត់​បន្ថយពេលវេលា​ដែលអ្នកយាមចំការ​ត្រូវចំណាយ​ សម្រាប់ដើរត្រួត​ពិនិត្យមើលដំណាំ និងតាមរយៈការ​ធានាបានថា ដំណាំនីមួយៗ ​ទទួលបានចំនីអាហារ​និងសារធាតុចិញ្ចឹមដែល​វាត្រូវការបានយ៉ាងត្រឹមត្រូវ​ ជាហេតុនាំអោយ​ដំណាំនោះ មានគុណភាពកាន់តែល្អ​។

 

 

 

ដោយហេតុថាបច្ចេកវិទ្យាថ្មីៗ​កំពុងមានកសិករយកទៅប្រើទូទាំង​ប្រទេសចិន វិស័យកសិកម្ម​នៅទីនេះ នឹងទទួលបានទិន្នផល​កាន់តែខ្ពស់​ ដោយកាត់បន្ថយការ​បំពុលបរិយាកាស ព្រមទាំងសន្សំ​ថាមពល និង ធនធានផ្សេងៗ​ផងដែរ​៕

 

ផ្តល់​សិទ្ធិ​ផ្សាយ​ដោយ​៖ CCTV+

មតិយោបល់

អត្ថបទពេញនិយម